​សៀវភៅ​រឿង​កុមារ ស្តីពី​អាជីព​ទាំង​១១​ក្បាល​នឹងត្រូវ​ផលិត​ឡើងជា​ភាសា​ខ្មែរ

​ដើម្បី​ជំរុញ​ទឹកចិត្ត និង បណ្តុះ​ការយល់ដឹង​អំពី​អាជីព​នានា​ទៅកាន់​កុមារ​តូចៗ​នៅ​កម្ពុជា អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​គម្រោង Let’s Read បានរៀបចំ​កម្មវិធី​ប​ង្កើ​ត​សៀវភៅ​រឿង​សម្រាប់​កុមារ (BookLab) ដែលមាន​រយៈពេល​២​ថ្ងៃ ដោយមាន​ការចូលរួម​ពី វិចិត្រករ នាយក​សិល្បៈ និង​អ្នកដឹកនាំ​សិក្ខាសាលា ដើម្បី​បង្កើត​សៀវភៅ​រឿង​កុមារ​ដែល​ទាក់ទង​នឹង​អាជីព​ទាំង​១១ ដែល​នឹងត្រូវ​ដាក់ឱ្យ​អាន​និង​ប្រើប្រាស់​ដោយ​សេរី​នៅលើ​បណ្ណាល័យ​ឌីជីថល Let’s Read ។
Let’s Read គឺជា​គំនិត​ផ្តួចផ្តើម​ឌីជីថល​ដែល​ចំនួន​សៀវភៅ​កើនឡើង​យ៉ាង​រហ័ស​រហូតដល់​ជាង ២០០០​ក្បាល​ក្នុង ២៣​ភាសា​ផ្សេងៗ​គ្នា ជាពិសេស​សៀវភៅ​ជា​ភាសា​ខ្មែរ​ដែលមាន​រហូតដល់​ជិត ៣០០​ក្បាល​។ ​បណ្ណាល័យ​ឌីជីថល​នេះ បង្កើតឡើង​ក្នុង​យុគសម័យ​ដែល​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​កំពុង​ពេញនិយម ហើយ​បណ្ណាល័យ​មួយ​នេះ អនុញ្ញាត ឱ្យ​សាធារណជន អាច​ទាញយក​សៀវភៅ​មក​អាន តាមរយៈ​គេហទំព័រ​អន​ឡាញ និង​កម្មវិធី​ក្នុង​ទូរ​សព្ទ​ដៃ​(App)​តាមរយៈ Google Play Store ផងដែរ​។ បណ្ណាល័យ​ឌីជីថល​នេះ​ត្រូវបាន​និង​កំពុងតែ​ត្រូវ​ដៃគូ​អភិវឌ្ឍ​នៅក្នុង​វិស័យ​អប់រំ យកទៅ​ប្រើប្រាស់​ទាំង​ក្នុង​សាលា និង​ជា​ជំនួយ​ដល់​កម្មវិធី​ផ្សេងៗ​ទៀត​របស់​ពួកគាត់​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​នេះ​ជា​លើកដំបូង​ដែល កម្មវិធី​ផលិត​សៀវភៅ​រឿង​កុមារ​(BookLab) របស់ Let’s Read ត្រូវបាន​រៀបចំឡើង​នៅ​ហ្វារ​ពន្លឺ​សិល្បៈ​ឯ​ខេត្តបាត់ដំបង​។ កម្មវិធី​នេះ​មានការ​ចូលរួម​ដោយ លោក​ យី សុង​គី ប្រធាន​មន្ទីរអប់រំ​ខេត្តបាត់ដំបង លោក Kyle Barker នាយករង​កម្មវិធី​សៀវភៅ​សម្រាប់​អាស៊ី នៃ​អង្គ​ការមូល​និ​ធី​អាស៊ី DJ Nana ទូត​សុ​ឆ​ន្ទះ (CSR Ambassador) នៃ​ក្រុមហ៊ុន Smart Axiata និង លោក ពៅ កាំ​ង ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Starbucks Cambodia​។​ ​លោក​ យី សុង​គី ប្រធាន​មន្ទីរអប់រំ​ខេត្តបាត់ដំបង​បាន​កត់សម្គាល់ថា “​យើងខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​កម្មវិធី​ផលិត​សៀវភៅ​លើក​នេះ ត្រូវបាន​រៀបចំ​នៅ​ខេត្តបាត់ដំបង​។ ក្រសួង​អប់រំ​តែងតែ​ផ្ល​ល់​ការគាំទ្រ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ក្នុងការ​ផលិត​ធនធាន​អំ​ណាន​ដែលមាន​គុណភាព​ខ្ពស់ និង​ការលើកកម្ពស់​ទម្លាប់​នៃ​ការអាន ក៏ដូចជា​ការគិត​ពិចារណា​ល្អិតល្អន់​ក្នុងចំណោម​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​តូចៗ​នៅ​កម្ពុជា​។ យើង​នឹង​ប្រើប្រាស់​ធនធាន​ទាំងនោះ​នៅក្នុង​សាលារៀន​របស់​យើង​ឱ្យ​អស់ពី​លទ្ធភាព​”​។​

“​យើង​សង្ឃឹម​និង​ជឿជាក់ថា សៀវភៅ​រឿង​កុមារ​ស្តីពី​អាជីព​នឹង​ជា​កម្លាំង​ជម្រុញ​ចិត្ត​យ៉ាងខ្លាំង​ដល់​កុមារ​ទាំងអស់ ព្រមទាំង​បើកឱកាស​ឱ្យ​កុមារ​អាច​មើលឃើញ​ខ្លួនឯង​នៅក្នុង​តួនាទី​ទាំងនោះ​នាពេល​អនាគត​។ លោក Kyle Barker មានប្រសាសន៍​បន្ថែមថា យើង​បាន​ជ្រើស​យក​ប្រធានបទ​នេះ​ឡើង​ដោយ​ស្របទៅនឹង​បរិបទ​នៃ​ប្រទេស​កម្ពុជា​ដែល​កំពុង​ស្ថិតក្នុង​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​៤ ហើយ​សៀវភៅ​ទាំងនេះ​នឹង​ជួយ​កុមារ​បង្កើត​ចំណាប់​អារម្មណ៍​ក្នុងការ​ស្វែងរក​អាជីព​នៅក្នុង​វិស័យ​ស្ទែ​ម ដែល​រួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​” ។​
​កម្មវិធី Let’s Read ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Smart Axiata ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Starbucks Cambodia ដែលជា​ក្រុមហ៊ុន​កាហ្វេ​ឈានមុខ​គេ​នៅលើ​ពិភពលោក​តាំងពី​ឆ្នាំ​១៩៧១​។

​លោក Jonathan Yap ជា​ប្រធាន​ផ្នែក​គ្រប់គ្រង និង​កិច្ច​ការសហការ នៃ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ “​ក្រុមហ៊ុន បាន​ចូលរួម​លើកកម្ពស់​ទម្លាប់​នៃ​ការអាន និង​អក្ខរកម្ម​តាមរយៈ​ការចូលរួម​គាំទ្រ​ក្នុង​សកម្មភាព​សង្គម​នានា​។ សៀវភៅ​ឌីជីថល ដែល​បង្កើត​ដោយ Let’s Read បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​កុមារ​ឱ្យ​បង្កើត​ទម្លាប់​អាន​សៀវភៅ និង​ចាប់ផ្តើម​ការស្រមើស្រមៃ​ខ្ពស់ ដោយ​ប្រើប្រាស់​សម្ភារៈ​អប់រំ​តាម​អ៊ី​ន​ធឺ​ណែ​ត​។ វា​ជាការ​ប្រសើរ​ណាស់​ដែលមាន​គម្រោង Let’s Read​មួយ​នេះ ហើយ​យើង​បាន​គាំទ្រ​តាំងពី​ឆ្នាំ​២០១៧ ឥឡូវ​បាន​ពង្រីក​ខ្លួន​ដល់​ខេត្ត ដែល​អាចឱ្យ​អ្នកស្ម័គ្រចិត្ត វិចិត្រករ និង​នាយក​សិល្បៈ​បានទទួល​យក​នូវ​បទពិសោធ​ថ្មី​ប្លែក ខណៈពេល​បង្កើត​ខ្លឹមសារ ដែលមាន​ភាពចាំបាច់​ស​ម្រា​ប់​អនាគត​យុវជន​កម្ពុជា​”​។​

​លោក ពៅ កាំ​ង ប្រធាន​ផ្នែក​ទីផ្សារ ប្រចាំ​នៅ Starbucks Cambodia បាន​មានប្រសាសន៍ថា​៖ “​ចាប់ពី​ឆ្នាំ ២០១៨ មក​ពួកយើង​បាន​សហការ​ជាមួយ​អង្គការ មូលនិធិ​អាស៊ី លើគ​ម្រា​ង Let’s Read ដែល​ពួកយើង​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​ដូចជា ការកែសម្រួល និង​សរសេរ​សៀវភៅ​រឿងនិទាន​ទាក់ទង​ពី​ប្រវត្តិ​កាហ្វេ ដែល​ចូលរួម​ដោយ​ដៃគូ​ឆុង​កាហ្វេ (​បុគ្គលិក​) របស់​យើង ចំណែកឯ​អតិថិជន​យើង​ក៏បាន​ចូលរួមចំនែក​តាមរយៈ ការទិញ​សៀវភៅ​នោះ​ផងដែរ ។ កម្មវិធី​សប្បុរសធម៌​នេះ វា​ស្របទៅនឹង​អ្វីដែល Starbucks ទូទាំង​ពិភពលោក​បាន​គាំទ្រ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​អប់រំ ។ បន្ទាប់ពី​កម្មវិធី Booklab នេះ​រួចរាល់ យើង​នឹងធ្វើ​ការបោះពុម្ព​ខ្នាត​ធំ ហើយ​ចែកចាយ​តាម​សាខា​របស់​យើង​ទូទាំងប្រទេស​ក្នុង​រដូវ​កាល​បុណ្យ​ណូអែល​ខាងមុខនេះ ” ។​
​គួរបញ្ជាក់​ផងដែរ​ថា សៀវភៅ​ដែល​ផលិត​នៅក្នុង​កម្មវិធី​នេះ និង​សៀវភៅ​ផ្សេងៗ​ដែលមាន​ស្រាប់ មាន​នៅលើ​បណ្ណាល័យ​ឌីជីថល www.letsreadasia.org សម្រាប់​សាធារណជន​អា​ចរក​អាន ទាញយក ព្រី​ន និង​ចែកចាយ​បាន​ដោយ​សេរី​។​

