​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​បាន​ត្រឹមត្រូវ​អាច​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​របស់​មាតា និង​ទារក​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​ជំរុញ​ដល់​មន្ត្រី​មន្ទីរស្ថាប័ន​ជំនាញ និង​ពាក់ព័ន្ធ​សូម​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈានទៅដល់​ការកាត់បន្ថយ​អាត្រា​ស្លាប់​របស់​មាតា និង​ទារក រួមទាំង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ របស់​កម្ពុជា​ផងដែរ​។​ ​លោកជំទាវ​លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត កំពត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ដែល​បានរៀបចំ​ធ្វើឡើង នៅ​មន្ទីរពេទ្យបង្អែក​ប៊ុន រ៉ានី ហ៊ុនសែន​កោះស្លា ស្ថិតក្នុង​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។​

​នៅក្នុង​ឱកាស​ដ៏​សែន​មនោ​រម្យ លោកជំទាវបាន​លើកឡើងថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ពិសេស​សម្តេច​គតិ​ព្រិ​ទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន បាន​បំផុសស្មារតី មនុស្សធម៌​ឲ្យ​រីក​សុះសាយ​នៅក្នុង​សង្គម​ខ្មែរ​ដែលមាន​វប្បធម៌​ដ៏​បវរ​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្លើ​ល​។​ សកម្មភាព​មួយ​នៅ ក្នុងចំណោម​សកម្មភាព​ជាច្រើន ដែល​បង្ហាញ​អំពី​ទឹកចិត្ត​ស្រឡាញ់ និង​កាយវិការ​ដ៏​សប្បុរស​គ្មាន​ពីរ​របស់​សម្តេច​ទាំងពីរ នាពេល​កន្លង​ទៅមក​ថ្មីៗ​នេះ គឺ​ការដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សុខភាព​មាតា និង​ទារក​ក្នុង​គ្រួសារ​ខ្វះខាត​នៅ​កម្ពុជា តាមរយៈ​ការជំរុញ​ឲ្យ​ស្ត្រី​ទៅពិនិត្យ​ផ្ទៃពោះ និង​ថែរក្សា​សុខភាព​មុនពេល អំឡុងពេល និង​ក្រោយពេល​សម្រាល​។

ការអនុវត្ត​គោ​លន​យោ​បាន​មួយ​នេះ អាចឈាន​ទៅដល់​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា និង​ទារក និង​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​លោកជំទាវ លាង ហៃ​ ជាវ​តា​យ បញ្ជាក់ថា ផ្អែក​តាម​ការកំណត់​នូវ​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចិ​រ​ភាព​ឆ្នាំ​២០៣០ លោកជំទាវ​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​ជួយ​គាំទ្រ ដល់​ការងារ​សុខភាព​មាតា ទារក និង​កុមារ​នៅក្នុង​ខេត្តកំពត​។​លើ​ពី​នោះ​ទៅទៀត​អនុប្រធាន​អចិន្ត្រៃយ៍​សាខា ក៏បាន​អំពាវនាវ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​សុខភាព ឬ អ្នកផ្តល់​សេវា​សុខភាព​ទាំងអស់ ចូលរួម​គាំទ្រ និង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានទៅ​សម្រេចបាន​គោលដៅ នៃ​ការកាត់បន្ថយ អត្រា​ការស្លាប់​របស់​មាតា និង​ទារក និង​កុមារ​តូចៗ​របស់​កម្ពុជា​ឲ្យ​បាន​ជោគជ័យ​។​

​នៅក្នុង​ពិធី​នោះ​ដែល​លោកជំទាវ​ក៏បាន​នាំយក​អំណោយ​មួយចំនួន​ប្រគល់ជូន – ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​មានកូន​អាយុ​ក្រោម​៥​ឆ្នាំ ចំនួន​១២៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សារុង​១ អាវយឺត​១​កញ្ចប់ ទឹកដោះគោ​ខាប់​៤​កំប៉ុង ស្ករស ១​គីឡូក្រាម ទឹក​សុទ្ធ​១​ដប​ធំ និង​ថវិកា​មួយចំនួន​។​- អ្នកជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​២៥​នាក់​ម្នាក់​ទទួលបាន ទឹក​ដោ​គោ​ខាប់​៤​កំប៉ុង ស្ករស​១​គីឡូក្រាម និង​ថវិកា​មួយចំនួន​។​- ស្ត្រី​សម្រាលកូន​ចំនួន​៦​នាក់​ម្មាក់ៗ​ទទួលបាន ទឹកដោះគោ​ខាប់​៤​កំប៉ុង ស្ករស​១​គីឡូករាម ឃី​ត​ទារក​១​ឈុត និង​ថវិកា​មួយចំនួន​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​