ឯកឧត្ដម ជាវ តា​យ ​អញ្ជើញ​ចុះ​ពិនិត្យ​ការចាក់​បេតុង​សាងសង់​ស្ពាន​ឆ្លងកាត់​ស្ទឹង​កោះស្លា​ស្រុក​ឈូក​ខេត្តកំពត​

ស្ពានបេតុង​មួយកន្លែង ​ស្ថិតនៅ​ដងស្ទឹង​កោះស្លា​ព្រំប្រទល់​រវាង​ភូមិ​វាល​ក្រសាំង​ក្នុង​ឃុំ​តា​កែន​និង​ភូមិ​កោះស្លា​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​ខេត្ត កំពត​។ នៅ​ព្រឹក​ថ្ងៃទី ២៦​ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវបាន​ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ ដោយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អញ្ជើញ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ភូមិសាស្ត្រ​ជាក់ស្ដែង​ក្នុងដំណាក់កាល​នៃ​ការចាក់​បេតុង​កំរាល​ស្ពាន​មួយកន្លែង​នេះ​។​
គម្រោង​ស្ពាន​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន ម​រ៉ានី​ហ៊ុន សែន ដែល​ធ្វើ​ពី​បេតុង មាន​ប្រវែង​ ៥៥​ម៉ែត្រ​កម្ពស់​ ៨​ម៉ែត្រ ទទឹង​ជាង​៣​ម៉ែត្រ កំរាស់​បេតុង ​០,១៥​ម៉ែត្រ​និង​សសរស្ពាន​ ១០​ជួរ​ដែល​ត្រូវបាន​ចំណាយ​ថវិកា​អស់​ប្រមាណ ២១,០០០​ដុល្លា​។​


មានប្រសាសន៍ សំណេះសំណាល​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​តេ​ជោ ​ហ៊ុន សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុនសែន ​ជូន​ចំពោះ​ប្រជាពលរដ្ឋ សិស្សានុសិស្ស​និង​អាជ្ញាធរ​មូលដ្ឋាន​។​ដែលជា​និច្ចកាល សម្ដេច​ទាំងពីរ តែង​មាន​ការគិតគូរ​ខ្ពស់​ពី​សុខទុក្ខ​លំបាក​បញ្ហា​ប្រឈម​នានា និង​មានការ​ឆ្លើយតប​ដោះស្រាយ​រាល់​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​ដោយ​មិនមាន​ការរើសអើង​ឡើ​​យ។​
ជា​ការពិត​ជាក់ស្ដែង ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ដែល​កន្លងមក​មានទុក្ខ​លំបាក ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការនាំ​កសិផល​ទៅកាន់​ទីផ្សារ​នានា ព្រមទាំង​សំរួល​ដល់​សិស្សានុសិស្ស​ទៅកាន់​សាលារៀន​នៅ​រដូវវស្សា​ទឹក​ឡើង​ផង​។ សម្ដេច​​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានផ្ដល់​នូវ​ថវិកា និង​ចាត់​អោយ​អាជ្ញាធរខេត្ត ស្រុក ឃុំ ដើម្បី​សហការគ្នា​កសាង​ស្ពាន​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​ឡើង ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​ទាំង​ថវិកា ពេលវេលា និង​គ្រោះភ័យ​ផ្សេងៗ​ដោយ​យថាហេតុ​។​

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ មូលដ្ឋាន និង​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ជំរុញ​ការងារ​បង្កបង្កើនផល ដាំ​ដុះ ចិញ្ចឹម​សត្វ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ ហើយក៏​ត្រូវ​ត្រៀមលក្ខណៈ​បំរុង​ថែរក្សា​ប្រភពទឹក​ដែលមាន​ស្រាប់​អោយបាន​ល្អ​ ដើម្បី​ទប់ទល់​នឹង​ភាពរាំង​ស្ងួត​​​ឆ្នាំ​នេះ​​អូសបន្លាយ​យូរ​តាម​ការព្យាករណ៍​ឧ​ត្តុ​និយម ​ជាពិសេស​បើ​តំបន់​មាន​ប្រភព​លឹក​ហើយ​ធ្លាប់ធ្វើ​ស្រែប្រាំង​បាន​ពីរដង​ក្នុង​មួយ​រដូវ​ប្រាំង​​ត្រូវ​ងាក​មក​ធ្វើ​មួយដង​វិញ​ចំពោះ​ឆ្នាំនេះ​តាម​ស្រ​សាសន៍​ផ្ដាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​