​ឯកឧត្តម​ជាវ​តា​យ​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការឆ្លង​និង​អនុម័ត​ផែនការ​ភិ​វឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​រយៈ​៥​ឆ្នាំ​( ២០១៩.២០២៣)

​ឯកឧត្តម ​ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី២៧ ​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​ឆ្លង​នូវ​សេចក្ដីព្រាង​និង​អនុម័ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​រយៈពេល​៥​ឆ្នាំ (២០១៩.២០២៣) ​ដើរ​សមាជិក​គណៈកម្មកា​រ​នេះ​មាន​សមាសភាព​ចូលរួម​ពី​បណ្ដា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​អាជ្ញាធរ​ក្រុង​ស្រុក ភ្នាក់ងារ​អភិវឌ្ឍន៍ វិស័យ​ឯកជន ផងដែរ​។​

ឯកឧត្តម ​ជាវ តា​យ​ អភិបាលខេត្ត​បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នេះ​ដោយ​បញ្ជាក់ថា​៖ ឯកសារ​ព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​រយៈពេល​៥​ឆ្នាំ​(២០១៩.២០២៣) ​ដែល​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​ពេលនេះ គឺ​ពិត​ជាមាន​សារៈ​សំខាន់​​ក្នុង​គោលបំណង​ដើម្បី​បង្ហាញជូន​ដល់ ក្រសួង មន្ទីរ ស្ថាប័ន ភ្នាក់ងារ​អភិវឌ្ឍន៍​នានា​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​.​អន្តរជាតិ និង​ផ្នែក​ឯកជន​សម្រាប់​ជា​ឯកសារ​ក្នុងការ​គៀងគរ​ធនធាន​និង​គាំទ្រ​រាល់​គម្រោង​ដែល​បានលើកឡើង​ក្នុង​​ផែនការ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​រយៈពេល​៥​ឆ្នាំ​(២០១៩.២០២៣) នេះ​ក៏មាន​គម្រោង​សំខាន់ៗ​ចាំបាច់​ជាច្រើន​ ​ក្នុង​គោលបំណង​ដើម្បី​ឆ្លើយតប​ទៅ នឹង​ចក្ខុវិស័យ​និង​គោលដៅ​ដែល​បានកំណត់​ក្នុង​ផែនការ​អំពី​តម្រូវការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ​ដោយ​ពង្រឹង​និង​ពង្រីក​គុណភាព​សេវាកម្ម​សម្រាប់​ជា​កាលានុវត្តភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​។​ ​ឯកឧត្តម​អភិបាលខេត្ត​ ក៏បាន​សម្ដែង​ក្ដីសង្ឃឹម​នៅក្រោយ​ការអនុម័ត​នូវ​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរ​របស់​ខេត្តកំពត​៥​ឆ្នាំ​ គឺជា​ឯកសារ​គោល​សម្រាប់​ជា​ត្រីវិស័យ​ដល់​ភាគី​ពាក់ព័ន្ធ​ និង​ជំនាញ​វិស័យ​នានា​យកទៅអនុវត្ត​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​សំដៅ​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​ខេត្ត​ក៏ដូចជា​ការជំរុញ​ល្បឿន​សេដ្ឋកិច្ច​ផងដែរ​។​

​ឯកឧត្តម ​ជាវ តា​យ​ អភិបាលខេត្ត​ក៏បាន​មានប្រសាសន៍​លើកទឹកចិត្ត​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ ​មន្ត្រីរាជការ​មន្ទីរ​ទេស​ចរណ៍​ខេត្ត ​ដែល​បាន​សហការ​ប្រមូលផ្ដុំ​គំនិត​ក្នុងការ​សម្របសម្រួល​ប្រមែប្រមូល​រក​ទិន្នន័យ​ នឹង​បង្កើតបានជា​ឯកសារ​ផែនការអភិវឌ្ឍន៍​ទេស​ទេសចរណ៍​ខេត្តកំពត​មាន​រយៈពេល​៥​ឆ្នាំ ២០១៩-២០២៣ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ក្របខណ្ឌ​ការងារ​អភិវឌ្ឍន៍​ខេត្ត​ក្នុង​វិស័យ​ទេសចរណ៍​របស់ខ្លួន​។​ ​នៅក្នុង​ឱកាស​កិច្ចប្រជុំ​នោះដែរ​លោក​ សយ​ ស៊ី​ណុល ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ ក៏បាន​ឲ្យ​ដឹង​អំពី​ខ្លឹម​សារសំខាន់ៗ ​នៃ​ឯកសារ​ផែនការអភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​របស់​ខេត្តកំពត​រយៈពេល​៥​ឆ្នាំ​ដែល​ត្រូវដាក់​ឆ្លង​កិច្ចប្រជុំ​ពេលនេះ​នេះ​គឺ​ក្នុង​គោល​ដៅ​ធានាបាន​នូវ​និរន្តរភាព គុណភាព ​និង​ការទទួលខុសត្រូវ ស្របទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​ជាតិ​(២០១២.២០២០)​នៃ​គោលនយោបាយ​វិស័យ​ទេសចរណ៍​និង​ច្បាប់​ស្ដីពី​ទេសចរណ៍​ដើម្បី​រួមចំណែក​ជំរុញ​កំ​ណើន​​​សេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការផ្ដល់​ឱកាស​ការងារ​និង​មុខរបរ​ជូន​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា ​ខេត្តកំពត​គឺជា​ខេត្ត​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុងចំណោម​ខេត្ត​ជាប់​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ខេត្ត​ដែលមាន​សក្ដានុពល​លើ​វិស័យ​ជាច្រើន រួមមាន​កសិកម្ម ឧស្សាហកម្ម និង​សេដ្ឋកិច្ច ក្នុងនោះ​វិស័យ​ទេសចរណ៍​ក៏មាន​សក្ដានុពល​ក៏បាន​ដើរតួនាទី​យ៉ាងខ្លាំង​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​សម្រាក​កំសាន្ត​នៅក្នុង​ខេត្ត​។​ខេត្តកំពត​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ប្រភេទ​ទាំង​ធម្មជាតិ វប្បធម៌​ប្រវត្តិសាស្ត្រ និង​ផលិត​ផល​​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ជាច្រើន​ទៀត​។

ហើយ​កិច្ចប្រជុំ​ពេលនេះ​ បាន​ឆ្លង​នូវ​ខ្លឹមសារ​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ​(២០១៩.២០២៤) ​របស់​ខេត្តកំពត​ក្នុងនោះ រួមមាន​ខ្លឹមសារ​អំពី​សភាពការណ៍​ទេសចរណ៍ ចក្ខុវិស័យ​គោលបំណង យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​​ទេសចរណ៍​ខេត្តកំពត ការគ្រប់គ្រង​សុវត្ថិភាព​ផលប៉ះពាល់​ពី​ការអភិវឌ្ឍន៍​ទេសចរណ៍ និង​ការអភិរក្ស ការលើកកម្ពស់​សមភា​ព​យេនឌ័រ ការពង្រឹង​ការអនុវត្ត​ច្បាប់ ផែនការ​សកម្មភាព​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ខេត្ត ការ​ត្រួត​ពិនិត្យ ​និង​វាយតម្លៃ​រួម ដែលមាន​ចំនួន​៣៧​ទំព័រ​និង​ឧបសម្ព័ន្ធ​ផ្សេងទៀត​៕​
​អត្ថ​ប​ទៈ លោក សាយ​យាវ​