របបសន្តិសុខសង្គមគឺជាការរួមចំណែកក្នុងការសម្រាលនូវបន្ទុកសេដ្ឋកិច្ចដល់មន្ត្រីរាជការ និងមន្ត្រីរាជការដែលកំពុងបំពេញការងារតាមរយៈការធានានូវហានិភ័យទាំងឡាយពាក់ព័ន្ធទៅនឹងសុខភាពឬ គ្រោះថ្នាក់ជាយថាហេតុណាមួយ។
ការលើកបញ្ជាក់ចាត់ទុកបែបនេះរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត គឺនៅក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមនិងការប្រគល់ប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គមហៅថា(ប.ស.ស) ជូនមន្ត្រីរាជការមុខងារសាធារណៈនៅក្នុងសាលាខេត្ត សាលាក្រុង ស្រុកទូទាំង នៃខេត្តកំពតដែលមានចំនួនសរុប៤១៦ប័ណ្ណ កាលពីព្រឹកថ្ងៃទី២៧ខែ កុម្ភៈ ឆ្នាំ ២០១៩ នាសាលប្រជុំសាលាខេត្តកំពត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានលើកឡើងបន្តទៀតថា៖ ចាប់ពីដំណាក់កាលដំបូងនៃការស្ដារឡើងវិញនូវសេដ្ឋកិច្ចជាតិ រហូតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាតែងតែបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើសកម្មភាពគាំពារសង្គមនានា ក្នុងគោលបំណងកសាងធនធានមនុស្ស និងលើកម្ពស់សុខមាលភាពរបស់ ប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈរៀបចំ និងការដាក់អោយដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកគោលនយោបាយសង្គមកិច្ចជាច្រើន។
ឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ជាក់ស្ដែង នៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥នៃរដ្ឋសភាកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម(២០១៦-២០២៥) ដែលក្របខ័ណ្ឌគោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង អំពីប្រពន្ធគាំពារសង្គមដែលផ្ដោតលើសសរស្ដម្ភសំខាន់ៗចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
ក្នុងនោះប្រព័ន្ធសន្តិសុខសង្គមមានធាតុផ្សំ០៥ ដែលរួមមាន៖ សោធន ការថែទាំសុខភាព ហានិភ័យការងារ និកម្មភាពនិងពិការភាព។ ជាមួយឱកាសនោះឯកឧត្តម ជាវ តាយ ក៏បានចាត់ទុកពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមនិងប្រគល់ប័ណ្ណសមាជិក (ប.ស.ស) ពេលនេះពិតជាមានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការយកចាត់ទុកដាក់របស់រាជរដ្ឋាភិបាល និងជាប្រភពលើកទឹកចិត្ត បន្ថែមទៀតចំពោះន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រសួងមហាផ្ទៃ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទៈនិងមានស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់អង្គភាពនីមួយៗផងដែរ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់និងសម្ដែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេឡាជាតិរបបសន្តិសុខសង្គម ដែលបានពុះពារជំនះគ្រប់ឧបសគ្គ និងការលំបាកនានា រហូតសម្រេចបានសមិទ្ធផលនានាជាច្រើននាពេលកន្លងមក ដែលជាការរួមចំណែកធ្វើអោយសម្រេចជោគជ័យ នូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខមាលភាពមន្ត្រីរាជការអោយកាន់តែប្រសើរឡើងថែមទៀតដែលជាមូលដ្ឋានក្នុងការកាត់បន្ថយភាពក្រីក្រ និងកសាងសង្គមកម្ពុជាយើងអោយមានការរីកចម្រើនប្រកបដោយបរិយាប័ននិងមានចីរភាពបន្តទៀត៕
អត្ថបទ និងរូបភាពៈ លោក សាយ យាវ