រដ្ឋបាល​ខេត្តកំពត​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជុំ​ទី​១ ជូន​ពលរដ្ឋ​អាយុ​១៨ ឆ្នាំ​ឡើង​

យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ-​១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ជុំ​ទី​១ ត្រូវបានធ្វើ​ពិធី​បិទ​បញ្ចប់នា​រសៀល​ថ្ងៃទី​២១ ខែតុលា ​ឆ្នាំ​២០២១ នៅ​សាលា​ខេត្តកំពត ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតីភាព​ពី​សំណាក់​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​លោក ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា ខេត្តកំពត​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​១៩ ជុំ​ទី​១ ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ដោយ​អនុវត្តតាម​ផែនការ​ជា​ជំហានៗ ចាប់ពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ រហូត​គិត​ត្រឹម​ថ្ងៃទី ១៧ ខែតុលា​ឆ្នាំ ២០២១ នេះ​សម្រេចបាន​លទ្ធផល​មាន​ចំនួន​៣៤​ម៉ឺន​៤៧៦៣​នាក់ ស្មើ​៨៩,០៩​ភាគរយ នៃ​ផែនការ​គោលដៅ​សរុប ៣៨​ម៉ឺន​៦៩៤៨​នាក់ ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​ពុំទាន់​បាន​ចាក់​មាន​ចំនួន​៤​ម៉ឺន​២១៨៥​នាក់ ស្មើ​១០,៩១​ភាគរយ ។​

​ដោយឡែក​កុមារ​និង​យុវវ័យ​ចាប់ពី​អាយុ​១២​ឆ្នាំ​ដល់​ក្រោម​១៨​ឆ្នាំ បាន​ចាក់​មាន​ចំនួន​៦​ម៉ឺន​៦.១០៩​នាក់​ស្មើ​៨៤​ភាគរយ​នៃ​ផែនការ​សរុប ៧​ម៉ឺន​៨៧០០​នាក់។ រីឯ​កុមារ​អាយុ​ពី អាយុ​៦​ឆ្នាំ​ដល់​ក្រោម​១២​ឆ្នាំ សម្រេច​ការចាក់​មាន​ចំនួន​៧​ម៉ឺន​៧២០៥​នាក់ ស្មើ​១១០,៨២​ភាគរយ នៃ​ផែន​ការសរុប​៦​ម៉ឺន​៩៦៦៨​នាក់ លើស​ផែនការ​ចំនួន​៧៥៣៧​នាក់​ស្មើ​១០,៨២​ភាគរយ ។

លទ្ធផល​ជារួម​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១២ ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​រួច មាន​ចំនួន​៤១​ម៉ឺន​៨៧២​នាក់​ស្មើ​៨៨,២៤​ភាគរយ នៃ​ផែនការ​គោលដៅ​សរុប​៤៦​ម៉ឺន​៥.៦៤៨​នាក់ ដែល​ក្នុងនោះ​អ្នក​នៅ​ពុំទាន់​បាន​ចាក់​មាន​ចំនួន​៥​ម៉ឺន​៤៧៧៦​នាក់​ស្មើ​១១,៧៦​ភាគរយ ដែល​ចំនួន​នៅសល់​នេះ ភាគច្រើន​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ពលករ​ចំណាកស្រុក ប្រជាពលរដ្ឋ​មានធុរៈ​ផ្សេងៗ​នៅក្នុង​យុទ្ធនាការ និង​អ្នកជំងឺ​ដែល​មិនអាច​ចាក់​បាន​។​


​លោកជំទាវ​ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​លើក​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន តែង​បាន​យកចិត្តទុកដាក់​យ៉ាងខ្ពស់ ក្នុងការ​ដាក់ចេញ​នូវ​យន្តការ​និង​លិខិតបទដ្ឋាន​ច្បាប់​នានា ជាច្រើន​ដើម្បី​បម្រើ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ សំដៅ​ការថែរក្សា​សុខមាលភាព​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។

ពិសេស​សម្ដេច​តេ​ជោ​បាន​ខិតខំ​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង និង​រក​ទាំង​ជំនួយ​ទ្វេភាគី​-​ពហុភាគី តាមរយៈ​ការដាក់ចេញ​នូវ គោលនយោបាយ​ជាតិ ជា​ប្រវត្តិសាស្ត្រ ដែលជា​យុទ្ធសាស្ត្រ សំខាន់​ក្នុងចំណោម​យុទ្ធសាស្ត្រ​នានា នៃ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ​ដើម្បី​ធ្វើយ៉ាងណា អនុវត្ត​សកម្មភាព​ហៅថា ការចាក់​ស្រោចស្រព​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​ដល់​មន្ត្រីរាជការ ប្រជាជន និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស រហូត​ការសម្រេចបាន​លទ្ធផល​ប្រកបដោយ​គុណភាព​បើ​ប្រៀបធៀប​នឹង​បណ្ដាល​ប្រទេស​ក្នុង​ពិភពលោក គឺ​កម្ពុជា​យើង​អនុវត្ត​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ជូន​ប្រជាជន​បានល្អ​ប្រសើរ​ជាងគេ​។

តែ​ទោះបីយ៉ាងណា​ខេត្តកំពត​នៅតែមាន​ចំនួន​ពលរដ្ឋ​សេសសល់ មិនទាន់បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នេះ​គ្រប់គ្នា​នៅឡើយ​ដែល​ភាគច្រើន​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ ប្រជាពលរដ្ឋ​ចំណាកស្រុក​និង​អ្នកជា​សះស្បើយ​ក្រោយពី​កើត​ជំងឺ​កូ​វីដ​១៩​។ ដូច្នេះ​លោកជំទាវ​ឱ វណ្ណឌី​ន ក៏បាន​ស្នើ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏ដូចជា​រដ្ឋបាល​ខេត្តកំពត ត្រូវ​ស្រង់​ស្ថិតិ​នូវ​ចំនួន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន និង​អ្នក​ចំណាកស្រុក ឲ្យ​បាន​ពិតប្រាកដ​ដើម្បី​បាន​ទិន្នន័យ​ជាក់លាក់​ក្នុងការ​វាយតម្លៃ​នៃ​ចំនួន​ប្រជាពលរដ្ឋ​បានទទួល​និង​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង។

តែ​ទោះបីយ៉ាងណា​លោកជំទាវ ក៏បាន​អំពាវ​សូម​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​ការអនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បាន​ទាំងអស់គ្នា​ជាប្រចាំ ហើយ​ពិសេស​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់​មិនទាន់បាន​ចាក់​វ៉ាក់សាំង​សូម​ទៅ ទទួល​ការចាក់​ឲ្យ​បាន​គ្រប់គ្នា នៅតាម​មន្ទីរពេទ្យបង្អែក​ទាំង​៥ និង​មណ្ឌល​សុខភាព​ចំនួន​៦៤ ដែលជា​មូលដ្ឋាន​នៃ​ការផ្ដល់សេវា​សុខាភិបាល​សាធារណៈ​ក្នុង​ខេត្តកំពត ដើម្បី​រួមគ្នា ធ្វើ​ឲ្យ​មាន​ភាព​សម និង​មាន​សុវត្ថិ​ភាពល្អ ក្នុង​សហគមន៍ សំដៅ​ធ្វើ​ឲ្យ​បាន​ការវិល​ត្រឡប់មក​វិញ​នៃ​ប្រក្រតីភាព ក្នុង​ដំណើរការ​ឆាប់ៗ​ខាងមុខនេះ​ប្រកបដោយ​និរន្តរភាព ទាំង​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ចសង្គម​។​

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត