រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ ប្រចាំ​ខែសីហា​

នៅ​សាលប្រជុំ​សាលាខេត្ត​នា​រសៀល​ថ្ងៃទី​២៥ ​ខែកញ្ញា ឆ្នាំ​២០១៩ ​រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ក្រោម​អប​តី​ភាព​ឯកឧត្ដម ​ជាវ តា​យ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​។​ ​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​មតិយោបល់ ​ពិនិត្យពិភាក្សាលើ​របាយការណ៍​សកម្ម​ភាព​រួម ពី​សំណាក់​អាជ្ញាធរ ក្រុង ស្រុក មន្ទីរ អង្គភាព ជំនាញ​ដោយ​ពាក់ព័ន្ធ​ការងារ​បង្កបង្កើនផល សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត​។

​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​ឯកឧត្ដម​ ជាវ តា​យ​ អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​រដ្ឋបាលខេត្ត​កំពត​សម្រេចបាន​ក្នុង​ខែសីហា​ឆ្នាំ​២០១៩​នេះ​ដោយ​ផ្ដើមចេញពី​ការខិតខំ​របស់​អាជ្ញាធ​រ​និង​ជំនាញ​ផ្នែក​ពាក់ព័ន្ធ​ដោយ​ផ្អែកលើ​កម្មវិធី​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​ជា​ប្រមុខ​ដឹកនាំ​ក្នុង​ចក្ខុវិស័យ​វែងឆ្ងាយ​និង​ត្រឹមត្រូវ​ច្បាស់លាស់ ដែលជា​ឱកាស​ធ្វើអោយ​ប្រជាពលរដ្ឋ​យើង និង​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​គ្រប់​ផ្នែក​គ្រប់​ថ្នាក់​រួមគ្នា​អនុវត្ត​និង​ដោះស្រាយ​បានសម្រេច​និង​រីកចម្រើន​គួរអោយ​ប្រសើរ​។​

ជាមួយ​ឱកាស​នោះ​ពាក់ព័ន្ធ​សន្តិសុខ​សណ្ដាប់​ធ្នាក់​សាធារណៈ​សង្គម ពិសេស​ក្នុង ក្រុង​កំពត​នា​រយៈពេល​កន្លងមកនេះ​មាន​លេចចេញ​ជា​សកម្មភាព ចោរលួច​ឆក់​។ ឯកឧត្ដមអភិបាលខេត្ត ក៏បានក្រើនរំលឹក​ដល់​អាជ្ញាធរ​ក្រុង​កំពត​ត្រូវតែ​ខិតខំ​សហការ​ពង្រឹងពង្រីក​និង​ពង្រាយ​នូវ​កងកម្លាំង​នគរបាល​នៅក្នុង​គោលដៅ​ចាំបាច់​សំខាន់​របស់​ក្រុង​កំពត​ដោយ​សំដៅ​ការធានា​ថែរក្សា​អោយបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ អោយបាន​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ដើម្បី​ផ្ដល់​ការ​ជំនឿ​កក់ក្ដៅ​និង​សេចក្ដីសុខ​ជូន​ប្រជាពលរដ្ឋ​មកលើ​អាជ្ញាធរ​។

