ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​មក​កំសាន្ត​ជាង ៨​ម៉ឺន​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តកំពត​បានឱ្យដឹងថា រយៈពេល​បី​ថ្ងៃ​នៃ​ការឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ខេត្តកំពត​មាន​ភ្ញៀវ​ទេសចរណ៍​បានមក​សម្រាក​កម្សាន្ត​ចំនួន​ជាង ៨​ម៉ឺន​នាក់​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បានឱ្យដឹង​ដែរ​ថា រយៈពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក​ក្នុង​ឆ្នាំ​២០២១​នេះ ភ្ញៀវទេសចរ​មក​ក​ម្រាក​កម្សាន្ត​សរុប​ចំនួន ៨៣.៤៦៦​នាក់ កើនឡើង ៧០,៦១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៨២.២១១​នាក់ កើនឡើង ៧១,៣១​ភាគរយ ភ្ញៀវ​បរទេស​មាន​ចំនួន ២៥៥​នាក់ ថយចុះ ២៦,៣០​ភាគរយ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ថែមថា ក្នុង​រយៈពេល​បី​ថ្ងៃនេះ​ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បែង​ចែកជា​៤​ក្រុម ដើម្បី​ចុះ​សហការ​ជាមួយ​មន្ទីរ អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ពង្រឹង​ការអនុវត្ត​សុ​វត្តិភាព​ទេសចរណ៍ SOP តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ ក៏ដូចជា​វិធាន​សុ​វត្តិភាព​ផ្សេងៗ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​។ ជាមួយគ្នានេះដែរ​តាម​ការអង្កេត​ប្រតិបត្តិ​ករ​ទេសចរ អាជីវករ មានការ​ខិតខំ​សហការ​ចូលរួម​អនុវត្ត​វិធាន​សុ​វត្តិភាព​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ​។​

​ចំណែក​ភ្ញៀវ​ទេសចរណ៍​ជាទូទៅ​ស្ទើរ ១០០% បាន​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តាម​ខ្លួន និង​ចូលរួម​អនុវត្ត​វិធាន ៣​កុំ​៣​ការពារ ពិសេស​ការពាក់​ម៉ាស់ ប្រើ​អាល់កុល ជែ​លលា​ង​សំអាត​ដៃ តែ​ការរក្សា​គម្លាត​មានការ​ធ្វេសប្រហែស​ច្រើន​។ ចំពោះ​សេវាកម្ម​ស្នាក់នៅ ការ​កក់​សម្រាប់​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ប្រមាណ ៧០​ភាគរយ គិត​ត្រឹម​ម៉ោង ៤​រសៀល រីឯ​តម្លៃ​សេវាកម្ម​ផ្សេងៗ ម្ហូបអាហារ ពុំ​មានការ​តម្លើងថ្លៃ​ហួសហេតុ​ពុំ​សមស្រប​នោះទេ​។​

​ជាមួយគ្នានេះដែរ ចំពោះ​ស្ថានភាព​ទូទៅ​ក្នុង​ខេត្តកំពត ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែលមាន​កម្លាំងប្រដាប់អាវុធ​ទាំង ៣​ប្រភេទ ជា​សេនាធិកា​ក្នុង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ចរាចរណ៍ សុ​វត្តិភាព​ភ្ញៀវទេសចរ​តាម​រមណី​ដ្ឋា​ន សហគមន៍ និង​គោលដៅ​ទេសចរណ៍​នានា ពិសេស​ការបញ្ជៀ​ស​ចរាចរ​ដែលមាន​សក​ម្ម​ភាព​មមាញឹក​ក្នុង​ក្រុង​បានល្អ​ប្រសើរ​។ ចំពោះ​សភាពការណ៍​ទូទៅ​នៅតាម​បណ្តា​រមណី​ដ្ឋា​ន សហគមន៍ និង​គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត បាន​ប្រព្រឹត្តទៅ​ជាធម្មតា ពុំមាន​បាតុភាព​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​នោះទេ​៕

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​