​រដ្ឋមន្ត្រីក្រសួង​អប់រំ​៖ ការបង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋមសិក្សា​​គឺ​ដើម្បី​លើកកម្ពស់​ការអប់រំ​កុមារ​នៅ​កម្ពុជា

ការបង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋមសិក្សា​នៅ​កម្ពុជា គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​របស់​កុមារ និង​ផ្តល់ឱ្យ​ពួកគេ​មាន​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការរៀនសូត្រ និង​ការអភិវឌ្ឍ​នាពេល​អនាគត​។​

​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ការប្រគល់​-​ទទួល​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​នៅតាម​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​គោលដៅ​ទាំង​១១​ទីតាំង ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​នា​ព្រឹក​ថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ​២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​អង្គការ​យូណេស្កូ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា អគា​សិក្សា​ថ្មីៗ​ទាំងនេះ ត្រូវបាន​ប្រសូត្រ​ចេញពី​ការសហការ​គ្នា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​អង្គការ​យូណេស្កូ ដែល​អនុវត្ត​លើ​គម្រោង​ពង្រឹង​កម្មវិធី​អប់រំ​គ្រូបង្រៀន​នៅ​កម្ពុជា (STEPCam) លើ​ការងារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​នៅតាម​សាលា​គរុកោសល្យ​ខេត្ត​ទាំង​១១​ទីតាំង (PTTCs) ដោយ​យល់ឃើញថា ការបង្កើន​សមត្ថភាព​គ្រូបង្រៀន​បឋមសិក្សា​នៅ​កម្ពុជា គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​របស់​កុមារ និង​ផ្តល់ឱ្យ​ពួកគេ​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការរៀនសូត្រ និង​ការអភិវឌ្ឍ​នាពេល​អនាគត​។

ដើម្បី​ចូលរួម​កសាង​សមត្ថភាព​គ្រូបង្រៀន​បឋមសិក្សា​និង​បុគ្គលិក​អប់រំ ឲ្យ​កាន់​តែមាន​សមត្ថ​ភាពប្រសើ​រ​ឡើង​នោះ អង្គការ​យូណេស្កូ បានប្រគល់ កុំព្យូទ័រ​បន្ទះ (Tablets) ចំនួន ១៧៦ គ្រឿង ដល់​នាយកដ្ឋាន​បឋមសិក្សា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ជូន​គ្រូឧទ្ទេស និង​អ្នកសម្របសម្រួល​កម្មវិធី​អំ​ណាន និង​គណិតវិទ្យា​ថ្នាក់ដំបូង ដើម្បី​ជួយ​សម្រួល​ដល់​ការអភិវឌ្ឍ​លើ​ជំនាញ​ឌីជីថល​បន្ថែមទៀត​។​

​ឯ​ឧ​ត្ត​ម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់លោក​គ្រូ អ្នកគ្រូ ក្នុង​ការខិតខំ​ប្រឹងប្រែង​កន្លងមកនេះ​។ ជាពិសេស​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​សង្ឃឹមថា​ការបង្កើត​បន្ទប់​កុំព្យូទ័រ នឹង​ជួយ​បង្កើត​ការគាំទ្រ​បន្ថែម​ដល់​គ្រូឧទ្ទេស និង​គរុ​សិស្ស​ទទួលបាន​ការបណ្ដុះ​បណ្ដាល​បន្ថែម ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ទន្ទឹមនឹងនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក Sarlar Umar Alam ដែល​តែងតែ​ជួយ​ឧបត្ថម​គាំទ្រ​ដល់​វិស័យ​អប់រំ ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​