ព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពតត្រូវបានសម្ពោធបើកជាផ្លូវការ នៅល្ងាចថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៩ក្រោមវត្តមានអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពអធិកអធ័មនិងបរិយាកាសសប្បាយរីករាយ។
ពិធីបុណ្យសមុទ្រនៅខេត្តកំពតគឺមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២០ដល់២២ ខែធ្នូឆ្នាំ២០១៩។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃពិធីបើកនេះក៏មានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ទូត អង្គទូត នៃបណ្ដាប្រទេសមួយចំនួនប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល អភិបាល រាជធានីខេត្តនិង ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព មន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងអង្គពិធីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានមានប្រសាសន៍ស្វាគមន៍ដោយបានលើកបញ្ជាក់ថា រដ្ឋបាលខេត្តនិងប្រជាជនខេត្តកំពតទាំងមូលសូមសំដែងការស្វាគមន៍ដោយភាពកក់ក្ដៅដោយបានទទួលនូវមហាកិត្តិយសចំពោះវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសដ៏នក្ខត្តប្ញក្សជាប្រវត្តិសាស្ត្រនៃពិធីបុណ្យសមុទ្រលើកទី៨ សម្រាប់នៅក្នុងខេត្តកំពតនាពេលនេះ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានបន្តលើកឡើងទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាព ស្ថេរភាពទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។
ដោយឡែកខេត្តកំពត ពិតជាមានឱកាសដ៏ល្អប្រពៃ ពីសមិទ្ធផលនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ដោយខេត្តបានទទួលនូវសមិទ្ធផលធំៗជាច្រើន រួមនឹងការវិនិយោគ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរជាទីមោទនៈបំផុត ក្នុងនោះសមិទ្ធផលធំៗមានដូចជា៖ រោងចក្រផលិតស៊ីម៉ងតិ៍ចំនួន៤ កំពុងដំណើរការ, វារីអគ្គិសនីកំចាយ, រោងចក្រផលិតទឹកស្អាតចំនួន ០២កន្លែង, មានកំពង់ផែសមុទ្រចំនួន ០៤កន្លែង, កំពង់ផែទេសចរណ៍ចំនួន០១កន្លងការវិនិយោគវិស័យឯកជនមួយចំនួនទៀតដែលបានផ្ដល់ការងារដល់ពលរដ្ឋក្នុងខេត្ត ។
ទន្ទឹមនឹងសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់រៀបរាប់ខាងលើ រដ្ឋបាលខេត្តកំពត ក៏នៅតែទទួលបានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ទៀតលើគ្រប់វិស័យជាច្រើនពិសេសផ្ដោតលើវិស័យអប់រំជាសំខាន់ផងដែ។ យោងតាមរបាយការណ៍សង្ខេបរបស់ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះមានកម្មវិធីជាច្រើនដូចជាការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ។ ឯកឧត្តមបានរំពឹងថា ពិធីបុណ្យសមុទ្រលើកទី៨ លើទឹកដីខេត្តកំពតដ៏ស្រស់បំព្រងនឹងចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តឱ្យកាន់តែទូលំទូលាយ។
មានប្រសាសន៍នៅក្នុងអង្គពិធីបើកនៃព្រឹត្តិការណ៍ដ៏ធំនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនក្នុងនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រហូតដល់ឆ្នាំ១៩៩៦ ខេត្តកំពតទើបមានសន្ដិភាពពេញលេញ ដោយសារនយោបាយឈ្នះឈ្នះ មិនមែនដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះទេ។
បច្ចុប្បន្នខេត្តកំពតបានប្រែក្លាយទៅជាខេត្តដ៏មានសក្តានុពល ដែលពីមុនជាខេត្តដែលអន់ជាងគេមួយ។ ប៉ុន្តែខេត្តកំពតមានសក្កដានុពលជាច្រើនដោយក្នុងនោះខេត្តកំពតជាខេត្តដែលផលិតអំបិល ស៊ីម៉ង់ត៍ និងមានវារីអគ្គិសនីផលិតថាមពលអគ្គិសនី ដ៏មានសក្តានុពលផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអះអាងថាបច្ចុប្បន្ននេះខេត្តកំពតកំពុងមានវឌ្ឍនភាព ហើយសង្ឃឹមថា អ្នកដឹកនាំខេត្តនេះនឹងបន្ដអភិវឌ្ឍន៍ខេត្តកំពតបន្ដទៀត។
ពាក់ព័ន្ធលើវិស័យទេសចរណ៍សម្ដេចតេជោក៏បានបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តតំបន់ឆ្នេរប៉ុណ្ណោះទេ តែបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី៨នេះគឺ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើឱ្យទីក្រុងជាប់មាត់ ឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពស្របនឹងពាក្យស្លោក «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី» ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។
-គួររំលឹកថាពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
អត្ថបទៈលោក សាយយាវ