នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តកំពត ក្រុមការងារយេនឌ័រក្រសួងព័ត៌មាន បានរៀបចំបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយសមិទ្ធផលនិងផែនការសកម្មភាពឆ្លើយតបនឹងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រសម្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ នៅថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះក្រោមវត្តមានចូលរួមបើកឯកឧត្ដម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ព្រមទាំង មានឯកឧត្ដម លោកជំទាវ លោក-លោកស្រី ប្រតិភូ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តកំពត និងមន្ត្រីបម្រើការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅថ្នាក់ក្រោមជាតិមកពីខេត្តកំពត កោះកុង ត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី មានរយៈពេល៥ថ្ងៃ។
មានប្រសាសន៍ បើកអង្គសិក្ខសាលា ឯកឧត្ដម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ ក្រសួងព័ត៌មាន ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល មានតួនាទីចម្បងជាយុទ្ធសាស្ត្ររបស់ខ្លួនគឺ ”ពង្រឹងវិសាលភាព និងប្រសិទ្ធភាព នៃសេវាផ្សព្វផ្សព្វផ្សាយព័ត៌មាន ការអប់រំ និងការកម្សាន្តប្រកបដោយគុណភាព និងសមធម៌ ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តការអនុវត្តសេរីភាពសារព័ត៌ និងការបញ្ចេញមតិស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកស្ទួយនីតិរដ្ឋ ការពារសិទ្ធ និងសេចក្ដី ថ្លៃថ្នូរ របស់មនុស្ស រួមចំណែកអភិរក្ស និងអភិវឌ្ឍ វប្បធម៌ ប្រពៃណី ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងកិត្យានុភាពនៃ ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ” ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
ឯកឧត្ដម ថាច់ ផែន បានបន្តទៀតថា៖ ក្នុងនោះប្រព័ន្ធ ផ្សព្វផ្សាយ គឺ”ធ្វើជាស្ពានចម្លងនូវរាល់គោលនយោបាយ គោលការណ៍ ទាំងឡាយ របស់រាជរដ្ឋាភិបាលជូន ប្រជាពលរដ្ឋ និងពាំនាំនូវមតិយោបល់ សំណូមពរ និងបំណងប្រាថ្នាផ្សេងៗរបស់ប្រជាពលរដ្ឋមកឆ្លុះបញ្ចាំងជូនរាជរដ្ឋាភិបាលវិញ។
ដូច្នេះប្រធានបទនៃអង្គសិក្ខសាលាពេលនេះយើងនឹងលើកឡើងអំពីសមិទ្ធផលទាំងឡាយដែលក្រុមការងារយេនឌ័រក្រសួងព័ត៌មាន សម្រេចបានកន្លងមកក្នុងការ អនុវត្ត គោលនយោបាយសមភាពយេនឌ័រ ក្រោមអនុសញ្ញាលុបបំបាត់រាល់ទម្រងនៃការរើសអើង ប្រឆាំង នឹងនារីភេទនៅប្រទេសកម្ពុជា ហៅកាត់ថា CEDAW ដែលសំដៅការពារសិទ្ធជាមូលដ្ឋានរបស់នារី និងការកសាងផែនការសកម្មភាព បន្តអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី មិទ្ទិញខួបលើទី១០៨ទិវាអន្តរជាតិនារី៨មីនាឆ្នាំ ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស”៕
អត្ថបទៈ លោក សាយ យាវ