​គម្រោង Let’s Read គឺជា​កិច្ច​ផ្តួចផ្តើមឡើង​ដោយ​អង្គការ​មូលនិធិ​អាស៊ី ហើយក៏​ជា​គម្រោង​ដែល​កំពុង​រីកដុះដាល​យ៉ាង​លឿន ដោយ​ពឹង​ផ្អែកទៅលើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​មូលនិធិ​អាស៊ី​ដែលមាន​ការិយាល័យ​នៅ​១៨​ប្រទេស​នៅក្នុង​តំបន់ ជាមួយនឹង​សហគមន៍​ក្នុង​ការកសាង​បណ្ណាល័យ​ឌីជីថល ជា​ភាសា​ក្នុង​តំបន់​។ សៀវភៅ​រឿង​ក្នុង​បណ្ណាល័យ​និយាយ​អំពី​ប្រធានបទ​ផ្សេងៗ​ដូចជា បរិស្ថាន ភាព​ចំរុះ​គ្នា ការតស៊ូ និង​ការអត់ឱន យេនឌ័រ និង​ស្ទែ​ម (STEM)​។ គម្រោង​នេះ​ក៏​បណ្តុះ​នូវ​ទម្លាប់​អាន​ដែល​ជួយ​ដល់​កុមារ ក្រុមគ្រួសារ​របស់គាត់ និង​សហគមន៍​របស់គាត់ ឱ្យ​រីកចម្រើន​ក្នុងកំឡុងពេល​ផងដែរ​។ គម្រោង​នេះ​ក៏មាន​គោលបំណង​បន្ត​កសាង​សហគមន៍​អ្នកបង្កើត​សៀវភៅ អ្នកបកប្រែ​សៀវភៅ​ដែល​ចង់ឃើញ​អនាគត​ដែល​ពោរពេញ​ទៅដោយ​សៀវភៅ​កុមារ​។​

​អំពី​អង្គការ​មូលនិធិ​អាស៊ី​​អង្គការ​មូលនិធិ​អាស៊ី គឺជា​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​ដែល​មិន​ស្វែងរក​ប្រាក់ចំណេញ ដែល​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​រស់នៅ​របស់​ប្រជាជន​នៅ​ជុំវិញ​ទ្វីបអាស៊ី​។ អង្គការ​មូលនិធិ​អាស៊ី​មានបទពិសោធន៍​ជាង​​ប្រាំមួយ​ទសវត្សរ៍ ដែល​ការងារ​របស់​អង្គការ​មូលនិធិ​អាស៊ី​ភាគច្រើន​ផ្តោតទៅលើ​គោលដៅ​ធំៗ​ចំនួន​ប្រាំ រួមមាន ការពង្រឹង​អភិបាលកិច្ច ការលើកកម្ពស់​ស្ត្រី ការលើកកម្ពស់​កលា​នុ​វត្ត​ភាព​សេដ្ឋកិច្ច ការលើកកម្ពស់​បរិស្ថាន និង​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​នៅក្នុង​តំបន់​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​របស់​អង្គការ​មូលនិធិ​អាស៊ី www.asiafoundation.org​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖
​លោក ឃុ​ត ស៊ន​និមល sornnimul.khut@asiafoundation.org ឬ ០៩២/១៦ ៥៦៣ ៤៧៤ (​នៅ​កម្ពុជា​)
​លោក Kyle Barker kyle.barker@asiafoundation.org ឬ +១៥១០-៦៦៧-៦៤៧៥ (​នៅ​សហរដ្ឋអាមេរិក​)
​ដើម្បី​យល់ដឹង​បន្ថែម​ពី​ការងារ​បស់​អង្គការ​មូលនិធិ​អាស៊ី សូម​ចូលទៅ​កាន់​គេហទំព័រ https://asiafoundation.org/about