រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​ពិភាក្សា លើ​ការងារ​រចនា​ប្លង់​លំអិត​នៃ​ការអនុវត្តន៍ គម្រោង​ប្រព័ន្ធ​ប្រមូល​និង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់​និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​និង​ការគ្រប់គ្រង​សំណល់​រឹង​ក្រុង​កំពត​

នៅ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៩​ ខែមករា ​ឆ្នាំ២០២០ រដ្ឋបាល​ខេត្តកំពត​បា​ន​បើក​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ និង​មន្ត្រី​នៃ​មន្ទីរ ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ជាមួយនឹង​មន្ត្រី​បច្ចេក​ទេស​នៃ​ក្រសួង​ពាក់ព័ន្ធ​និង​អ្នកម៉ៅការ​គម្រោង​ដើម្បី ពិនិត្យ​លើ​វឌ្ឍនភាព​និង ពិភាក្សា​លើ​គម្រោង ក្រោម​អធិបតីភាព​ដឹកនាំ​កិច្ចប្រជុំ​ឯកឧត្តម​ ជាវ តា​យ ​អភិបាល​នៃ​​គណៈ​​អភិបាលខេត្ត​ និង​ឯកឧត្តម ​វង្ស ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​។​ ​មានប្រសាសន៍​ក្នុងឱកាស​បើក​កិច្ចប្រជុំ​នេះ​ឯកឧត្តម ​ជាវ តា​យ​ អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា គម្រោង​ប្រព័ន្ធ​ប្រមូល​និង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់​និង​ប្រព័ន្ធ​លូ​ដោះ​ទឹកភ្លៀង​ និង​ការគ្រប់គ្រង​សំណល់​រឹង​ក្រុង​កំពត​នេះ​គឺជា​គម្រោង​​មួយ​បាន​សិក្សា​វាយតម្លៃ​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ទើបតែ​បានចាប់ផ្ដើម ដំណើរការ​កសាង​ថ្មីៗ​នេះហើយ​កិច្ចប្រជុំ​នៅពេលនេះ គឺជា​លើកដំបូង​ដែល​យើង​ទាំង​អស់​គ្នា ត្រូវតែរួមគ្នា​ពិនិត្យ​ពិភាក្សា​និង​វាយតម្លៃឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ ដើម្បីធ្វើការ​កែលម្អ​ដោះស្រាយ​ឲ្យ​បានសម្រេច​សម្រាប់​ការអនុវត្ត​គម្រោង​​នេះ​ឲ្យ​ទទួល​បាន​លទ្ធផល​ជោគជ័យ​។​

​ឯកឧត្តម​ វង្ស ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បាន​លើកឡើងថា អនុ​គម្រោង​ចំនួន​ពីរ​នេះ​គឺ​ស្ថិតក្នុង​គម្រោង អភិវឌ្ឍ​ក្រុង​របៀង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​ទី​២​ក្រោម​ឥណទាន កម្ចី​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​អនុវត្ត​ក្នុង​ក្រុង​ចំនួន​២ គឺ​ក្រុងព្រះសីហនុ​និង​ក្រុង​កំពត​។ គម្រោង​នេះ​មាន​សារៈសំខាន់​ធំធេង ដែល​អាចជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ទាក់ទាញ​អ្នកវិនិយោគ​ធំៗ ធានាបាន​បរិស្ថាន​អនាម័យ​ស្អាត បំ​បាត់​​​ការបង្ហូរ​ទឹក​កខ្វក់​ចូល​ដៃ​ព្រែក​ឬ​សមុទ្រ បំបាត់​ការបំពុល​ដោយ​កាកសំណល់​រឹង​រាវ​ជាដើម​។ ដូចនេះ​ឯកឧត្តមបានស្មើ​ជំរុញ​ដល់អាជ្ញាធរ​មន្ត្រី​ជំនាញ និង​អ្នក​ពាក់​ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​រួមគ្នា​ព​ន្លឿ​ន ការងារ​អនុវត្ត​អនុ​គម្រោង​ទាំងពី​ឲ្យ​បាន​ឆាប់រហ័ស មុន​កាលកំណត់ ពិសេស​ត្រូវ​សហការ​ដោះស្រាយ​ផលប៉ះពាល់​ឲ្យ​បាន​លឿន ព្រោះ​ឥណទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ADB កំណត់​ត្រឹម​ឆ្នាំ ២០២៣​។ ម្យ៉ាងវិញទៀត​បើ​មាន​បញ្ហា​អ្វីមួយ​ក្នុងករណី​មាន​បណ្ដឹង​គម្រោង​នេះ​ផ្អាក ឬ​ពន្យា​ពេល​ការសាងសង់ ហើយ​បើទោះបីជា​យើង​ធ្វើ​រួចរាល់ ឬ​មិនទាន់​រួចរាល់​ក៏ដោយ ដល់ពេល​កំណត់ ធនាគារ​ត្រូវ​ដក​ថវិការ​ត្រឡប់​ទៅវិញ​។

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ក្រុង​មិនអាច​លិច​ទឹក​បានទេ ជាងនេះទៅទៀត ក្រោយពេល​មាន​បទពិសោធ​នៅ​ក្រុងព្រះសីហនុ​រួចមក មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​នឹង​សហការគ្នា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្រុង​កំពត​មាន​បរិស្ថាន​អនាម័យ​ស្អាត គ្មាន​ការបំពុល​ប៉ុណ្ណោះ​ទេ នៅ​ថ្ងៃទី​៧ ខែ​កម្ភៈ​ខាងមុខនេះ យើង​នឹង​ចេញ​នូវ​គម្រោង​ធំ​មួយ​ថ្មី​ទៀត ដើម្បី​បញ្ចៀស​ការ​ជន​លិច​ក្រុង​កំពត​ឲ្យ​បាន​១០០% នៅមុន​ឆ្នាំ ២០២៣​។​

-​សូមបញ្ជាក់ថា គម្រោង​នេះ​អនុវត្ត​ជា​ពីរ​ដំណាក់កាល គឺ​
-​អនុ​គម្រោង​ទី​១ នៅក្នុង​ក្រុង​កំពត​ក្នុងនោះ​កសាង​នៅ​ប្រព័ន្ធ​ប្រមូល​ និង​អាង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់​និង​ប្រព័ន្ធ​ដោះ​ទឹកភ្លៀង​និង​ការគ្រប់គ្រង​សំណល់​រឹង​ដោយ​​បានចាប់ផ្ដើម​សាងសង់​នៅ​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩ រយៈពេល​៧២០​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២១​ខែតុលា​ឆ្នាំ ២០១៩​ដល់​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ ២០២១​ដែលមាន​ថវិកា​ក្នុង​កិច្ចសន្យា​សាងសង់​ចំនួន​ ៩.៩៦៩៧៧៦,៧៩​ដុល្លារ ។​
-​អនុ​គម្រោង​ទី​២ គឺ​អាង​ប្រព្រឹត្តិកម្ម​សំអាត​ទឹក​កខ្វក់​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក​ញ្ឆែ​ត​ឃុំ​កំពង់​សំរោង​ស្រុក​ទឹកឈូ​ខេត្តកំពត​មិនទាន់បាន​ចុះហត្ថលេខា​នៅឡើយ​ទេ គឺ​ស្ថិត​នៅ​​ស្ថានភាព​រចនា ប្លង់​លំអិត លើ​ផ្ទៃដី​១០​ហិកតា​ដែល​នឹងត្រូវ​បញ្ចប់​នៅ​ចុង​ត្រីមាស​ទី​១ នឹងធ្វើ​ការដេញថ្លៃ​នៅ​ចុង​ត្រីមាស​ទី​២​រយៈពេល​អនុវត្ត​គម្រោង​គឺ​១២​ខែ​៕
​អត្ថ​ប​ទៈ សាយ យាវ​