ការសម្របសម្រួល​បញ្ហា​ដោយ​ក្តី​សណ្តោស​មានតម្លៃ​បំផុត តែ​ការចង់​ឈ្នះ​ចាញ់​គឺ​គ្មាន​ទីបញ្ចប់​

ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​គ្រួសារ​យើង​តែមួយ ហើយ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ គឺ​គ្មានអ្វី​ល្អ​ជាង​ការអត់ឱន អធ្យាស្រ័យ​គ្នា​នោះទេ ។ ការជួបគ្នា ការនិយាយ​ទល់មុខ​គ្នា​រាល់​បញ្ហា ដើម្បី​សម្របសម្រួល​ដោយ​ក្តី​សណ្តោស មានតម្លៃ​បំផុត ហើយ​អាច​រក្សាបាន​នូវ​ភាពថ្លៃថ្នូរ សាមគ្គីភាព និង​សុខសន្តិភាព​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។ ផ្ទុយទៅវិញ​បើ​ប្រជាពលរដ្ឋ​ប្រកាន់យក​ជំ​ហ៊​ចង់​ចាញ់ឈ្នះ​គឺ​គ្មាន​ថ្ងៃ​បញ្ចប់​នោះទេ ទោះ​តុលាការ​សម្រេច​ថា​ចាញ់ ឬ​ឈ្នះ​ហើយក៏​ដោយ ក៏​ភាគី​ទាំងសង់ខាង​នៅតែមាន​ការខាតបង់ និង​ចិត្ត​ចងកំហឹង​នឹង​គ្នា​រហូត ។

​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម ម៉ៅ ធនិន អភិបាល​ខេត្តកំពត នៅក្នុង​វេទិការ​ដោះស្រាយ និង​ទទួលយក​បញ្ហា​ប្រឈម និង​សំណូមពរ​ផ្សេងៗ របស់​ប្រជាពលរដ្ឋ ដោយ​ប្រើ​យុទ្ធសាស្ត្រ ថា​នា​នុ​ក្រម​គ្រួសារ ដែល​វេទិការ​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាខេត្ត នៅ​ព្រឹក​ថ្ងៃទី ២៥ ខែតុលា​នេះ ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់ មកពី​៩​ក្រុង​ស្រុក​ចូលរួម​។​

​ឯកឧត្តម​បាន​បន្តទៀតថា មនុស្ស​មាន​បី​ប្រភេទ គឺ​មនុស្ស​ចិត្ត​មនុស្ស មនុស្ស​ចិត្ត​ទេវតា និង​មនុស្ស​ចិត្ត​ប្រេត​តេ​រ​ច្ឆា​ន ។ បើ​ទៅ​ពឹង​មនុស្ស​ចិត្ត​មនុស្ស គេ​នឹង​ខិតខំ​ជួយ​យើង​ដោយ​សុទ្ធចិត្ត , បើ​ទៅ​ពឹង​ចំ​មនុស្ស​ចិត្ត​វេ​តា យើង​នឹង​រីកចម្រើន តែបើ​ព្រោះតែ​ចង់​ឈ្នះ​ចាញ់​ទៅ​ពឹង​ប៉ះ​មនុស្ស​ចិត្ត​ប្រេត​តិ​រ​ច្នាន យើង​នឹង​កាន់តែ​វេទនា​កាន់តែខ្លាំង ។

ក្នុង​វេទិកា​នោះដែរ​បាន​ដោះស្រាយ និង​ប្រមូល​បញ្ហា​ជាច្រើន​ករណី មាន​ទាំង​ករណី​ទំនាស់​ក្នុង​គ្រួសារ ជម្លោះដីធ្លី​រវាង​ពលរដ្ឋ និង​អាជ្ញាធរ ជម្លោះដីធ្លី​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ករណី​រំលោភ​យក​ដី​រដ្ឋ ករណី​ប្តឹងផ្តល់​រឿង​គ្រោះថ្នាក់​ចរាចរ ករណី​ចាប់​គ្រឿងចក្រ​ឈូ​ឆាយដី និង​សំណូមពរ​សុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាដើម ហើយ​ក្នុងចំណោម​ករណី​ខាងលើ ឯកឧត្តម​បាន​ដោះស្រាយ​រួចរាល់​នៅនឹងកន្លែង​បាន​ភាគច្រើន នៅ​សស់តែ​ករណី​ដីធ្លី​មួយចំនួន ដែល​ទាមទា​ឲ្យ​ឯកឧត្តម​ត្រូវ​ចុះទៅពិនិត្យ​ដល់​កន្លែង​ជាក់ស្តែង ក្នុងពេល​ឆាប់ៗ ។

​ឯកឧត្តម​បាន​បន្ថែមថា​នឹងដាក់​វេណ​ចុះទៅ​ធ្វើ​វេទិការ​ដោះស្រាយ​នៅ​គ្រប់​ក្រុង​ស្រុក ដោយ​ចេញពី​ដងទង់ នឹង​ទៅ​ជុំ​គិរី បន្ទាប់មក​បន្ទាយមាស ស្រុក​ឈូក ក្រុង​បូកគោ រួចមក​ក្រុង​កំពត ហើយ​បន្ត​ទៅជា​ហូរហែ​ទៀត​តាម​ពាក្យបន្តឹង​ដែល​ឯកឧត្តម​បានទទួល​ពី​ប្រជាពលរដ្ឋ ។

​ក្នុង​វេទិការ​នោះដែរ ឯកឧត្តម​ក៏បាន​ជូន​ស្បៀងអាហារ​ជូន​ដល់ លោកតា លោកយាយ ជនពិការ​ភាព ស្ត្រី​មាន​ផ្ទៃពោះ និង​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ សរុប​ចំនួន​១៦០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ ១០ គីឡូក្រាម មី​១​កេស និង​ទឹកត្រី ទឹកស៊ីអ៊ីវ ១​យួរ និង​ថវិការ​មួយចំនួន​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​