ក្រោយពីអាជ្ញាធរបានជួយសម្របសម្រួលដោះស្រាយជាច្រើនសារ រវាងភាគីម្ចាស់គម្រោងបុរីដងទង់ និងប្រជាពលរដ្ឋចំនួន ៤គ្រួសារដែលបានអះអាងថាជាម្ចាស់ដីក្នុងគម្រោងស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ នៅមិនមានលទ្ធផល។ អភិបាលខេត្តកំពតបានបើកជាវេទិកាសាធារណៈមួយ ហើយជាលទ្ធផលសម្រេចទទួលស្គាល់ថាខាងម្ចាស់គម្រោងបុរីបានទិញសិទ្ធិអាស្រ័យបន្តពីពលរដ្ឋ១៩គ្រួសារ ប៉ុន្តែការសាងសង់ជាបុរី ឯកឧត្តមនឹងគិតគូរសម្រួលទៅតាមផ្លូវច្បាប់ ចំណែកពលរដ្ឋ៤គ្រួសារនឹងទទួលបានដីវិញ ប្រសិនបើមានពិតប្រាកដ។
នៅព្រឹកថ្ងៃ២៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានបើកវេទិកាសាធារណៈមួយ ដើម្បីឈានទៅបញ្ចប់ជម្លោះដីធ្លីរវាងម្ចាស់គម្រោងបុរីដងទង់ និងប្រជាពលរដ្ឋ៤គ្រួសារដែលបានអះអាងថាមានដីស្ថិតក្នុងទីតាំងដីគម្រោងបុរីក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានមានប្រសាសន៍ថា គោលការណ៍ដោះស្រាយរបស់ឯកឧត្តម មានពីគឺតាមគោលការណ៍ច្បាប់ និងតាមលក្ខខ័ណ្ឌនៃក្រុមគ្រួសារតែមួយ មានន័យថាប្រជាពលរដ្ឋខេត្តកំពតទាំងអស់មានសមាជិកគ្រួសារថ្មីបន្ថែមមួយរូបទៀតគឺរួបឯកឧត្តមផ្ទាល់ ដែលអាចត្រូវជាកូន ជាក្មួយ ជាប្អូន ឬជាបងម្នាក់ដែលមានតំណែងតួនាទីជាអភិបាលខេត្ត។
បន្ទាប់ពីជជីកសួរ និងបានស្តាប់ភាគីជម្លោះទាំងសង់ខាងលើកឡើងរួចមក ឯកឧត្តមបណ្ឌិតបានសម្រេច ទទួលស្គាល់ខាងភាគីគម្រោងបុរីថាបានទិញសិទ្ធិអាស្រ័យផលបន្តពីប្រជាពលរដ្ឋ ១៩គ្រួសារ តែគម្រោងសាងសង់ជាបុរីនោះ ឯកឧត្តមបណ្ឌិតមិនទាន់សម្រេចឱ្យទេ រង់ចាំសិក្សាផ្លូវច្បាប់ និងការធ្វើវេទិការពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ព្រោះការអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីបុគ្គលម្នាក់ពីរនាក់នោះទេ។ ដោយឡែកចំពោះប្រជាពលរដ្ឋបួនគ្រួសារដែលអះអាងថាជាម្ចាស់ដីស្ថីតនៅក្នុងគម្រោងបុរី នឹងទទួលបានដីវិញ ប្រសិនបើពួកគាត់មានដីពិតប្រាកដមែន។
នៅក្នុងវេទិការនោះដែរ ឯកឧត្តមបណ្ឌិតបានស្នើដល់ប្រជាពលរដ្ឋត្រូវចេះស្រឡាញ់ រាប់រក អធ្យាស្រ័យគ្នា ទៅវិញទៅមក ក្នុងនាមជាក្រុមគ្រួសារតែមួយ កុំឈ្លោះទាស់ទែងគ្នា កុហក់បោកបញ្ឆោតគ្នាព្រោះតែលុយ បច្ចុប្បន្នអាហារបីពេលប្រជាពលរដ្ឋមានរួចហើយ បើប្រជាពលរដ្ឋណាមានខ្លាំង ត្រូវមកជួយអ្នកមិនសូវមាន កុំបំភ្លឺស ឬបំពាបំពានគ្នា។ រីឯការអាក់អន់ស្រពោនចិត្តចំពោះបុគ្គលមានតួនាទីណាម្នាក់ សូមពលរដ្ឋអាស្រ័យ និងឈប់ខឹងគ្នាពីថ្ងៃនេះតទៅ ព្រោះឯកឧត្តមបណ្ឌិតនឹងស្វែងរកភាពយុត្តិធម៌ត្រឹមត្រូវ តាមលក្ខខ័ណ្ឌទាំងពីររបស់ឯកឧត្តមជូនដល់ប្រជាពលរដ្ឋគ្រប់រូប៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត