អភិបាល​ខេត្តកំពត​ប្រាប់​ឱ្យ​អាជ្ញាធរ និង​អ្នកគ្រប់គ្រង​ផ្សារ​ឈូក រៀបចំ​សណ្តាប់ធ្នាប់​និង​ការរក្សា សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​

​ក្នុង​ដំណើរ​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​ឈូក ស្ថិតក្នុង​ភូមិ​និង ឃុំ​សត្វ​ពង ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​ស្រុក ពិសេស​អ្នកគ្រប់គ្រង​ផ្សារ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​និង​អនាម័យ​ឱ្យបាន​ល្អ ទាំង​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ និង​មក​ទិញ​ម្ហូបអាហារ និង​ទំនិញ​ផ្សេងៗ ពិសេស​បង្កលក្ខណៈ​ល្អប្រសើរ​សម្រាប់​អាជីវករ​លក់ដូរ​។

 

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ​ស្រុក មិន​ត្រូវយក​ថ្លៃ​ភាស៊ី​តម្លៃលើស​យប់​ទៅ​បន្ទុក​ឬ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដាក់លក់​តាម​កញ្ច្រែង ល្អី តូចៗ​នោះទេ ហើយ​ត្រូវធ្វើ​យ៉ាងណា​សម្រួល​ទីតាំង​ឱ្យ​ពួកគាត់​លក់ដូរ​បានល្អ​ប្រសើរ​ផងដែរ​។

ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ ត្រូវធ្វើ​យ៉ាងណា​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ​ឱ្យបាន​ល្អ ដើម្បី​ជៀសវាង​ការបាត់បង់​នូវ​ទ្រព្យសម្បត្តិ ឬ​ធ្វើឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ បង្ករ​ឱ្យមាន​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​។ ពិសេស​ត្រូវ​រៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង​ដែលមាន​ភាព​រញ៉េរញ៉ៃ​កាត់​ពី​ខាងលើ​ដំបូល​ផ្សារ​ឱ្យមាន​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ឱ្យបាន​ល្អ​ឆាប់​បំផុត ជៀសវាង​នាំ​ឲ្យ​កើតឡើង​នូវ​អ​គី​ភ័យ​សេងៗ​នៅក្នុង​ផ្សារ​។​

ជាមួយគ្នា​នោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ប្រាប់​ឱ្យ​អាជ្ញាធរ​ស្រុក​ឈូក ត្រូវធ្វើ​បញ្ជី​និង​ស្រង់​ទិន្នន័យ​ឈ្មោះ​ជន​ចាស់ជរា​នៅក្នុង​ស្រុក​ឱ្យបាន​ឆាប់ ដើម្បី​ឯកឧត្តម​បាន​ផ្តល់នូវ​អំណោយ​មនុស្សធម៌​សម្រាប់​ដោះស្រាយ​ជីវភាព​ជាប្រចាំ​ខែ ក្នុងនាម​ឯកឧត្តម​ជា​សមាជិក នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តកំពត​។

ក្នុងនោះដែរ អាជ្ញាធរ​ស្រុក​ក៏ត្រូវ​ស្រង់​ឈ្មោះ និង​ធ្វើការ​ប្រមូល​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​ជា​អ្នករត់ម៉ូតូឌុប និង​រថយន្ត​តាក់ស៊ី​ទាំងអស់​ក្នុងស្រុក ដើម្បី​បង្កើតជា​សមាគមន៍​អ្នករត់ម៉ូតូឌុប និង​តាក់ស៊ី​ក្នុងស្រុក​ឈូក​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​