​កងកម្លាំង​ជាង ៤០០​នាក់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានដាក់​ពង្រាយ​ដើម្បី​សម្រួល​ចរាចរណ៍ និង​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ​

រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ខេត្តកំពត​បានដាក់​ពង្រាយ​កងកម្លាំង​ជាង ៤០០​នាក់ ទៅតាម​គោលដៅ​ទេសចរណ៍ និង​សម្រួល​ចរាចរណ៍​សម្រាប់​ការ​មកលេង​កម្សាន្ត​រប​ស់​ភ្ញៀវទេសចរ ពិសេស​គឺ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​។​

​ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ៤៥០​នាក់ ដែលជា​កម្លាំង​ចាំ​បញ្ជា​ពិសេស បានចេញ​ល្បាត​ក៏ដូចជា​សម្រួល​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ព្រែក​កំពង់បាយ (​ស្ពាន​ថ្មី​) ដើម្បី​បញ្ជៀ​ស​ការកកស្ទះ និង​ចុះ​ទៅតាម​បណ្តា​រមណី​ដ្ឋា​ន​នានា​ក្នុង​ខេត្ត ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ​។​

​តាម​ការ​ឱ្យដឹងពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​បញ្ជាក់ថា កងកម្លាំង​ចាំ​បញ្ជា​ពិសេស​នេះ ត្រូវបាន​ចែកចេញជា​បី​ក្រុម ហើយ​កងកម្លាំង​ដែល​នៅតាម​បណ្តា​ក្រុង​ស្រុក​ទាំង​៩ ក៏បាន​ត្រៀមកម្លាំង​ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះដែរ​។

សម្រាប់​រយៈពេល​បី​ថ្ងៃ​នេះដែរ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ក៏បាន​ត្រៀម​ជានិច្ច​នូវ​កងកម្លាំង​ពន្លត់អគ្គីភ័យ កងកម្លាំង​សុខាភិបាល ដើម្បី​ត្រៀមលក្ខណៈ​បង្ការ​រាល់​ហេតុការណ៍​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ ជាមួយគ្នានេះដែរ កងកម្លាំង​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពត​ចំនួន ១៣៩​នាក់ ក៏បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា ខេត្តកំពត​គឺជា​ហេតុ​មួយ​ដែលមាន​រមណី​ដ្ឋា​ន​ទេសចរណ៍​ច្រើន ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​តែងតែ​មក​សម្រាក​កម្សាន្ត​។ ហើយ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប រយៈពេល​បីថ្ងៃ​កន្លងមកនេះ ភ្ញៀវទេសចរ​ចំនួន ៨៣.៤៦៦​នាក់ បានមក​សម្រាក​កម្សាន្ត​ក្នុង​ខេត្ត​មួយ​នេះ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​