​អភិបាលខេត្ត​កំពត​ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន​បុរី និង​ដីឡូត៍ ជា សារ៉ន​

​នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​កំពត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ទទួល​អំណោយ​មនុស្សធម៌​ជូន​ដល់​រដ្ឋបាលខេត្ត សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ជ​ងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកំពត ដែល​ពិធី​នេះ​ធ្វើឡើង​ក្នុង​បរិវេណ​សាលាខេត្ត​កំពត ដោយបាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​សាលាខេត្ត​មួយចំនួន​។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​កំពត បាន​ដំ​ដែង​នូវ​ការកោតសរសើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​មនុស្សធម៌​របស់លោក​ឧ​ញ្ញ៉ា ជា សារ៉ន និង​លោកជំទាវ អៀម ច​ន្ដា​ស់ ក្រុមហ៊ុន​បុរី និង​ដីឡូត៍ ជា សារ៉ន ដែល​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​បរិភោគ មក​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្តកំពត ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនា​ការបង្ការ​ទប់ស្កាត់​ជ​ងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកំពត​នាពេលនេះ​។​

​ឯកឧត្តម​បាន​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេស​កម្ពុជា​បានទទួល​នូវ​ការកោតសរសើរ​ពី​បណ្តា​ប្រទេស​នានា ក្នុងការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើ ពិសេស​ប្រជាពលរដ្ឋ​ជិត ១០០​ភាគរយ បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក​ឧ​ញ្ញ៉ា ជា សារ៉ន និង​លោកជំទាវ អៀម ច​ន្ដា​ស់ ក្រុមហ៊ុន​បុរី និង​ដីឡូត៍ ជា​សារ៉ន ដែល​បាន​នាំយក​នូវ​អំណោយ​ផ្តល់ជូន​រដ្ឋបាលខេត្ត​នាពេលនេះ ហើយ​អំណោយ​ទាំងអស់នេះ ឯកឧត្តម និង​នាំយកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ និង​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

​អំណោយ​ដែល​ផ្តល់​ដោយ ក្រុមហ៊ុន​បុរី និង​ដីឡូត៍ ជា​សារ៉ន រួមមាន​៖ អង្ករ​ចំនួន ៥០​តោន​, មី​ចំនួន ១.៥០០ កេះ និង​ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២.៤០០​យួរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​