ថ្នាក់​ដឹក​នាំ​ខេត្ត​កំពត​ជួប​សំណេះ​សំណាល​មន្ត្រី​រាជ​ការ​រចនា​សម្ព័ន្ធ​សា​លា​ខេត្ត​មុន​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០​២១​ចូល​មក​ដល់

ដើម្បី​ការផ្សារភ្ជាប់​មនោសញ្ចេតនា​ការងារ​គ្រប់គ្រង​ដឹកនាំ​និង​ការអនុវត្ត​ផ្ទាល់ រវាង​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​នៃ​សាលា​ខេត្តកំពត​។​ ​នៅ​សាលប្រជុំ​សាលាខេត្ត​នា​រសៀល​ថ្ងៃទី​២៧ ខែ កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ សាលាខេត្ត​កំពត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ ២០២១​នេះ​។​

មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់ថា ដើម្បី​ការផ្សារភ្ជាប់​ស្ថិតក្នុង​មនោសញ្ចេតនា គោរព​ស្រឡាញ់រ​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ ទាំងអស់​ក្នុង​សាលាខេត្ត ដែល​តែង​បាន​បន្ត​ប្រពៃណី​ការជួប​ជុំគ្នា រដ្ឋបាល​ខេត្តកំពត​អនុវត្ត​ធ្វើឡើង​ក្នុង ១​ឆ្នាំ ២​ដង គឺ​ថ្ងៃ ចូលឆ្នាំ​ប្រពៃណី​ខ្មែរ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​មន្តី រាជការ គ្រប់​ជាន់ថ្នាក់​ក្នុង​សាលា​ខេត្តកំពត ដែល​កន្លងមក​បានរួម​សាមគ្គី​គ្នា ខិតខំ​បញ្ចេញ​អស់​សមត្ថភាព​លើ​ជំនាញ​នីមួយៗ ដើម្បី​បំពេញការងារ​ជូន​រដ្ឋបាលខេត្ត រហូត​សម្រេចបាន​លទ្ធផល​គួរ​ជាទី​គាប់ប្រសើរ​។

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ថា បើទោះបី​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន សេសសល់ ក្ដី គឺ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាខេត្ត​តែង​បានរួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ ដោះស្រាយ​បញ្ហា​ប្រឈម ទាំងអស់នោះ ពី​ច្រើន​មក​តិច និង​ពី​តិច​ទៅ​អត់ ធ្វើ​ឲ្យ​រដ្ឋបាលខេត្ត​ទទួលបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន និង​មានការ​គាំទ្រ គ្រប់​មជ្ឈដ្ឋាន ដៃគូ​អភិវឌ្ឍន៍ និង​ការ​វិនិយោគិន​នានា ពិសេស​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​បានជ្រើសរើស ខេត្តកំពត​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ការ​លម្ហែ​កម្សាន្ត​ដ៏​ពេញនិយម ។

ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​មន្ត្រីរាជកា​រទាំង​អស់ នៅក្នុង​សាលាខេត្ត​កំពត សូម​បន្ត​ខិតខំ​បំពេញការងារ និង​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​កិច្ច​ការដែល ថ្នាក់ដឹកនាំ​បានប្រគល់​ជូន​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ត្រូវខិតខំ​ធ្វើ ការអភិវឌ្ឍន៍​សមត្ថ​ភាព​បំពេញការងារ​របស់ខ្លួន​ម្នាក់ៗ ឱ្យ​ស្របតាម​បច្ចេកវិទ្យា ព័ត៌មាន​ទាន់សម័យ​នាពេល​បច្ចុប្បន្ន​។ ក្នុងនោះ​ផងដែរ ក៏​សូម​ស្នើឱ្យ​មន្ត្រី​ទាំងអស់​ខិតខំ​ព្យាយាម​រៀនសូត្រ​ពី​រៀមច្បង​ដែលមាន​ពិសោធន៍​ការងារ​មុនៗ ហើយក៏​សំណូមពរ ដល់​ថ្នាក់ដឹកនាំ​នៅតាម​ទីចាត់ការ​-​អង្គភាព​នីមួយៗ សូម​ផ្ដល់ និង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ការងារ​ល្អៗ ឬក៏​អាច​និយាយបានថា អ្នកចេះ​បង្រៀន​អ្នក​មិនចេះ ហើយ​អ្នក​មិនចេះ​ត្រូវ​ប្រឹង​ក្រេបជញ្ជក់​ចំណេះដឹង​ពី​អ្នកចេះ​។​

​ក្នុងឱកាស​នោះ​ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​បំពេញការងារ កន្លងមក ក៏ដូចជា​ដើម្បី​អបអរសាទរ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅក្នុង​ឆ្នាំនេះ ក្រៅពី​ប្រាក់ បៀវត្ស​ប្រចាំខែ និង​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​របស់​រាជរដ្ឋាភិបាល ឯកឧត្តម​ជាវ​តា​យ​អភិបាលខេត្ត​ក៏បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន ៤០​ម៉ឺន​រៀល ស្មើគ្នា​ដល់​មន្ត្រីរាជការ​សាលា ខេត្ត​មាន​សរុប​ចំនួន ១៣១​នាក់ សរុប​ថវិកា​អស់​ចំនួន ៥៥.៤០០.០០០​រៀល​។​

​ដោយឡែក​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សរុប​ចំនួន ២៥​នាក់ ក្នុង​ម្នាក់ៗ​ផ្តល់ជូន ថវិកា​ចំនួន ៨០​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន ២០​លាន​រៀល​ ​មន្ត្រី​ជាប់កិច្ចសន្យា​សាលាខេត្ត​សរុប​ចំនួន ៥៩​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ចំនួន ២០​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន ១១.៨០០.០០០​រៀល នគរបាល​ប្រចាំការ​នៅ​សាលាខេត្ត​សរុប​ចំនួន ០៦​នាក់ ក្នុង​ម្នាក់ៗ​ផ្តល់ជូន​ថវិកា​​ចំនួន ២០​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន ១.២០០.០០០​រៀល សរុប​ថវិកា​ដល​បានផ្តល់​ជូន​ខាងលើ​មាន​ចំនួន ៨៨.៤០០.០០០​រៀល ។​
​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​