​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​នាំ​អំណោយ​ផ្ដល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ និង​គ្រួសារ​រងគ្រោះ​រលំ​ផ្ទះ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​ចំនួន​៣​ ក្នុង​ខេត្តកំពត​

ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​ខេត្ត និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាតក្រហម។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ​២០២០ បាន​អញ្ជើញ​នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត រួមមាន​គ្រឿង​ឧបភោគបរិភោគ សម្ភារៈ​ប្រើ​​ប្រាស់ និង​ថវិកា​មួយចំនួន ដើម្បី​ផ្តល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​រលំ​ផ្ទះ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុងស្រុក​ចំនួន​៣ ផ្សេងគ្នានៅ​ខេត្តកំពត​។​

​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ងាយ​រងគ្រោះ​ខ្វះខាត​ជីវភាព​ក្នុង​គ្រួសារ មកពី​ស្រុក​ឈូក​ចំនួន​៥០​គ្រួសារ និង​ស្រុក​ជុំ​គី​រី​ចំនួន​៥០​គ្រួសារ និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ទាំងស្រុង​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​១៣ គ្រួសារ​ក្នុងស្រុក​ដងទង់​។ មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ​ជាវ តា​យ បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​របស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​សំដែង​ការចូលរួម​រំលែក​ទុក្ខ​និង​សោកស្ដាយ​ជា​មួយ​​គ្រួសារ​ប្រជាពលរដ្ឋរងគ្រោះ​ដែល​បាត់បង់​ជីវិត​ និងប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​ទាំង​ពេល​ថ្មីៗ​នេះ​នឹង​ពេល​កន្លង​ទៅដោយ​ក្ដី​អាណិតអាសូរ ។​

​ឯកឧត្តម ​ជាវ តា​យ បាន​លើក​បន្តថា​ជានិច្ចកាល សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ​ហ៊ុន សែន និង​សហការី​តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ឬ​ដោយ​​ប្រកា​ផ្សេងៗ ដោយ​មិន​រើសអើង​ឬ​ទុកចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ការលំបាក ឬ​ស្លាប់​ដោយសារ​អត់​ស្បៀងអាហារ​ដែល​មិនបាន​ជួយ​ដោះស្រាយ​ឡើយ​។ ពាក់ព័ន្ធ​នឹង​ការ បង្ការ​ទប់ស្កាត់​ការរីក​រាតត្បាត​ជំងឺឆ្លង​កូ​វីដ​១៩​ដែល​ជា​​ជំងឺ​កាច​សាហាវ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម ប្រុងប្រយ័ត្ន​និង​ចូលរួម​អនុវត្ត​នូវ​វិធានការ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាលឲ្យ​បានជា​ប្រចាំ ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការអនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ​ផឹក​ស្អាត ​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ។​

​ឯកឧត្តម ​ជាវ តា​យ ក៏បាន​បញ្ជាក់ដែរថា អំណោយ​ដែល​បាន​នាំយកមក​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នាពេលនេះ​គឺ​គ្រាន់តែ​ជាការ​ជួយ​រំលែក​ការ​ការលំបាក​ដោះស្រាយ​ជីវភាព​ខ្វះខាតរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ បានតែ​មួយគ្រា​ឬ​ក្នុង​គ្រា​បន្ទាន់​តែប៉ុណ្ណោះ ។ ប៉ុន្តែ​បញ្ហាសំខាន់​គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ត្រូវតែ​រួមគ្នា​យកចិត្តទុកដាក់់ ជម្រុញ​ការងារ​បង្កបង្កើនផល ដាំ​ដុះ​ដំណាំ​បន្ថែម​ឲ្យ​បាន​ទាន់​រដូវ​កាល រួម​នឹង​ការចិញ្ចឹម​សត្វ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​និង​សហគមន៍​ឲ្យ​បាន​រីកចម្រើន​បន្ថែមទៀត​។ ឯកឧត្តម​ជាវ​តា​យ​ក៏បាន​ណែនាំ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការគ្នា អភិវឌ្ឍន៍​នឹង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បានល្អ​ដើម្បី​ភាព​រីកចម្រើន​និង​សេចក្ដីសុខ​ក្នុង​មូលដ្ឋាន​របស់​យើងទាំងអស់គ្នា​។​

ក្នុងឱកាស​នោះ​អំណោយ​ដែល​បាន​ផ្ដល់ជូន​សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ប្រឈម​ងាយ​រងគ្រោះ​ទាំង​១០០​គ្រួសារ​រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូ មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូ ទឹក​សុទ្ធ​១​យួរ និង​ថវិកា​មួយ​ចំនួន​។ និង​អំណោយ​សម្រាប់​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​រលំ​ផ្ទះ​ក្នុងស្រុក​ដងទង់​ចំនួន​១៣​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន កៅស៊ូ​តង់​១ មី​១​កេស និង​ថវិកា​ចំនួន ២០ ម៉ឺន​រៀល ព្រមទាំង​កបាន​ជូន​ថវិកា​មួយចំនួន​ដល់​យុវជន​កាកបាទ អ្នកស្ម័គ្រចិត្ត​កាកបាទ ប្រជា​ការពារ​ភូមិ និង​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

-​សូមបញ្ជាក់ថា កាលពី​វេលា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ កន្លងទៅ​ថ្មីៗ​នេះ មាន​ឃុំ​ចំនួន​៤​ក្នុងស្រុក​ដងទង់​ខេត្តកំពត បាន​រង​នូវ​ខ្យល់​កន្ត្រាក់ ដែល​បណ្ដាលឱ្យ​រង​ផលប៉ះពាល់ដល់​មនុស្ស​ប៉ុន្តែ​ពុំមាន​អ្នកស្លាប់​ឡើយ និង​ខូច​ខាត​​ទ្រព្យសម្បត្តិ​ផ្ទះសំបែង​ជាច្រើន​ខ្នង​។ ក្នុងនោះ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​រលំ​ទាំងស្រុង​ចំនួន​១៣​ខ្នង និង​ខូចខាត​ប៉ះពាល់​មធ្យម​ចំនួន​៨៤ ខ្នង​ប៉ះពាល់​តិចតួច​ចំនួន ២៤ ខ្នង ហើយ​បញ្ហា​នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​​ក្នុង​ខេត្ត​បាននិងកំពុង​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​។​
​អត្ថ​ប​ទៈ លោក សាយ យាវ​