សាខា​កាកបាទក្រហម​ខេត្តកំពត​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី​១ និង​ត្រៀម​រៀបចំ​ទិវា ៨​ឧសភា ២០២០

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​ក្នុង​ត្រីមាស​ទី​១ និង​លើក​ទិសដៅ អនុវត្ត​បន្ត​ក្នុង​ត្រីមាស​ទី​២ និង​ពិភាក្សា​ពី​បញ្ហា​ការ​ងារ​ត្រៀម​រៀបចំ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម​ ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​។ កិច្ចប្រជុំ​បានធ្វើ​ឡើង​នៅ​សាលាខេត្ត ដោយ​មាន​​ការចូលរួម​ពី​សំណាក់ សមាជិក សមាជិកាសាខា សមាជិក សមាជិកា​កិត្តិយស​សាខា ​និង អនុសាខា​ក្រុង ស្រុក​ទាំង​៨ ព្រមទាំង​ក្រុម​ប្រតិបត្តិ​សាខា សរុប​ចំនួន​៣៨​រូប ។​

ក្នុង​របាយការណ៍​លទ្ធ​ផល​សកម្មភាព​ការងារ​ជារួម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត សម្រេចបាន​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​កន្លងទៅ បានបង្ហាញ​ឲ្យ​ឃើញថា មាន​លក្ខណៈ​យ៉ាងសកម្ម​ផុលផុស ដោយ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​នៅតាម​សហគមន៍​មូលដ្ឋាន បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព។ ក្នុងនោះ​ទាំង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ការងារ​សុខភាព​និង​ការ​ថែ​ទាំ​សុខភាព​ក្នុង​សហគមន៍ ការលើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ និង​ការងារ​អភិវឌ្ឍ​ស្ថាប័ន​និង​ធនធាន មាន​លក្ខណៈ​កាន់តែ​សកម្ម និង​រឹងមាំ​ខ្លាំងក្លា​គួរឱ្យ​ប្រសើរ ។

ជាពិសេស​ក្នុងដំណាក់កាល​ចូលរួមចំណែក​យ៉ាង​ធំធេង ឆ្លើយតប​តាម​ការអំពាវនាវ​រប​ស់ ស​ម្ដេច​តេ​ជោ​ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការឆ្លង និង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយបាន​ធ្វើ​ការចុះ​អប់រំ​ផ្សព្វ​ផ្សាយផ្ដល់​ជា​អំណោយ​សម្ភារៈ​បរិក្ខា​វេជ្ជសាស្ត្រ និង​ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ប្រឈម​ការខ្វះខាត​និង​ងាយ​រងគ្រោះ​ក្នុង​សហគមន៍​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​។ ​ជាមួយ​នោះ កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ខួប​លើក​ទី​១៥៧ ទិវា​ពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០នេះ ក៏បាន​សម្រេច​អនុវត្តតាម​គោលការណ៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ពុំ​ចាំបាច់​រៀបចំ​អង្គ​មី​ទ្ទិញ ឬ​ពិធី​ណាមួយ​ដែល​ប្រមូលផ្ដុំ​មនុស្ស​ច្រើន នាំ​ឲ្យ​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​១៩ ដោយ​គ្រាន់តែធ្វើការ​អំពាវនាវរក​ការគាំទ្រ​ពី​សប្បុរសជន​និង​បង្កើតជា​ក្រុមការងារ​ទទួល​មូលនិធិ​ពី​សប្បុរស់ជន​ព្រមទាំង​ធ្វើការ​ថ្លែងអំណរគុណ​ចំ​ពោះ​​សប្បុរសជន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ខេត្ត​តែប៉ុណ្ណោះ​។​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម ​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏បាន​ធ្វើការ​កត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​ការងារ ដែល​សាខា​កាកបាទក្រហម​ខេត្តកំពត អនុវត្ត​បានល្អ ដោយ​សម្រេច​បាន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ ព្រមទាំង​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​សាខា និង​អនុសាខា​កាកបាទក្រហម​ក្រុង ស្រុក ព្រមទាំង​អ្នកស្ម័គ្រចិត្ត រួម​និង​សប្បុរសជន​ទាំងអស់ ដែល​​តែងតែបាន​សហការ​គាំទ្រ ក្នុង​ដំណើរ​ការងារបេសកកម្ម​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ ដើម្បី​ធ្វើយ៉ាងណា​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលក្នុងការ​ដោះស្រាយ​ឆ្លើយតប​គ្រោះមហន្តរាយ​ផ្សេងៗ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រង​គ្រោះ​បាន​ចំ​គោលដៅ​ទាន់ពេលវេលា​យ៉ាង​មាន​ប្រសិទ្ធភាព​។

​ឯកឧត្តម ជាវ តា​យ ក៏បាន​ចាត់ទុក​លទ្ធផល សកម្មភាព​សម្រេចបាន​ទាំងអស់​ខាងលើនេះ គឺ​មិនអាច​កាត់ផ្ដាច់​ចេញពី​ការខិតខំ​យកចិត្តទុកដាក់​យ៉ាងសកម្ម ពី​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា ព្រមទាំង​អ្នកស្ម័គ្រចិត្ត គ្រប់លំដាប់​ថ្នាក់ និង​សប្បុរសជន ដែល​បានរួម​សហការគ្នា​ជា​កម្លាំង​មនុស្សធម៌ ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​មួយ​នេះ​បាន​ឡើង​។

ឯកឧត្តម ក៏បាន​សំណូមពរ​ផ្ដាំផ្ញើ ដល់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខា អនុសាខា ក្រុង ស្រុក​និង​មន្ត្រី​ប្រតិបត្តិ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ យកចិត្តទុកដាក់​រួម​សហការគ្នា បំពេញបេសកកម្ម​ការ​ងារ​មនុស្សធម៌​នេះ ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។ ពិសេស​រួមគ្នា​ជា​កម្លាំង​សាមគ្គី​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល ទើប​វិលត្រឡប់​ពី​ធ្វើ​ការងារ​ក្រៅប្រទេស​ហើយ​ប្រឈម​នឹង​ការខ្វះខាត សូមឱ្យ​មានការ​យកចិត្ត​ទុកដាក់​ទាំងអស់គ្នា​ជួយ​ដោះស្រាយ​ជីវភាព​ដល់​ពួកគាត់​ដែល​ជួប​ការលំបាក​ក្នុង​កាលៈទេសៈ​នៃ​ការប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ​១៩ ដែល បច្ចុប្បន្ន​ពិភពលោក​ក៏​ដូច​កម្ពុជា​យើង​កំពុង​ជួបប្រទះ​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ នៃ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​