រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ថា វិស័យទេសចរណ៍គឺជាវិស័យមួយសំខាន់ គឺឆ្អឹងខ្នងមួយដ៏មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទ្រទ្រុងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ឯកឧត្តមអំពាវនាវឲ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធវិស័យនេះទាំងអស់គ្នា ត្រូវចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កាន់តែរីកចម្រើនឡើង ព្រោះឯកឧត្តមអះអាងថា បើវិស័យទេសចរណ៍រីកចម្រើនឡើង នោះវានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម និងការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់និងដោយប្រយោល។
វិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយទេសចរណ៍គឺជាមាសបៃតង មានន័យថាវិស័យនេះបានជួយជាច្រើននៅក្នុងការអភិវឌ្ឍន៍បៃតង ការផ្តល់នូវចំណូលសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គមនិងការងារ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានកំណត់ចេញនូវចក្ខុវិស័យ ក៏ដូចជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ។
ឆ្នាំកន្លងទៅពិភពលោកមានកំណើនភ្ញៀវទេសចរណ៍ក្នុងរង្វង់ពី ៤ទៅ៥ភាគរយ គឺប្រមាណជាជាងមួយពាន់បួនរយលាននាក់ ហើយនឹងកើនឡើងមួយពាន់ប្រាំបីរយលាននាក់នៅឆ្នាំ២០៣០។ ដោយឡែកកម្ពុជាកាលពីឆ្នាំ២០១៨ ទូទាំងប្រទេសមានភ្ញៀវទេសចរអន្តរជាតិ ប្រាំមួយលានកន្លះ និងភ្ញៀវទេសចរជាតិដប់លានកន្លះ ដែលមានកំណើនរង្វង់ប្រមាណប្រាំភាគរយ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទិត្យ ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ នៅក្នុងពីធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ២០១៩ ក្រោមប្រធានបទ “ទេសចរណ៍ និងការងារ៖ អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា” ដែលបានប្រារពធ្វើនៅសាលប្រជុំសាលាខេត្តកំពត នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៩។
ឯកឧត្តមបានបន្តថា នៅទូទាំងប្រទេស អ្នកដែលទទួលបានការងារដោយផ្ទាល់ពីវិស័យទេសចរណ៍មាន ចំនួន៦២ម៉ឺននាក់ ហើយការងារដោយប្រយោលប្រមាណជា ពីរលាននាក់ ក្នុងនោះសូម្បីតែអ្នកដាំបន្លែផ្លែឈើ អ្នកផ្គត់ផ្គង់សាច់ អ្នកចិញ្ចឹមសត្វ អ្នកនេសាទ អ្នកប្រកបរបរខាងដឹកជញ្ជូន។ល។ ទាំងនេះសុទ្ធតែបានទទួលបានផល និងបម្រើដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានបញ្ជាក់ថា អ្នកធ្វើការងារក្នុងវិស័យទេសចរណ៍ម្នាក់អាចចិញ្ចឹមគ្រួសារបានបីនាក់ ។ ដូច្នេះហើយ ការជំរុញធ្វើឲ្យវិស័យទេសចរណ៍ រីកចម្រើនឡើង វានឹងផ្តល់ផលជាច្រើនដល់ សេដ្ឋកិច្ច សង្គម និងការងារ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអំពាវនាវ ដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងតំបន់ និងខេត្តរបស់ខ្លួន ទាំងការអភិវឌ្ឍន៍កន្លែងកម្សាន្តឲ្យសំបូរបែប មានអនាម័យ និងបរិស្ថានបៃតងស្អាត ព្រមទាំងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត នូវការផ្តល់សេវាកម្មល្អ ដល់ភ្ញៀវទេសចរណ៍ ដើម្បីឲ្យភ្ញៀវទេសចរណ៍មកកម្សាន្តស្នាក់នៅបានយូរ មកម្តងហើយចង់មកម្តងទៀត៕
អត្ថបទៈ លោក សារឹម អាន