អង្គមហាសន្និបាតសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំសង្កាត់អាណត្តីទី លើកទី១នៃខេត្តកំពតបន្ទាប់ពីបានដំណើរការអស់រយៈពេលមួយថ្ងៃកន្លះរួចមក។ ត្រូវបានធ្វើពិធីបិទនៅព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងមានសមាជិក ចូលរួម ពីសំណាក់ប្រធាននិងសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ដែលស្ថិតនៅក្នុងទូទាំងខេត្តកំពត។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ជាវ តាយ បានលើកឡើងថាមហាសន្និបាតលើកទី៣ របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នាឱកាសនេះគឺជាសក្ខីភាពដែលបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់លោក-លោកស្រីដែលជាសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នៅក្នុងខេត្តកំពត ក្នុងការបន្តនូវចីរភាពនៅក្នុងអង្គការមួយដែលជាតំណាងសំឡេង និងការពារផលប្រយោជន៍រួមដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការនិងវិសហមជ្ឈការដើម្បីអភិវឌ្ឍសមត្ថភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានល្អប្រសើរ។
មហាសន្និបាតលើកទី១ អាណត្តិទី៣ នៅពេលនេះគឺជាឱកាសកាសសមាគមបានបង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាឃុំក្រុមប្រឹក្សាសង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នៅខេត្តកំពត។
ជាមួយគ្នានេះដែរសន្និបាតអាណត្តិទី៣ បានរៀបចំឡើងនេះក្នុងគោលបំណងសំខាន់ៗគឺពិនិត្យកែសម្រួលនិងអនុម័តសេចក្ដីព្រាង និងលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់សមាគមនឹងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគមសម្រាប់អាណត្តិទី៣ មានជាអាទិ៍ប្រធានអនុប្រធានសមាជិកក្រុមប្រឹក្សានិងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សមាគមអ្វីដែលសំខាន់ទៀតនោះនៅពេលដែលមហាសន្និបាតនេះបញ្ចប់ក៏នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាលើកទី១របស់សមាគមអណត្តិទី៣ ដែលលើកឡើងអំពីការពិនិត្យអនុម័តផែនការអំពីសកម្មភាពថវិកាឆ្នាំ២០២០ របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តកំពត។
ការផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន២០១៩ -២០២៣ ការជ្រើសរើសនិងអនុម័តតំណាងប្រតិភូរបស់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នៃខេត្តកំពតចូលជាក្រុមប្រឹក្សាជាតិនៃសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ ឯកឧត្តម ជាវ តាយ ក៏បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់កាត់ក្នុងខេត្តកំពតដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈកាលប្រាំឆ្នាំកន្លងមកផងដែរ៕
អត្ថបទៈ លោក សាយ យាវ