នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពតបានធ្វើពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការសាលាខេត្ត និងមន្ទីរ-អង្គភាពក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។ អង្គពិធីនេះបានប្រព្រឹទ្ធទៅ ក្រោមវត្តមានចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន ២៩៩នាក់។
យោងតាមដីការរបស់រដ្ឋបាលខេត្ត បានសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមានចំនួន១០មន្ទីរ-អង្គភាពក្នុងខេត្ត ដែលសរុបមានមន្ត្រីចំនួន៤០រូប ស្រី១៤រូប ក្នុងនោះថ្នាក់នាយកទីចាត់ការចំណុះសាលាខេត្តចំនួន០១រូប ថ្នាក់នាយកនាយករងអង្គភាពក្នុងខេត្តចំនួន០៤រូប ថ្នាក់អនុប្រធានមន្ទីរចំនួន០៤រូប ថ្នាក់ប្រធានការិយាល័យចំនួន៦រូប និងថ្នាក់អនុប្រធានការិយាល័យចំនួន២៥រូប។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានលើកបញ្ជាក់ថា ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង គឺជាដំណើរការធម្មតានៃការរៀបចំតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តរភាពការងារដឹកនាំគ្រប់គ្រង ដើម្បីអនុវត្តអោយបានសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦ រដ្ឋសភា ពិសេសគោលនយោបានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំពុងឈានចូលដំណាក់កាលនៃការផ្ទេរមុខងារធនធាន និងជាដំណាក់កាលកាន់តែស៊ីជម្រៅថែមទៀត។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ ដែលបានចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ ពិសេសការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះថ្នាក់នានា ដែលជាការួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងមន្ត្រីរាជការទាំងអស់ បន្តសហការ ពិសេសអនុវត្តអោយបានល្អនូវប្រពៃណីសាមគ្គី ឯកភាពផ្ទៃក្នុងល្អ មានតម្លាភាព មានគណនេយ្យភាព ប្រកាន់ខ្ជាប់ខ្លួននូវអភិក្រមទាំង៤ របស់សម្ដេចតេជោ ហ៊ុន សែន គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល៕
អត្ថបទៈ លោក សាយ យាវ