អាជ្ញាធរ​ខេត្តកំពត​និង​អាជីវករ​បាន​ឯកភាពគ្នា​ប្ដូរ​ទីតាំង​ចំណតទូក​ទេសចរណ៍​ពី​ត្រើយ​ខាង​កើតមក​ត្រើយ​ខាងលិច​ក្នុង​ក្រុង​កំពត​

​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​សុវត្ថិភាព​សណ្ដាប់ធ្នាប់រ​បៀ​ប​រៀបរយ​សាធារណៈ ​ក៏ដូចជា​សោភ័ណភាព ​និង​អនាម័យ​បរិស្ថាន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើងនៅតាម​មាត់ទឹក​ក៏​ដូច​តាម​ដងផ្លូវ​ព្រែក​ក្នុង​ក្រុង​កំពត​រួម​នឹង​​ការបង្ការ​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ចំពោះ អ្នកដំណើរ​កម្សាន្ត​តាម​ទូក​ទេសចរណ៍​លើ​ដងព្រែក​កំពត​។​ ​នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ឯកឧត្តម ​ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​អាជ្ញាធរ​ក្រុង សង្កាត់ រួម​និង​អាជីវករ​ប្រកប​របរ​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​កម្សាន្ត​តាម​ដងព្រែក​ក្រុង​កំពត​ខេត្តកំពត​។​ ​ក្នុង​កិច្ចប្រជុំ នេះ​គឺ​បាន​ផ្ដោតជាសំខាន់​រួមគ្នា​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ដើម្បី​រក​ដំណោះស្រាយ​នៃ​ការប្ដូរ​ចំណតទូក​ទេស​​ចរណ៍​តាម​មាត់​ដងព្រែក​កំពត​ពី​ត្រើយ​ខាងកើត​ទៅ​ចត​នៅ​មាត់​ព្រែក​ក្រើ​យ​ខាងលិច​ទល់មុខ​សាលាខេត្ត​។​ ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់ពី​មានការ​ចូលរួម​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​អាជីវ​ករ​ទូក​ទេសចរណ៍​ដែល​ពាក់ព័ន្ធ​ការ​បាត់​បង់​ភ្ញៀវ ការលំបាក​នៃ​ទឹក​ភ្លើង​រួម​នឹង​បញ្ហា​មួយចំនួន​ផ្សេងៗ​ទៀតផង​នោះ​។​ ​ក្នុង​កិច្ចប្រជុំ​ឱកាស​នោះ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង​ក៏​នៅតែ​បានបង្ហាញ​ពី​ហេតុផល​និង​ទទូច​សំណូមពរ​សូមឱ្យ​មានការ​យោគយល់​ពី​អាជីវករ ដើម្បី​ចូលរួម​សហ​ការ​ជាមួយនឹង​មន្ត្រី​ជំនាញ​ព្រមទាំង​អាជ្ញាធរ​ក្រុង​ទាំងអស់គ្នា គឺ​ធ្វើយ៉ាងណា សំដៅ​រួមគ្នា​អនុវត្ត​ធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុង​ទីក្រុង​កំពត នូវ​សណ្ដាប់ធ្នាប់​ចរាចរណ៍​របៀបរៀបរយ​សាធារណៈ​ព្រមទាំង​បញ្ហា​សោភ័ណភាព​និង​អនាម័យ​បរិ​ស្ថាន​​​ក្រុង​។ ជាពិសេស​ទៅទៀត​នោះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក៏បាន​ធ្វើការ​ណែនាំ​ជំរុញ​ដល់​អាជីវករ​ទូក​ទេសចរណ៍​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​នូវ​ការបំពាក់​សម្ភារៈ​ពិសេស​អាវ​ពោង​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ការពារ​នូវ​ភាព​ចៃដន្យ​ណា​មួយ​កើតឡើង​ជូន​ចំពោះ​ភ្ញៀវ​ទេសចរណ៍​នៅលើ​ទូក​នីមួយៗ​ផងដែរ​។​

​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក៏បាន​បន្ត​លើកឡើង​ទៀតថា ចំពោះ​បញ្ហា​បារម្ភ​ពី​ការបាត់​ភ្ញៀវ​ទេសចរណ៍​ពី​សំណាក់​ម្ចាស់​អាជីវក​ម្មទូក គឺ​មិនមែនជា​បញ្ហា​ចោទ​សំខាន់​ប៉ុន្មាន​នោះទេ​។ ប៉ុន្តែ​បញ្ហាសំខាន់​នោះ​គឺ​ការចូលរួម​ទាំងអស់គ្នា​ដើម្បី​បម្រើ​សេវា ​និង​ការធានា​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​និង​របៀបរៀបរយ​សណ្ដាប់​ធ្នាប់​សាធារណៈ​ព្រមទាំង​សោភ័ណភាព​ទីក្រុង​ទើប​ភ្ញៀវ​ទេសចរណ៍​គេ​នឹង​មក​កម្សាន្ត​និង​ជិះទូក​លំហែកាយ​ទស្សនា​នូវ​សោភ័ណភាព​ស្រស់បំព្រង​នៅក្នុង​ខេត្ត​កំពត​​​យើង​ជាពុំខាន​ឡើ​ុ​យ​។​ ​មានប្រសាសន៍​ក្នុងឱកាស​នោះ​ឯកឧត្តម​ ជាវ តា​យ ​អភិបាលខេត្ត​បាន​លើក​បញ្ជាក់ថា ដោយ​បច្ចុប្បន្ននេះ​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ពិសេស​នៅក្នុង​ទូទាំង​ខេត្តកំពត​ពី​មួយ​ថ្ងៃ​​ទៅមួយថ្ងៃ​មានការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន​ដែល​ទាំងនេះ​ផ្ដើមចេញពី​ការខិតខំ​យកចិត្តទុកដាក់​របស់​រដ្ឋបាលខេត្ត​និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​នោះ​។​

