ស្នងការ​នគរបាល​ខេត្តកំពត​ប្រមូល និង​ដោះស្រាយ​បញ្ហា​សំណូមពរ​ចំនួន​១៧​ករណី ក្នុង​ក្រុង​បូកគោ​

ដោយ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត ស្នងការ​ខេត្តកំពត បាន​ចុះ​ធ្វើ​វេទិកា​ដើម្បី​ប្រមូល និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទាំង​៩៣​ឃុំ​-​សង្កាត់​ដោយឡែក​សម្រាប់​ក្រុង​បូកគោ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ប្រមូល និង​ដោះស្រាយបាន​ចំនួន​១៧​ករណី​។​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ចុះ​ធ្វើ​វេទិកាសាធារណៈ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បូក ក្នុង​បរិវេណ​វត្ត​ព្រែក​អំពិល សង្កាត់​កោះ​តូច ក្រុង​បូកគោ ខេត្តកំពត ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ២១៨​នាក់ មកពី ៣​សង្កាត់ ក្នុង​ក្រុង​បូកគោ​។​

​នៅក្នុង​វេទិកា​នោះ ប្រជាពលរដ្ឋ​បាន​លើក​ជា​បញ្ហា និង​សំណូមពរ​ចំនួន ១៧​ករណី នៅ​ក្នុងនោះ​ភាគច្រើន​ជា​បញ្ហា​ទំនាស់​ដីធ្លី​។ ជា​លទ្ធផល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ ១​ករណី ជួយ​ដោះស្រាយ​កង្វះខាត​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​។ ដោយឡែក​បញ្ហា​ដែល​នៅ​សេសសល់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ និង​ធ្វើ​របាយការណ៍​ជូនទៅ​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដើម្បី​ចុះ​ពិនិត្យ និង​ដោះស្រាយ​នាពេល​បន្ទាប់​។​

នៅក្នុង​វេទិកា​នេះដែរ តាម​ការចង្អុលបង្ហាញ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ក៏មាន​មន្ត្រី​ជំនាញ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋនៅក្នុង​វេទិកា​នោះ​ផងដែរ​។ ជាក់ស្តែង​វេទិកា​ក្នុង​ក្រុង​បូកគោ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៤​នាក់​។​

​ក្នុង​វេទិកា​នោះដែរ លោកស្នងការ​នគរបាល​ខេត្ត បាន​ជំរុញ​ដល់​អាជ្ញាធរ​សង្កាត់ និង​លោក​មេ​ប៉ុ​ស្តន៍​ទាំងអស់ ត្រូវ​រួមសហការ​គ្នា​ក្នុង​ដោះស្រាយ​បញ្ហា និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ដោយ​មិនត្រូវ​ទុក​បញ្ហា​នោះ​ឱ្យ​អូសបន្លាយ​យូរ ហើយ​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ សង្កាត់ មាន​សុ​វត្តិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យបាន​យល់ដឹង​ច្បាស់ ដើម្បី​ឈានទៅ​ការអនុវត្ត​បានល្អ​ប្រសើ​រ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​