ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាត និងការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាព រួមគ្នា បង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ឲ្យមានប្រសិទ្ធភាពក្នុងមូលដ្ឋានសហគមន៍ ជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពត រួមនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០បានបន្តអញ្ជើញចុះ សួរសុខទុក្ខនិង អប់រំផ្សព្វផ្សាយណែនាំអំពីវិធានការ ការពារទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ និងនាំយកអំណោយរួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សំលៀកបំពាក់ ក្រមារទឹកអាកុល នឹងថវិកាមួយចំនួន ដើម្បីផ្ដល់ជូនដល់គ្រួសារចាស់ជរា ដែលប្រឈមជីវភាពខ្វះខាត នៅតាមខ្នងផ្ទះ ក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពតខេត្តកំពត។
មានប្រសាសន៍សំណសំណាល ជាមួយប្រជាពលរដ្ឋ លោកយាយ លោកតា ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្របានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពប្រទេសជាតិយើង ជួបបញ្ហាទុក្ខលំបាក ជារៀងរហូតមក សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែមានការយកចិត្តទុកដាក់គិតគូរខ្ពស់ រួមសុខរួមទុក្ខលំបាកនិងដោះស្រាយជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ជាក់ស្ដែងស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចកម្ពុជាយើងកំពុងរួមដៃគ្នាប្រយុទ្ធបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត១៩ដ៏កាចសាហាវដែលជាបន្ទុកធ្ងន់ធ្ងរសម្រាប់ពិភពលោកយើងនាបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវនិងណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ កងកម្លាំងគ្រប់ថ្នាក់គ្រប់ផ្នែកត្រូវរួមសាមគ្គីគ្នា ចុះដល់មូលដ្ឋានជួយដល់ប្រជាពលរដ្ឋ ដើម្បីអប់រំណែនាំផ្សព្វផ្សាយ ពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ និងការផ្គត់ផ្គង់សម្ភារៈបរិក្ខាររួមនឹងស្បៀងអាហារទំនុកបំរុងជូនដល់ប្រជាពលរដ្ឋដែលប្រឈមការខ្វះខាត ដោយមិនទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយខ្វះស្បៀងអាហារ ដែលរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច មិនបានដឹងនិងមិនបានដោះស្រាយឡើយ។
ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៏បានសំណូមពរចំពោះលោកយាយ លោកតាសូមឱ្យជួយ មានការក្រើនរំលឹកដល់កូនចៅប្រជាពលរដ្ឋក្នុងភូមិ បើពុំមានការចាំបាច់ទេក្នុងដំណាក់កាលនេះ គួរកុំធ្វើដំណើរចេញពីផ្ទះ ឬចូលរួមក្នុងកម្មវិធីប្រមូលផ្ដុំគ្នាមានមនុស្សច្រើន ដែលងាយនាំឲ្យប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ហើយត្រូវស្តាប់និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែល ដែលអាជ្ញាធរសង្កាត់បានចាក់សារជាសំឡេងផ្សព្វផ្សាយ តាមមេក្រូនៅក្នុងភូមិ សង្កាត់នាសព្វថ្ងៃនេះឱ្យបានយល់ដឹងទាំងអស់គ្នា អំពីវិធានការថែទាំ សុខភាពឱ្យបានល្អ ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ ១៩នេះឲ្យទទួលបានប្រសិទ្ធភាពនៅក្នុងសហគមន៍របស់យើង។
ដូច្នេះជាមួយគ្នានេះដែរក៏សូមឲ្យ លោកយាយ លោកតា រួមនឹងប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងដៃសម្អាត ដោយសាប៊ូឬទឹកអាកុល ឲ្យបានញឹកញាប់ជាប្រចាំ ហើយបើមានករណីសង្ស័យនូវការឆ្លងជំងឺផ្សេងៗសូមប្រញាប់អញ្ជើញទៅមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួន ។ ដើម្បី រក្សាបាននូវសុខភាពល្អ ជៀសផុត ការឆ្លង នៃ វីរុសកូវីដ១៩នេះមកលើសង្គមគ្រួសារនិងសហគមន៍យើង៕
អត្ថបទៈ លោក សាយ យាវ