រដ្ឋបាល​ខេត្តកំពត​បើក​កិច្ចប្រជុំ​បន្ទាន់​ជំរុញ​ការអនុវត្ត​វិធានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បង្ការ​ការពារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩

​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​ឆ្លើយតប ទៅនឹង​អនុសាសន៍​ណែនាំ​យ៉ាង​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ការ​ដាច់​ជា​វិធានការការពារបង្ការ​ និង​ទប់ស្កាត់​ការ​រាតត្បាត ក៏​ដូច​ជា​ការ​សម្រាក​និង​ព្យាបាល​នៃ​អ្នកជំងឺ​ឆ្លង​កូ​វីដ​១៩ ដែល​បច្ចុប្បន្ន​កម្ពុជា​យើង​មានការ​ឆ្លង​កើនឡើង ជា​បន្តបន្ទាប់​នោះ​។ ពិសេស​ក្រោយ​ទទួលបាន ការណែនាំ តាមរយៈ​សារ​សំឡេង ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ត្រៀមលក្ខណៈការពារ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការណែនាំ​ឲ្យ​រៀបចំនូវ​បន្ទប់​សម្រាក និង​ព្យាបាល​អ្នកជំងឺនៅតាម​បណ្តា​ខេត្ត។

ឯកឧត្តម ជាយ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ថ្នាក់​ខេត្ត បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បី​ផ្សព្វផ្សាយ និង​អនុវត្តតាម​ការណែនាំ​ឱ្យ​ទទួលបាន​ប្រ​សិទ្ធភាព​ខ្ពស់​។ ​នៅក្នុង​កិច្ចប្រជុំ​ឯកឧត្តម​អភិបាលខេត្ត​បាន ជំរុញ​ណែនាំ​ដល់​សមាជិក​គណៈកម្មកា​រ​ខេត្ត​ទាំងអស់ ដែលមាន​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត​និង​អាជ្ញាធរ​ក្រុង​ស្រុក ឱ្យមាន​ការ​យក​ចិត្ត​ទុក​ដាក់​​​ខ្ពស់ ក្នុង​កិច្ចសហការ​រួមគ្នា​រៀបចំ​ផែនការ រួម​ដោយ​ប្រមូលផ្ដុំ មធ្យោបាយ​និង​ធនធាន​នៅក្នុង​ខេត្ត ដើម្បី​ធ្វើយ៉ាងណា​ត្រៀម លក្ខណៈ​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ធានាបាន​នូវ​សុខមាលភាព​ជូន​ប្រ​ជា​ពល​រដ្ឋ​​ក្នុង​ខេត្ត ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម ​ជាវ តា​យ ​អភិបាលខេត្ត ក៏បាន​ជំរុញ​ដាក់​ផែន​ការរួម ដល់​មន្ទីរជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង-ស្រុក ត្រូវ​ត្រួតពិនិត្យ​អោយបាន​ហ្មត់ចត់នៅតាម​ច្រកទ្វារព្រំដែន​នីមួយៗ ពិសេស អាជ្ញាធរ​ក្រុង-ស្រុក​ត្រូវមានការ​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​ប្រជាពលរដ្ឋ ដែល​ទើប​ឆ្លង​មកពី​ប្រទេស​ថៃ​ថ្មីៗ​នេះ ដោយ​អប់រំ​ផ្សព្វផ្សាយ​ណែនាំអនុវត្តតាម​វិធានការណែនាំ​របស់​ក្រសួងសុខាភិបាល ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវតែ​អនុវត្តសម្រាក​នៅនឹងកន្លែង​ក្នុងផ្ទះ​រយៈពេល ១៤​ថ្ងៃ និង​ពង្រីក​ការអនុវត្ត​តាមដាន​ត្រួតពិនិត្យ​ប្រចាំ​នូវ​ជនបរទេស​ដែល​ទើប​ធ្វើដំណើរ​ចូលមកក្នុង​ខេត្ត​ថ្មីៗ​នេះ។

ពង្រីក​ការផ្សព្វផ្សាយ អប់រំ​ណែនាំ តាម​រោងចក្រ​សហគ្រាស ក្រុមហ៊ុន​សាលារៀន ឱ្យមាន​អនាម័យ​ជាប់​ជាប្រចាំ ចាត់ចែង​ក្រុមការងារ​ចុះ​ពិនិត្យ​និង​តាមដាន​សភាពការណ៍ តាម​បណ្ដា​ក្រុង ស្រុក​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា បើ​មាន​​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​អា​ការៈមិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ឆ្លង​ជំងឺ កូ​វីដ​១៩ ព្រមទាំង​ត្រូវ​ត្រៀម​គ្រូពេទ្យ​ប្រចាំការ នឹងមាន​សម្ភារៈ​បរិក្ខា​រ​បច្ចេកទេស​ពេទ្យ​គ្រប់គ្រាន់ ទឹក​ភ្លើង គ្រែ បន្ទប់ទឹក​បង្គន់​អនាម័យ បន្ទប់​សំរាក​ព្យាបាល​អ្នកជំងឺ​និង​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​និង​មាន​លក្ខណៈ​អនាម័យ​ល្អ​។​

ជា​លទ្ធផល​នៅក្នុង​កិច្ចប្រជុំ​នោះ គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​គោ​វីត​១៩ បានសម្រេច​ជ្រើស​រើសយក​អគារ​សាលារៀន​វិទ្យាល័យ​ព្រះរាជ​សម្ភារ ជាទី​តាំង​កន្លែង​បណ្ដោះអាសន្ន​ស្ថិតនៅ សង្កាត់​អណ្ដូង​ខ្មែរ​ ក្រុង​កំពត ដើម្បី​រៀបចំ​ជា​បន្ទប់​ស្នាក់នៅ និង​ព្យាបាល​អ្នក​ផ្ទុក​ជំងឺកូ​វីដ​១៩​ក្នុងករណី​មាន​អ្នក​ឆ្លង​ដើម្បី ជាការ​ត្រៀម​ដំបូង​និង​ជាបន្ទាន់ ដោយ​ត្រៀម​រៀបចំ​បន្ទប់​ចំនួន ៣៧បន្ទប់, ក្នុងនោះ​៣០​បន្ទប់​សម្រាប់​អ្នកជំងឺ និង​៧​បន្ទប់​ផ្សេងទៀតសម្រាប់​ក្រុមគ្រូពេទ្យ និង​ក្រុម​ការងារ​ពាក់ព័ន្ធ ហើយការរៀបចំបន្ទប់​នេះ​ក៏​តែ​ត្រូវមាន​អនាម័យ​និង​ផាសុខភាព និងចាំបាច់​ត្រូវមានទឹក ភ្លើង គ្រែ កង្ហារ បន្ទប់ទឹក ដោយ​រៀបចំ​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​យ៉ាងយូរ​បី​ថ្ងៃ ហើយ​បន្តទៀតគណៈកម្មការ ​នឹង​បន្ត​ខិតខំ​ស្វែង​រក​ជ្រើស​រើសយកនូវ​សណ្ឋាគារណាមួយ​ក្នុង​ខេត្ត​ឲ្យ​មាន​ភាពសមរម្យ​ និង​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​ជា​កន្លែង​សម្រាក​និង​ព្យាបាល ជាក់លាក់​ដល់​អ្នក​ឆ្លង​ជំងឺ​កូរ​វិដ​១៩​បន្តទៀត​៕
​អត្ថ​ប​ទៈ​លោក សាយ យាវ​