​ដោយឡែក​ចំពោះ​សកម្មភាព​ពាក់ព័ន្ធ​បទល្មើស​នៃ​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ខេត្តកំពត​កន្លងមក​។ ឯកឧត្ដម ជាវ តា​យ​ អភិបាល ខេត្ត ក៏បាន​លើក​បញ្ជាក់ថា​ដោយសារ នា​រយៈពេល​កន្លងមក​ឃើញថា​បណ្ដាញ​សង្គម​​បានលើកឡើង​តៗ​គ្នា​រហូតដល់​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​និង​បរទេស​ចុះផ្សាយ​នោះ ។ ឯកឧត្ដមអភិបាលខេត្តក៏បាន​បញ្ជាក់ថា រដ្ឋបាលខេត្ត​តែងតែ​ចាត់​នូវ​វិធានការណ៍​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្តល្មើស គឺថា​ច្បាប់​មិន​អនុញ្ញាតិ​អោយ​ទេ គឺ​ថាបើ​ជនល្មើស​បាន​ប្រព្រឹត្ត​ត្រូវតែ​អនុ​វន៍​តាម​នីតិវិធី​ច្បាប់​។ ហើយ​ពាក់ព័ន្ធ​ករណី​រំលោភបំពាន​ទន្ទ្រាន​ដី នេះ​ទៀត​សោធន ឯកឧត្ដម ជាវ តា​យ ​អភិបាល​ខេ​តម​ត​ក៏បាន​ក្រើនរំលឹក​ណែនាំ​ដល់​អាជ្ញាធរ ក្រុង ស្រុក ក៏​ដូចមន្ទីរអង្គភាពពាក់ព័ន្ធ មិនត្រូវ​ព្រងើយកន្តើយ​ឡើយ​ត្រូវតែ​ធ្វើ​របាយការណ៍​អោយបាន​ជាក់លាក់​ដោយ​ប្រមូល​ប្រភព​បញ្ហា​ប្រឈម​ទាំងនោះ​ចាត់​វិធានការណ៍​ដោះស្រាយ បើ​ពុំ​ដូច្នេះ​ទេ​ទៅ​ថ្ងៃមុខ​យើង​និង​ប្រឈម​ខ្លួនឯង ព្រោះ​បុគ្គល​ដែល​​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ហើយ​បើ​មិនបាន​អនុវត្ត​ដូច្នោះ​ទេ​យើង​នៅតែ​រង​ការចោទប្រកាន់​ឥតឈប់ឈរ​ឡើយ​។

ឯកឧត្ដមអភិបាលខេត្ត ក៏បាន​បន្តទៀតថា​៖ ដោយ​អនុវត្ត​នូវ​អ្វីដែល​តែងតែមាន​ការណែនាំ​និង​យកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីបញ្ហា​ការការពារ​នូវ​អ្វី​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។ រដ្ឋបាលខេត្ត​ត្រូវតែមាន​វិធានការណ៍​និង​ត្រូវតែមាន​ការទប់ស្កាត់​ជា​ចាំបាច់ មិនអាច​អោយ បុគ្គល ណាមួយ នៅតែ​ប្រព្រឹត្ត ហើយ​បង្ក​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​តទៅទៀត​បានទេ​។ ដូចនេះ​ទាំងអស់គ្នា ពិសេសសូមអោយ​លោក​អភិបាលក្រុង ស្រុក ទាំងអស់​យកចិត្តទុកដាក់នូវ​របាយការណ៍អំពី​សកម្មភាព​កើតឡើង​នៅក្នុង​រដ្ឋបាល​របស់ខ្លួន​គ្រប់គ្រង ពីព្រោះ រដ្ឋបាលក្រុង ស្រុកនីមួយៗ​ក្នុង​ដែនដី​របស់ខ្លួន​ បើ​មិន​បានធ្វើ​របាយការណ៍​មក​ថ្នាក់​ខេត្ត​ទេ ហើយ​នៅតែ​ទុក​បញ្ហា​នេះ​ធ្វើអោយ​រីកដុះដាល​នូវ​ការទន្ទ្រាន​ដីធ្លី​នេះ​គឺជា​ការទទួលខុសត្រូវ​របស់ខ្លួន​។

-​សូមបញ្ជាក់ថា​កិច្ចប្រជុំ​នេះ​បាន​ផ្ដោតលើ​របៀបវារៈ​ពាក់ព័ន្ធ​សំខាន់ៗ រួមមាន ៖
​ទី​១-​ពិនិត្យ ពិភាក្សា លើ​សេចក្ដីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ ២០១៩​
​ទី​២-​ពិនិត្យ ពិភាក្សា លើ​សេចក្ដីព្រាង របាយការណ៍​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ខែសីហា ឆ្នាំ ២០១៩
​ទី​៣- ពិនិត្យ ពិភាក្សា លើ​ករណី​ជីក​ទំនប់​ហ៊ុមព័ទ្ធ​ព្រៃកោងកាង ស្ថិតនៅ​ភូមិ ព្រែក​ត្នោត​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ ខេត្តកំពត
​ទី​៤-​ពិនិត្យ ពិភាក្សា លើ​ករណី​ចាក់​រំលោភ​ដី សាធារណៈ របស់ រដ្ឋ នៅ​ជិត​ស្ពាន​ក្បាល​រមាស​ស្ថិត នៅ​ភូមិ ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ខេត្តកំពត​និង​បញ្ហា ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​នូវ​លិខិតបទដ្ឋាន​គតិ​យុត្ត​មួយចំនួន​របស់​ក្រសួងមហាផ្ទៃ​និង​របស់​រាជរដ្ឋាភិបាល​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​