បញ្ហាទំនាស់ដីធ្លីដែលពាក់ព័ន្ធនិងព្រំផ្លូវ និងលំនៅស្ថានរវាងប្រជាពលរដ្ឋ និងម្ចាស់ដីឡូត៍ដែលមានភាពរ៉ាំរ៉ៃ តាំងពីឆ្នាំ២០១៦មកម្លេះ ដែលស្ថិតនៅទីតាំងក្នុងមូលដ្ឋានភូមិព្រៃត្នោតឃុំកំពង់គ្រែង ស្រុកទឹកឈូខេត្តកំពតជាយូរឆ្នាំកន្លងមកនេះ។ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុកការងារដីធ្លីព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភូមិឃុំនិងស្រុកទឹកឈូ បានបើកកិច្ចប្រជុំជួបរវាងប្រជពលរដ្ឋនិងម្ចាស់ដីឡូត៍ ដែលជាគូភាគីទំនាស់ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ ក្នុងគោលការណ៍ឈ្នះឈ្នះទាំងសង្ខាងរវាងប្រជាពលរដ្ឋនិងម្ចាស់ដីឡូត៍។
កិច្ចប្រជុំបន្ទាប់ពីបានស្ដាប់នូវរាយការណ៍បណ្ដឹងកន្លងមករបស់ប្រជាពលរដ្ឋ ដែលបានដាក់ជូនឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយ អន្តរាគមន៍ដោះស្រាយពាក់ព័ន្ធជាមួយម្ចាស់ដីឡូត៍ ដែលបានបិទផ្លូវឆ្លងកាត់ចេញចូលដីស្រែនិងលំនៅស្ថានរបស់ពួកគាត់ និងមតិសំណូមពររបស់ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំនេះ ដែលភាគច្រើនសុំស្នើអោយម្ចាស់ដីឡូត៍ គូភាគីទំនាស់អោយជួយសម្របសម្រួលដោះស្រាយបើកផ្លូវអោយពួកគាត់បានធ្វើដំណើរចេញចូលឆ្លងកាត់ដីស្រែឬលំនៅស្ថានរបស់ពួកគាត់រួចមក។
ជាលទ្ធផលកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានធ្វើការសម្របសម្រួលដល់គូភាគីទំនាស់ រវាងប្រជាជននិងម្ចាស់ដីឡូត៍ឱ្យមានការសម្បទានយោគយល់គ្នាទៅវិញទៅមកដោយធ្វើយ៉ាងណា ការដោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរវាងភាគីទំនាស់ទាំងសង្ខាង។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តគឺជាសេនាធិការឱ្យរាជរដ្ឋាភិបាលហើយការដោះស្រាយទំនាស់ដីធ្លីក្នុងជំហានដំបូងគឺ រដ្ឋបាលខេត្តពុំមានជម្រើសណាក្រៅពីការសម្របសម្រួលសម្បទានគ្នារវាងភាគីទំនាស់បានឡើយ គឺអនុវត្តន៍ទៅតាមគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា ក្រៅប្រព័ន្ធតុលាការ។
ដូច្នេះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានដាក់សំណូមពរស្នើសុំទៅប្រជាពលរដ្ឋឱ្យមានការស្ងប់ចិត្ត រីឯម្ចាស់ដីឡូត៍ដែលបានបិទផ្លូវ សូមឲ្យមានការឆ្លើយតបយ៉ាងឆាប់ ពោលគឺឆ្លើយតបតាមការកំណត់ស្នើសុំរបស់ម្ចាស់ដីឡូត៍ឲ្យបានត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើពុំដូច្នោះទេរដ្ឋបាលខេត្តនឹងចាត់វិធានការអនុវត្តផ្អែកលើមូលដ្ឋានទៅតាមនីតិវិធីច្បាប់និងដោយយោងតាម ពាក្យប្ដឹងរបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន។
តែទោះបីយ៉ាងណាឯកឧត្តមអភិបាលខេត្តក៏បានសម្ដែងក្ដីសង្ឃឹមចំពោះម្ចាស់ដីឡូត៍និងគិតពិចារណាធ្វើការសម្របសម្រួល ក្នុងទឹកចិត្តមនុស្សធម៌ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់ដោយចាត់ទុកជាខ្មែរកាន់ព្រះពុទ្ធសាសនាក្នុងការធ្វើបុណ្យក៏ដូចជាកិត្តិយសរបស់ខ្លួនផងដែរ។ ចំណែកឯការ ដោះស្រាយធ្វើផ្លូវ មួយខ្សែនៅក្នុងទីតាំងនៃមូលដ្ឋាននោះក្រៅពីមានការសម្របសម្រួលដំណោះស្រាយរួចរាល់ ក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្ត នឹងបានចាត់បញ្ជូនគ្រឿងចក្រឲ្យធ្វើការស្ថាបនាផ្លូវនេះជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានឆាប់ៗពេលខាងមុខនេះផងដែរ។
-សូមបញ្ជាក់ថា កិច្ចប្រជុំស្ដីពីបញ្ហាទំនាស់ដីធ្លីនេះ បន្ទាប់ពីបានជ្រាបនូវរបាយការណ៍របស់អាជ្ញាធរ ក៏ដូចការស្នើសុំ អន្តរាគមន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការសម្របសម្រួលដោះស្រាយ ជូនពួកគាត់និង ផ្អែកលើ ចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តបានចាត់បញ្ជូនឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន មានការចុះសិក្សាស្វែងយល់ជាក់ស្តែងដល់ទីតាំងដីទំនាស់កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីបានជាមូលដ្ឋានធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋ៕
អត្ថបទៈ លោក សាយ យាវ