រដ្ឋបាល​ក្រុង​ស្រុក​ឃុំ​សង្កាត់​មន្ទីរពេទ្យបង្អែក​ទទួលបាន​សម្ភារៈ​បង្កា​រ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ប្រើប្រាស់​

ដើម្បី​បន្ត​ជំរុញ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឧ​ត្ត​ម ជាវ តា​យ ក៏បាន​ប្រគល់​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​តាមរយៈ​សាខា​កាកបាទក្រហម​ខេត្ត មាន​អាល់កុល ម៉ាស់ និង​ថ្នាំបុរាណ​ចិន​ជូន​ដល់​រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ និង​មន្ទីរ​បង្អែក​ទាំងអស់​ក្នុង​ខេត្ត​ទុក​ប្រើប្រាស់​។

​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឯកឧត្តម ជាវ តា​យ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បានប្រគល់​សម្ភារៈ​បង្កា​រ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែលជា​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន តាមរយៈ​សាខា​កាកបាទក្រហម​ខេត្តកំពត មាន​ម៉ាស​ចំនួន​៩៣.៥០០​ម៉ាស ទឹក​អាល់កុល​ចំនួន​៨១០​លីត្រ និង​ថ្នាំបុរាណ​ចិន​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៥២៨​ប្រអប់ ជូន​ដល់​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​៩ រដ្ឋបាល​ឃុំ​សង្កាត់​ចំនួន​៩៣ មន្ទីរពេទ្យបង្អែក​ខេត្ត និង​ស្រុក​ចំនួន​៥ និង​មណ្ឌល​សុខភាព​ចំនួន​៦៦ ក្នុង​ខេត្ត​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​ទាន់ពេលវេលា ក៏ដូចជា​បាន​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​បាន​ច្រើន រហូត​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ខេត្តកំពត​ធ្លាក់ចុះ​ស្ទើរ​អស់​។

យ៉ាងណាក៏ដោយ ឯកឧត្តម​បាន​បន្តថា ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការខ្វះ​ខាត់​របស់​អាជ្ញាធរ មន្ទីរពេទ្យ ទើប​សម្តេច​ទាំងពីរ​បាន​ផ្តល់ជូន​នូវ​អំណោយ​ទាំងនេះ ដើម្បី​យកទៅ​បែងចែក​បន្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមគ្រូពេទ្យ​ជួរមុខ​ដែល​កំពុង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​បាន​ប្រើប្រាស់ ៕
អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​