នៅសាលាខេត្តកំពត នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានធ្វើពិធីប្រគល់ និងទទួលអំណោយអង្ករសប្បុរសធម៌ពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដែលពិធីនេះបានធ្វើឡើងក្រោមវត្តមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្ត និងម្ចាស់អំណោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ សេង ពុទ្ធិឆាត ជាភរិយា។ អង្គរដែលបានធ្វើពិធីប្រគល់និងទទួលពេលនេះមានចំនួន ១០តោន គឺជាអំណោយសប្បុរសធម៌ក្នុងគោលដៅដើម្បីរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត សម្រាប់ត្រៀមបម្រុងជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះខ្វះខាតជីវភាពគ្រួសារនិងជួបការលំបាក។ ពិសេសក្នុងដំណាក់កាលស្ថានភាពត្រៀមបង្ការប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ហើយបញ្ហានេះជាបន្ទុកលំបាកធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលក៏ដូចពិភពលោកទាំងមូលកំពុងរួមគ្នាដោះស្រាយ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភាភូមិភាគ៣ បានសំដែងក្ដីរីករាយប្រកបដោយទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅរួមចំណែកការងារមនុស្សធម៌ជួយសម្រាលបន្ទុកការលំបាកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាប្រធានដើម្បីយកទៅដោះស្រាយជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តកំពត។ ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសំដែងការកោតសរសើរនិងថ្លែងអំណរគុណដល់សប្បុរសជន គឺឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាអំណោយអង្ករ នាពេលនេះ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបាននិងកំពុងត្រូវការ សម្រាប់យកទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋប្រឈមងាយរងគ្រោះនិងខ្វះខាតជីវភាព នៅមូលដ្ឋាននានាក្នុងខេត្តកំពត ដែលសព្វថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តក៏ដូច រដ្ឋបាលខេត្ត បាននិងកំពុងធ្វើកម្មវិធីមមារញឹកចុះចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងខេត្តជាបន្តបន្ទាប់។
ឯកឧត្តមប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានចាត់ទុកអំណោយអង្ករ នាពេលនេះគឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្តក៏ដូចជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ដើម្បីជាតម្រូវការដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ពិភពលោក ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយការលំបាកនេះ។
ឯកឧត្តម ជាវ តាយ ក៏បានជូនពរដល់ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនិងសហការីដែលបាននាំមកនូវអំណោយអង្ករជូនដល់រដ្ឋបាលខេត្តនាពេលនេះ ឲ្យជួបតែសេចក្ដីសុខគ្រប់ប្រការ ដើម្បីបន្តបំពេញភារកិច្ចបេសកកម្ម ជួយដល់ប្រជាជន និងប្រទេសជាតិក្រោមម្លប់នៃសុខសន្តិភាព ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ឲ្យបានកាន់តែរីកចម្រើនថែមទៀត៕
អត្ថបទៈ លោក សាយ យាវ