ឯកឧត្តម​ ម៉ៅ ធនិន ​ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​កាកបាទក្រហមកម្ពុជា​ ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​រលំ​ចំនួន ៧៤​គ្រួសារ​ក្នុងស្រុក​បន្ទាយមាស​

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​រង​ផលប៉ះពាល់​ខូចខាត​រលំ​ផ្ទះ​ចំនួន ៧៤​គ្រួសារ ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​បន្ទាយមាស ខេត្តកំពត​ដែល​បាតុភូតធម្មជាតិ​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ​។ នៅ​ពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន ឯកឧត្តម​ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ​ដោយ​សហការី ដែលជា​ថ្នាក់ដឹកនាំ​បណ្ដា​មន្ទីរ អង្គភាព និង​មន្ត្រី​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត បាន​អញ្ជើញ​ចុះទៅ​សួរសុខទុក្ខ​និង​នាំយក​នូវ​អំណោយ​មនុស្សធម៌​ដោះស្រាយ​បន្ទាន់​របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ខាងលើ​នោះ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​ក្នុង​បរិវេណ​វត្ត “​ពោធិ៍ធំ​ភ្នំ​ល្ងៀង​” ក្នុងស្រុក​បន្ទាយមាស​ខេត្តកំពត​។​

មានប្រសាសន៍​សំណេះសំណាល​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​មានការ​ចូលរួម​សោកស្តាយ ពី​សំណាក់​​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ទាំងអស់នោះ​ដោយ​ក្ដី​នឹករលឹក​និង​អាណិតអាសូរ​បំផុត​។​

​ដែលជា​និច្ចកាល​សម្ដេច​ទាំង​ទ្វេរ​តែងតែមាន​ការគិត​គូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​និង​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង​ទូទាំងប្រទេស មិនដែល​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ ហើយ​គ្មាន​ការដោះស្រាយ​និង​គ្មាន​ការដឹងឮ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឡើយ​។​

​ឯកឧត្តម​ ម៉ៅ ធនិន ​ក៏បាន​បន្ត​បញ្ជាក់ទៀតថា ក្នុងនាម​ឯកឧត្តម ជា​អភិបាលខេត្ត​និង​ជា​គ្រួសារ​តែមួយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​សំដែង នូវ​ការសោកស្តាយ​បំផុត ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ទាំង ៧៤​គ្រួសារ​នាពេលនេះ​ផងដែរ​។ ជាក់ស្តែង​នៅពេលនេះ ក្រោយពេល​ទទួលបាន​ដំណឹង​តាមរយៈ​អាជ្ញាធរ​ស្រុក​ភ្លាម និង​តាម​ការចង្អុលបង្ហាញ​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អាជ្ញាធរខេត្ត និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា មក​ផ្ដល់ជូន​បងប្អូន​ដែល​រងគ្រោះ​ទាំង ៧៤​គ្រួសារ ដើម្បី​ជាការ​រួមចំណែក​ជួយ​សម្រាល​ទុក្ខលំបាក​បាន​មួយគ្រា​ជាបន្ទាន់​ផងដែរ​។

ប៉ុន្តែ​បញ្ហាសំខាន់​សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់ អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ បន្ថែមទៀត ពិសេស​ការងារ​បង្កប​ង្កើ​ន​ផល ក៏ដូចជា​ការថែរក្សា​សុខ​ភាព ប្រកបដោយ​អនាម័យ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត និង​ការអនុវត្ត​វិធានការ សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន គឺ​៣​កុំ ៣​ការពារ ដើម្បី​គ្រួសារ​យើង សហគមន៍​យើង និង​ប្រទេសជាតិ​យើង បាន​ជៀស​ផុតពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សំដៅ​ធ្វើ​ឲ្យ​ប្រក្រតីភាព​នៃ​សុខភាព​សាធារណៈ​និង​សេដ្ឋកិច្ចសង្គម​បាន​បើក​ដំណើរការ នាពេល​ឆាប់​ខាងមុខនេះ​ឡើងវិញ ។​

​អំណោយ​ដែល​បានផ្ដល់​ជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ទាំង ៧៤​គ្រួសារ​នាពេលនេះ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ម៉ាស់​ក្រណាត់​ទឹកបាន​ចំនួន​១០​ម៉ាស់។​ ដោយឡែក​សម្រាប់​ក្នុងនោះដែរ​គ្រួសារ​ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំនួន ១១​គ្រួសារ ទទួលបាន​ថវិកា​មួយ​គ្រួសារ ២០​ម៉ឺន​រៀល និង​តង់​មួយ គ្រួសារ​រង​ប៉ះពាល់​មធ្យម​ចំនួន ១៧​គ្រួសារ ទទួលបាន​ថវិកា​មួយ​គ្រួសារ ១០​ម៉ឺន​រៀល និង​គ្រួសារ​រង​ប៉ះពាល់​ស្រាល​ចំនួន ៤៦​គ្រួសារ ទទួលបាន​ថវិកា​មួយ​គ្រួសារ ៥​ម៉ឺន​រៀល​ផងដែរ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​