មន្ត្រីជំនាញក្រសួងបរិស្ថានបានលើកឡើងថា បរិស្ថានផ្សារភ្ជាប់ជាមួយជីវិតរស់នៅ ប្រសិនបើបរិស្ថានស្អាត ប្រជាពលរដ្ឋនឹងមានសុខភាពល្អ ហើយទេសចរនឹងកាន់តែមកសម្រាកកម្សាន្តច្រើន បង្កើនមុខរបរ បង្កើនចំណូលកាន់តែច្រើន។
មានប្រសាសន៍នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ“ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ” ដែលបានធ្វើឡើងនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការប្រារពទិវាអនាម័យបរិស្ថាននៅពេលនេះគ្រាន់តែជានិមិត្តរូប ដើម្បីជំរុញនឹងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រតិបត្តិមេត្រីបរិស្ថាន, បណ្តុះស្មារតីឲ្យពលរដ្ឋស្រឡាញ់បរិស្ថាន គោរពបរិស្ថាន ចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន និងជាចលនាជាតិមួយដើម្បីឲ្យសហគមន៍ សង្គមជាតិយើងមានបរិស្ថានស្អាតតែប៉ុណ្ណោះ ប៉ុន្តែអ្វីក្រសួងក៏ដូចជារាជរដ្ឋាភិបាលចង់បាន គឺការចូលរួមអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកន្លែងព្រោះបរិស្ថានស្អាតផ្តើមចេញពីយើងទាំងអស់គ្នា ។
ឯកឧត្តមបានបញ្ជាក់ថា បើទោះជាខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ មានតំបន់កម្សាន្តច្រើន មានម្ហូបឆ្ងាញ់ ប៉ុន្តែបើបរិស្ថានមិនស្អាត ភ្ញៀវទេសចរណ៍ក៏មិនមកដែរ ផ្ទុយទៅវិញបើយើងរួមគ្នារក្សាអនាម័យ បរិស្ថានស្អាត សុខភាពក៏ល្អ ទេសចរក៏មកច្រើន បង្កើនមុខរបរ បង្កើនចំណូលកាន់តែច្រើន។
ឯកឧត្តមរដ្ខលេខាធិការ ក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវចេះគ្រប់គ្រង់សំណល់សំរាម និងកាត់បន្ថយការប្រើថងប្លាស្ទិកឲ្យបានច្រើនបំផុត ព្រោះនៅកម្ពុជាក្នុងមួយថ្ងៃសំរាមជាងមួយម៉ឺនតោនត្រូវបានបង្កើតឡើង , មួយឆ្នាំប្រមាណជាង៤លានតោន។
ដោយឡែកនៅក្នុងខេត្តកំពតក្នុងមួយថ្ងៃមានសំរាមជិតមួយរយតោនត្រូវបានបង្កើតឡើង ហើយក្នុងសំរាមទាំងនោះ មាន៦៥ ទៅ៦៨ភាគរយជាសំណល់សរីរាង្គ ចំណែក២០ភាគរយទៀត ជាសំណល់ប្លាស្ទិក ដែលជាសំណល់ប្រឈមយូរអង្វែង ព្រោះវាយូររលាយ ហើយពេលវារលាយ ឬយកវាទៅដុត ក៏បំពុលដី ទឹក និងខ្យល់ ខណៈដែលបច្ចុប្បន្ននៅតាមទីប្រជុំជន តាមក្រុង ស្រុក ការប្រមូលសំរាមបានទៅចោលនៅទីលានចាក់សំរាមទើបបាន ៦០ ទៅ៧០ភាគរយតែប៉ុណ្ណោះ ចំណែកឯ៣០ភាគរយទៀត ត្រូវបានបោះចោលតាមទីប្រជុំជន តាមដងផ្លូវ ឬប្រភពទឹក ហើយបំពុលទៅដល់បរិស្ថានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត