នៅសាលប្រជុំសាលាខេត្តកំពត កាលព្រឹកថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍បែបបទ និងនីតិវិធីនៃការផ្ដល់សេវា រដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ក្រោមអធិបតីភាពចូលរួម ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។ វគ្គបណ្ដុះបណ្ដាលនេះជាជំហានទី២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ ទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាម ចូលរួម ដោយផ្ទាល់ ជាបុគ្គលិកពាក់ព័ន្ធ មកពីរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តកំពតចំនួន៤ គឺស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ស្រុកទឹកឈូ និងក្រុងបូកគោ និងរដ្ឋបាលក្រុងកែប ខេត្តកែប។ ដោយឡែកវគ្គបណ្ដុះបណ្ដាលនេះដែរ ក៏បានធ្វើតាមរយៈVideo Conference (Zoom) ជូនដល់បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៥៣ គោលដៅ នៃរាជធានី ខេត្តចំនួន២២ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ផងដែរ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ ក្នុងការបង្កើនសមត្ថភាពដល់មន្ត្រី ពាក់ព័ន្ធ កាន់តែប្រសើរ ក្នុងការផ្ដល់សេវារដ្ឋបាលតាមការិយាល័យ ច្រកចេញចូលតែមួយក្រុង ស្រុក សម្រាប់យកទៅអនុវត្តការងារ ផ្ដល់សេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស មានភាពងាយស្រួល មានតម្លាភាពប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យដឹងដែរថាខេត្តកំពត បានបង្កើតការិយាល័យច្រកចេញចូលតែមួយតាម បណ្ដាក្រុង ស្រុក ទាំង៩ ក្នុងខេត្ត ជាបន្តបន្ទាប់ គឺផ្ដើមដំបូង ការិយាល័យច្រកចេញចូលតែមួយក្រុងកំពតនា ឆ្នាំ២០១១ និងក្រុង ស្រុក មួយចំនួនទៀត ក៏បាននឹងកំពុងដំណើរការ ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយទទួលបានលទ្ធផលល្អប្រសើរផងដែរ។
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានលើកបញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែ បង្ហាញនូវឆន្ទៈយ៉ាងមុះមុត ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះការធ្វើកំណែទម្រង់ ការផ្ដល់សេវាកម្មរដ្ឋបាល តាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតប នឹងតម្រូវការរបស់អ្នកស្នើសុំសេវា ហើយនៅតែជាកិច្ចការអាទិភាពមួយ នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។
ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្ទេរសិទ្ធិ អំណាច មុខងារ ធនធាន និងការទទួលខុសត្រូវ ពីក្រសួងស្ថាប័ននៅថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្ខិតការធ្វើសេចក្ដីសម្រេចចិត្តក្នុងការផ្ដល់សេវាសាធារណៈជាមូលដ្ឋាននិងចាំបាច់នានាឱ្យទៅកៀកជិតប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានបន្តបញ្ជាក់ទៀតថា បច្ចុប្បន្នការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុកខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០២១-២០៣០ ដោយមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានវិទ្យា សម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងការរៀបចំរដ្ឋបាលអេឡិចត្រូនិចផងដែរ។
ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះពិតជាសំខាន់ លើកាលរៀបចំគោលការណ៍បែបបទនីតិវិធីនៃការអនុវត្តមុខងារ ទាំងមុខងារសម្រាប់ការអភិវឌ្ឍនិងមុខងារផ្ដល់សេវារដ្ឋបាល ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឲ្យការអនុវត្តមុខងារទាំងនោះកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាពនិងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត