ខេត្តកំពត​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ជាវ តា​យ​ អភិបាលខេត្ត​

​នៅ​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី១៤​។​ ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត មន្ទីរ​អង្គភាព​មន្ត្រីរាជការ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក​សមត្ថកិច្ច​កងកំលាំង​ទាំងបី សិស្ស​និស្សិត និង​​យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម​យុវជន​ ស​.​ស​.​យ​.​ក ​ខេត្ត​ប្រមាណ​ជិត ៣០០​នាក់​។​

​លោក​ ជី​ញ គួ​ង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពត​ បានធ្វើ​របាយ​ការណ៍​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​៩ ខែ​ដើមឆ្នាំ​២០១៩ នេះ​ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្តកំពត​មាន​ចំនួន ១៩២ ករណី​ក្នុងនោះ​ស្លាប់ ៤៦នាក់ ​របួសធ្ងន់​ ១៣៧​នាក់ របួសស្រាល ១០៥​នាក់​។​ ករណី​បង្ក​គ្រោះថ្នាក់​មាន​រថយន្ត​ខូច​កម្រិត​ស្រាល​ ៧៧គ្រឿង ​រថយន្ត​ខូច​កំរិតធ្ងន់៧៣ ម៉ូតូ​ខូច​កំរិតធ្ងន់​១៥៦​គ្រឿង​។​ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព ១៣១នាក់ បើកបរ​ហួស​ល្បឿន​កំណត់ ២៨​ករណី​មិន​ប្រកាន់​ស្ដាំ​ ៤១​ករណី មិន​គោរព​សិទ្ធិ ២៣​ករណី ប្រជែង​គ្រោះថ្នាក់​ ៣២ករណី ស្រវឹង​ ៨​ករណី បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន​២៣​ករណី ខូច​ហ្វ្រាំង​៥​ករណី​ខូច​ចង្កូត​៥​ករណី ផ្ទុះ​កង់​២​ករណី បញ្ហា​សុខភាព​១២​ករណី បើក​ថយក្រោយ​មិន​ប្រយ័ត្ន​០១​ករណី និង​ផ្សេងៗ​៥​ករណី​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​លើក​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ប៉ះពាល់​ដល់​សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាព​ចរាចរណ៍ នៅលើ​ដងផ្លូវ​សាធារណៈ​ទៀតផង​។ ប៉ុន្តែ​ទោះបីយ៉ាងណា​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់ថា ដោយ​យោងតាម​ទិន្នន័យ របស់​លេខាធិការដ្ឋាន​គណកម្មកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត អាច​ឆ្លុះបញ្ចាំង​បាន​ថា​ស្ថានភាព គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ខេត្តកំពត ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ​គឺមាន​ការថយចុះ។​ ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​ក៏បាន​ចាត់ទុក​ទិវា​ដ៏​មាន​សារៈសំខាន់​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ពី​សកម្មភាព​នៃ​ការចូល​រួមជាមួយ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងការ​ទប់ស្កាត់​និង​ការ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុងតែ​កើន​ទ្បើង​ឥត​ឈប់​ឈរ​ជា​រៀងរាល់ឆ្នាំ ។​

ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក​ខេត្ត អង្គការ និង​ក្រុមហ៊ុន​ឯកជន នានា​ដែល​បាន​ជួយឧបត្ថម្ភ សម្ភារៈ ថវិកា​និង​ស្មារតី​កន្លងមក​ពិសេស​ក្នុង​ការរៀបចំ​កម្មវិធី​នៅ​ពេល​នេះ​។​ ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បន្ត​អំពាវនាវ​ដល់​អង្គការ​ជាតិ អន្តរជាតិ ប្រទេស ផ្តល់ជំនួយ ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក និង​បរទេស ព្រមទាំង​ដៃគូរ​ផ្សេងៗ​ទៀត មេត្តាជួយ​ឧបត្ថម្ភ ដល់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពត ថែមទៀត​នូវ​ថវិកា សម្ភារៈ និង​បច្ចេកទេស​ដើម្បី​ផ្តល់​លទ្ធភាព ក្នុងការ​អនុវត្តន៍​ឱ្យបាន​ដោយ​ជោគជ័យ នូវ​ផែនការ​សកម្មភាព​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោកទាំង​៨​ចំណុច ឲ្យ​ទទួលបាន​ប្រ​សិទ្ធភាព​បំផុត ។

ឯកឧត្តម​អភិបាល​ខេ​ត្ត ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​គ្រប់​បណ្តា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ គ្រប់​ស្រទាប់ ក្នុង​ខេត្តកំពត​ទាំងមូល ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ និង​សហការគ្នា​ឲ្យ​បាន​សស្រាក់សស្រាំ ស្អិតរ​មួ​ត​ថែមទៀត ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់ បទ​ប្បញ្ញត្តិ​ចរាចរណ៍​នានា សំដៅ​ប្រែក្លាយ​ផែនការ​សកម្មភាពរបស់គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​របស់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តកំពត ឲ្យ​ក្លាយទៅជា​សកម្មភាព​ជាក់ស្តែង នឹង​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម បណ្តោយ​ផ្លូវក្នុង និង​ក្រៅ​ទីប្រជុំជន ត្រូវ​ចូលរួម​ជួយ​រក្សា ជាយ​ផ្លូវ និង​ចិញ្ចើមផ្លូវ សម្រាប់​ថ្មើ​ជើង​ធ្វើដំណើរ និង​ជួយ​ថែទាំ​កែលម្អ បរិស្ថាន ផ្លូវថ្នល់ ជាពិសេស​មិនត្រូវ​បណ្តែតបណ្តោយ​ក្មេង​ដែលមាន​អាយុ​តិចជាង ៦​ឆ្នាំ និង​លែង​សត្វ ដែល​ចិញ្ចឹម ក្នុងផ្ទះ​ឲ្យ​ដើរ​រហេតរហូត​លើផ្លូវ​ថ្នល់ ក្នុងករណី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នោះ ឪពុកម្តាយ ឬ​អាណាព្យាបាល​ក្មេង ឬ​ម្ចាស់​នៃ​សត្វ​ចិញ្ចឹម​ទាំងនោះ ត្រូវ​ទទួលខុសត្រូវ​សំណង​ខាង ផ្នែក​រដ្ឋប្បវេណី ទៅតាម​ច្បាប់​ជា​ធរមាន​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​