ឯកឧត្ដម​ ជាវ តា​យ នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ ​និង​ជនពិការចាស់ជរា​ដែល​មកពី​ស្រុក​ចំនួន​៥​ក្នុង​ខេត្តកំពត​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តាវ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង​អាជ្ញាធរមូលដ្ឋាន បាន​នាំយក​នូវ​អំណោយរាជរដ្ឋាភិបាល តាមរយៈមន្ទីរ សង្គម​កិច្ចអតីតយុទ្ធជន​ និងយុវនីតិសម្បទា​ខេត្ត ​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ រងគ្រោះ និង​ជន​ងាយ​រងគ្រោះ ជន ពិការ​ចាស់ជរា ចំនួន ៥០០​គ្រួសារ​មកពី​បណ្ដា​ស្រុក​និង​ក្រុង​ចំនួន ៥ គឺ​ស្រុក​ដងទង់ ស្រុក​ឈូក ស្រុកជុំ​គិរី ស្រុកទឹក​ឈូ និង​ក្រុង​កំពត​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ភូមិ​ល្អាង​ឃុំ​ល្អាង ស្រុកដងទង់ ខេត្តកំពត ។​

​លោកស្រី ព្រំ សុភាព ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​អោយដឹងថា​៖ ប្រជាពលរដ្ឋ​ទាំង ៥០០​គ្រួសារ ដែល​បានមក​ទទួល​អំណោយ​ពេលនេះ គឺ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ៣០​គីឡូ មី​ម៉ា​ម៉ា​១​កេស ត្រីខ​១​យួរ ទឹក​ស៊ី​អី​ុ​វ​១​យួរ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​។

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត​បាន​លើក​បញ្ជាក់ថា​៖ ការនាំ​អំណោយ​យកមក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលនេះ គឺ​បាន​ស្ដែង​អោយឃើញ​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក៏​ដូច​ថ្នាក់ដឹកនាំ​របស់​ខេត្ត ដែល​តែងតែបាន​ខិតខំ​កៀរគរ​ជំនួយ​ផ្សេងៗ ទាំង​ស្មារតី សម្ភារៈ ថវិកា ពី​សប្បុរស​ជនជាតិ អន្តរជាតិ​នានា​ដើម្បី ជួយ​សម្រួល​ដោះស្រាយ​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ពិសេស​ជន​ងាយ​រង​គ្រោះ ស្របទៅនឹង​អា​នុ​សាសន៍​ផ្ដាំផ្ញើ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​មិនត្រូវ​ទុកចោល​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រស់នៅ​គ្មាន​អាជ្ញាធរ​បាន​ជួយ​ដោះស្រាយ​ឡើយ​។

ឯកឧត្ដម ​ជាវ តា​យ អភិបាលខេត្ត​ក៏​បញ្ជាក់ដែរថា​៖ បើទោះបី​អំណោយ​ពេលនេះ មិនបាន​ឆ្លើយតប​តម្រូវការ​នៃ​ទំហំ​ខ្វះខាត​របស់​បងប្អូន តែ​ក៏​អាចជួយ​ដោះស្រាយ​សំរាល​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ​។ ប៉ុន្តែ​បញ្ហាសំខាន់​គឺ​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​ប្រកបការងារ​មុខរបរ​ចិញ្ចឹមជីវិត​ពិសេស គឺ​ការងារ​បង្ករ​បង្កើន​ផល ចិញ្ចឹមសត្វ ដាំ​ដំណាំ រួមផ្សំ​ដើម្បី​បង្កើន​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ​អោយបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

ពាក់ព័ន្ធ​នឹង​បណ្ឌិត​សមរង្ស៊ី​ប្រកាស​វិល​ចូល​ស្រុក​នៅ​ថ្ងៃទី​៩ វិច្ឆិកា ២០១៩​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​លើ​បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ហូប​អំបុក​ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ សូមកុំ​លង់​ជឿ​តាម​ឧបាយកល​របស់​ទណ្ឌិត​សមរង្ស៊ី​ក្នុង​គោលបំណង​បំផ្លាញ​ស្ថេរភាព និង​បង្ក​អសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ភាព​រស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​យើង​។ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បន្ត​បញ្ជាក់ថា ប្រទេសជាតិ​បើ​គ្មាន​សុខសន្តិភាព​ទេ​កុំថាឡើយ​ការអភិវឌ្ឍ​មាន​ភាព​រីកចម្រើន សូម្បីតែ​សិទ្ធិសេរីភាព​នៃ​ការរស់នៅ​ក៏​គ្មាន​ដែរ​។

ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​កុំ​លង់​ជឿ​តាម​ឧបាយកល​របស់​ទណ្ឌិត សម រង្ស៊ី ឲ្យ​សោះ​។ ជាមួយ​ឱកាស​នោះដែរ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​អនាម័យ​សុខភាព គឺ​ត្រូវ​ហូប​ទឹកស្អាត រស់នៅ​ស្អាត​ជាប្រចាំ​នឹងត្រូវ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​អគ្គីភ័យ​កើតឡើង​ផ្សេងៗ​។

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ និង​គ្រឿងញៀន សូមឱ្យ​បង​ប្អូន​​ប្រជាពលរដ្ឋ​ចូលរួម​អប់រំ​ក្រុមគ្រួសារ និង​កូនចៅ​ឲ្យ​ល្អ​ដោយមាន​ការប្រុងប្រយ័ត្ន​គោរព​ច្បាប់​ចរាចរណ៍​នឹង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​