​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន នាំ​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហម​ខេត្ត​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​ដងទង់​ខេត្តកំពត​

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ ២០២០ ​ឯកឧត្តម​បណ្ឌិត ​ប៉ែន ស៊ីម៉ន ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​ប្រ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​ដែល​បាន​អមដំណើរ​ដោយ​ឯកឧត្តម​ ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត ឯកឧត្តម​ ជឹ​ង ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ឯកឧត្តម​លោកជំទាវ​លោក លោកស្រី សមាជិក សមាជិកា សភា​មណ្ឌល​កំពត និង​រាជរដ្ឋាភិបាល និង សមាជិក សមាជិកា​សាខា អនុសាខា ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ ក្រុម ស្រុក ក្នុង​ខេត្ត​។ បាន​អញ្ជើញ​នាំ អំណោយ មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត មាន​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា ដើម្បី​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​និង​ផ្ទះសម្បែង ចំនួន​១២១​គ្រួសារ មកពី​ឃុំ​ចំនួន​៤​ក្នុងស្រុក​ដងទង់​ខេត្តកំពត​។​

​មានប្រសាសន៍ សំណេះសំណាល​ឯកឧត្តម​បណ្ឌិត ​ប៉ែន ស៊ីម៉ន បាន​ពាំនាំ​តាមរយៈ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​ សម្ដេចតេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជាការ​សាកសួរ​សុខទុក្ខ​នឹករលឹក ដោយ​ការអាណិតអាសូរ​និង​សោកស្ដាយ​ជាមួយ​ប្រជាពលរដ្ឋ​ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រក់​។​តាមរយៈ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​នេះ​សម្ដេច​ទាំង​ទ្វេរ ក៏បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ជួបប្រទះ​តែ​នឹង​សេចក្ដីសុខ​គ្រប់ប្រការ ពិសេស​ជៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩ ដ៏​កាច​សាហាវ​។ ដែលជា​និច្ចកាល​គ្រប់​កាលៈទេសៈ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ជួប​ការលំបាក សម្ដេច​​ទាំង​ទ្វេ​តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង​ឬ​ទុកចោល​ឱ្យស្លាប់​ដោយសារ​អត់​ស្បៀងអាហារ ដោយ​មិនបាន​ជួយ​ដោះស្រាយ​ឡើយ​។​

​ពាក់ព័ន្ធ​ នឹង​ការបង្ការ​ទប់ស្កាត់​ការរីក​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​១៩ ឯកឧត្តម​អ្នកតំណាងរាស្ត្រ ក៏បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម ប្រុងប្រយ័ត្ន​និង​ចូលរួម​អនុវត្ត​នូវ វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បានជា​ប្រចាំ ដោយ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត​ផឹក​ស្អាត​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា។ ​ឯកឧត្តម​បណ្ឌិត​ប៉ែន​ស៊ីម៉ន ក៏បាន​ណែនាំ​ផ្ដាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​បញ្ជាក់ថា អំណោយ​ដែល​បាន​ផ្ដល់ជូន​នាពេលនេះ គឺ​គ្រាន់តែ​ជួយ​រំលែក​ការលំបាក​ខ្វះខាត តែមួយ​គ្រា​តែប៉ុណ្ណោះ​។ ដូច្នេះ​សូម​បងប្អូន​យកចិត្តទុកដាក់់​ជម្រុញ ការងារ​បង្កបង្កើនផល​ក​ឲ្យ​បាន​ទាន់​រដូវ​កាល​បន្ថែមទៀត ដើម្បី​ធានាបាន​សន្តិសុខ​ស្បៀង​គ្រប់គ្រាន់​ក្នុង​គ្រួសារ​និង​សហគមន៍​។
​អំណោយ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​១២១​គ្រួសារ​នាពេលនេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូ មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូ ទឹក​សុទ្ធ​១​យួរ ទឹកក្រូច​១​កេស ម្រេច​ម៉ដ្ឋ​១​កញ្ចប់​តូច​។

ដោយឡែក​ក្នុងនោះ​អំណោយ​ថវិកា សប្បុរសជន​របស់លោក​ឧក​ញា​​ ខូវ ​គឹម​បាក់ និង ជំទាវ លឹម ហ្សា​ក់​គឺ​លីន ​ផ្ដល់ជូន​តាមរយៈ​ឯកឧត្តម​បណ្ឌិត​ ប៉ែន​ ស៊ីម៉ន សម្រាប់​គ្រួសារ​រលំ​ផ្ទះ​ចំនួន​១៣​គ្រួសារ ក្នុង​មួយ​គ្រួសារ​ជូន​ថវិកា​៥០​ម៉ឺន​រៀល គ្រួសារ​ខូចខាត​ផ្ទះ​មធ្យម​ចំនួន​៨៤​គ្រួសារ​មួយ​គ្រួសារ​ថវិកា​១០​ម៉ឺន​រៀល និង​គ្រួសារ​ប៉ះពាល់​តិចតួច​ចំនួន ២៤​គ្រួសារ ក្នុង​មួយ​គ្រួសារ​ថវិកា​៥​ម៉ឺន​រៀល​​ ​និង​ជូន​ថវិកា​ដល់​យុវជន​កាកបាទ​ចំនួន​១១​នាក់ អ្នកស្ម័គ្រចិត្ត​កាកបាទ​៥​នាក់ ប្រជា​ការពារ​១៥ នាក់​កងកម្លាំងប្រដាប់អាវុធ ៥១​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​៤ ម៉ឺន​រៀល​ស្មើគ្នា​។​

-​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ មាន​ឃុំ​ចំនួន​៤​ក្នុងស្រុក​ដងទង់​ខេត្តកំពត បាន​រង​នូវ​ខ្យល់​កន្ត្រាក់ ដែល​បណ្ដាលឱ្យ​រង​ផលប៉ះពាល់ ខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​ជាច្រើន​ខ្នង​របស់​ប្រ​ជា​ពល​រដ្ឋ ក្នុងនោះ​ខូចខាត រលំ​ទាំងស្រុង​ចំនួន​១៣​ខ្នង ខូចខាត​មធ្យម​៨៤​ខ្នង​និង​ប៉ះពាល់​តិចតួច​២៤ ខ្នង ដែល​បញ្ហា​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​កំពុង​យកចិត្តទុកដាក់​ដោះស្រាយបាន​ទាន់ពេលវេលា​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​