ក្នុងនោះ​សម្រាប់​នៅក្នុង​ក្រុង​កំពត​ក៏បាន​ធ្វើឱ្យ​ភ្ញៀវ​ទេស​ចរ​​ជាតិ អន្តរជាតិ​មក​កំសាន្ត​មានការ​កើនឡើង​ជា​លំដាប់​ដែល​សមិទ្ធផល​ទាំងនេះ​បាន​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​យើង​យ៉ាងពិត​ប្រាកដ​ធ្វើអោយ​ជីវភាព​កាន់តែ​ប្រ​សើរ​ឡើង​។​ ​ដូច្នេះ​គោលបំណង​នៃ កិច្ចប្រជុំ​ពេលនេះ​គឺ​ដើម្បី​រួមគ្នា​ពិភាក្សា​រក​ដំណោះស្រាយ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​សណ្ដាប់ធ្នាប់​ចរាចរណ៍​របៀបរៀបរយ​សាធារណៈ​ក៏ដូចជា​សោភ័ណភាព​អនាម័យ​បរិស្ថាន​ក្រុង​កំពត រួម​នឹង​ការពង្រឹង​នូវ​សុខ​​សុវត្ថិ​ភាព​​ចំពោះ​អ្នកដំណើរ​ជិះទូក​ទេសចរណ៍​កម្សាន្ត​តាម​ដងព្រែក​កំពត​នេះដែរ​។​ ឯកឧត្តម ​ជាវ តា​យ ​អភិបាលខេត្ត​ក៏បាន​លើក​បញ្ជាក់ថា ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សោភ័ណភាព​ក​ក្នុង​ក្រុង​មិនអាច​រដ្ឋបាលខេត្ត​ឬ​មន្ទីរជំនាញ​ណាមួយ​អនុវត្ត​តែម្នាក់ឯង​បានទេ​លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទើប​ការងារ​នេះ​សម្រេចបាន​លទ្ធផល​ល្អ​ជោគជ័យ​។ ដូច្នេះ​បច្ចុប្បន្ននេះ​ដោយ​មើលឃើញ​ពី​បញ្ហា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ចរាចរណ៍​ក៏ដូចជា​សោភ័ណភាព​និង​អនាម័យ​បរិស្ថាន​នៅតាម​មាត់ទឹក​និង​ដងផ្លូវ​ជាប់មាត់​ព្រែក​ក្រុង​កំពត​នៅ​មិន​ទាន់​ល្អប្រសើរ​នៅឡើយ​។ រដ្ឋបាលខេត្ត​ក៏ដូចជា​រដ្ឋបាល​ក្រុង​កំពត​រួម​នឹង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវមាន​គោលការណ៍​ដើម្បី​ប្ដូរ​ទីតាំង​ចំណត​ទូក​​ទេសចរណ៍​សព្វថ្ងៃ​ដែល​ស្ថិតនៅ​មាត់​ព្រែក​ខាងកើត​ឲ្យ​ទៅ​ទីតាំង​មាត់​ព្រែក​ខាងលិច​វិញ​។​

​ឯកឧត្តម​អភិបាលខេត្ត​ ក៏បាន​កំណត់​ឲ្យ​មានការ​ដាក់​ភ្លើង​ឬត​ទឹក​នៅ​ចំណត​ថ្មី​នេះ​ជូន​ដល់​អាជីវករ​សម្រាប់​បម្រើសេវា​កម្ម​នៅ​ចំណតទូក​ថ្មី​នេះ​នៅ​ថ្ងៃទី​០៥ ខែធ្នូ​ និង​ជំរុញ​ឲ្យ​ទូក​ទេសចរណ៍​ទាំងអស់​ក៏ត្រូវ​តែ​ប្ដូរ​ទីតាំងនៅ​ថ្ងៃទី​១៥ ខែធ្នូ​ឆ្នាំ​២០១៩​យ៉ាងយូរ​ជា​កំណត់​។​ក្នុងឱកាស​នោះ​ឯកឧត្តម​ ជាវ តា​យ អភិបាលខេត្ត​ក៏បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​អាជ្ញាធរ​ក្រុង​កំពត​ក៏​ដូច​ម្ចាស់​អាជីវក​ម្មទូក​ទេសចរណ៍​ទាំងអស់​ដែល​បាន​ចូលរួម​សហការគ្នា​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​កំពត​ប្រកបដោយ​លក្ខណៈ​ស្រស់បំព្រង​មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយ​កាន់តែ​ប្រសើរឡើង​ក្នុង​ក្រុង​កំពត​នៅពេល​ខាងមុខនេះ​។​
​សូមបញ្ជាក់ថា​៖ យោងតាម​ស្ថិតិ​ទូក​ទេសចរណ៍​តាម​បណ្ដោយ​មាត់​ព្រែក​ក្រុង​កំពត​សព្វថ្ងៃនេះ​មាន​ចំនួន​១៩​គ្រឿងក្នុង​នោះ​មាន​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ចំនួន ១៥​គ្រឿង ទូក​ចត​ស្ងៀម​លក់​ម្ហូបអាហារ​មាន​ចំនួន​៤​គ្រឿង​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​