ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានកសាងផ្លូវបេតុង១ខ្សែ ហៅផ្លូវម្លប់ឫស្សី ដែលតភ្ជាប់បំបែក ចេញពីផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធររួមនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោក លាង រឿនសុធី អភិបាលក្រុងកំពត បានអោយដឹងថា៖ គម្រោងសាងសង់ផ្លូវ១ខ្សែនេះ គឺជាប្រភេទផ្លូវបេតុងសសៃដែក មានប្រវែង ៤០៥ម៉ែត្រ ទទឹង ៨ម៉ែត្រ មានកម្រាស់ ០,១៥ម៉ែត្រ ដោយប្រើប្រាស់ថវិកាបដិភាគរវាងការចូលរួមពីសប្បុរសជន និងមូលនិធិសង្កាត់ក្នុងឆ្នាំ២០២០។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តបានចាត់ទុកផ្លូវបេងតុង១ខ្សែនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងបានក្លាយជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់រដ្ឋបាលខេត្តកំពតដែលបានខិតខំកសាងនិងអភិវឌ្ឍដើម្បីឆ្លើយតបទៅតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនិង ភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានក្រុងសង្កាត់ និងប្រជាពលរដ្ឋដែលតែងតែបានខិតខំចូលរួមយកចិត្តទុកដាក់លើការងារកសាងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការថែរក្សា និងកែលម្អរសោភ័ណភាពអនាម័យបរិស្ថានក្រុងកំពត ជាមួយរដ្ឋបាលខេត្តកំពតនារយៈពេលកន្លងមក។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណកោតសរសើរ ផងដែរ ចំពោះ សប្បុរសជន ដែលបាន ចូលរួមបរិច្ចាគ ធនធានសម្ភារៈ ថវិកា ក្នុងការរួមចំណែកកសាងផ្លូវបេតុង១ខ្សែនេះសំដៅឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងសាធារណៈជនទូទៅ។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្តក៏បានណែនាំផ្ដាំផ្ញើដល់អាជ្ញាធរ ក្រុង សង្កាត់ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងសប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាសហការគ្នាអោយបានល្អ ដើម្បីជំរុញអោយដំណើរការសាងសង់ផ្លូវ១ខ្សែនេះបានលឿនឆាប់រហ័សនិងប្រកបដោយគុណភាពតាមបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវធានាការប្រើប្រាស់បានយូរអង្វែង។ ជាមួយឱកាសនោះពាក់ព័ន្ធការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតធ្វើម្ចាស់ផ្ទះចុងឆ្នាំ២០១៩ ខាងមុខនេះ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានក្រើនរំលឹកណែនាំបន្ថែម ដល់អាជ្ញាធរក្រុង និងសង្កាត់ អោយមានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាសោភ័ណភាព អានាម័យបរិស្ថានក្នុងក្រុងកំពត ពិសេសត្រូវយកចិត្តទុកដាក់មើលការថែទាំ និងស្ដារប្រព័ន្ធលូទឹក ព្រមទាំងបំផុសចលនាផ្សព្វផ្សាយដល់មជ្ឈដ្ឋានមហាជន និងប្រជាពលរដ្ឋអោយមានការចូលរួមព្រមគ្នា ធ្វើការសំអាតនូវអានាម័យបរិស្ថានតាមដងផ្លូ វនិងមុខផ្ទះ ដើម្បីធ្វើអោយក្រុងកំពត ប្រកបដោយសោភ័ណភាព និងភាពបៃតងមានអនាម័យបរិស្ថានល្អស្អាត សក្តិសមជាក្រុង និងខេត្តទេសចរណ៍៕
អត្ថបទៈ លោក សាយ យាវ