ការធានានូវស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម ជារួមគឺជាភារកិច្ចចាំបាច់ត្រូវតែយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានដើម្បីបន្តអោយមាននិរន្តរភាពការអភិវឌ្ឍប្រទេសនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។ ការលើកឡើងដូច្នេះរបស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅក្នុងឱកាសឯកឧត្ដមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការងារផ្សព្វផ្សាយស្ដីពីវិធានការចាំបាច់នានាពាក់ព័ន្ធការងារសម្រាប់ទប់ស្កាត់សភាពការណ៍បច្ចុប្បន្ន នាសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ថា៖ បច្ចុប្បន្នបើទោះបីប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈត្រូវបានធានាអោយមានភាពរឹងមាំ ប្រជាពលរដ្ឋរស់នៅមានភាពកក់ក្ដៅក្រោមដំបូងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធមនុស្ស។
ក៏ប៉ុន្តែ ក្នុងដំណាក់កាលចុងក្រោយនេះ ពាក់ព័ន្ធនឹងឧបាយកលពួកឧទ្ទាមនៅក្រៅប្រទេសមួយក្ដាប់តូច ក្រៅតែពីពួកគេបានជំរុញអោយបរទេសដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចមកលើព្រះរាជាណាចក្រកម្ពុជាយើង ពួកគេទាំងនោះតែងបានខិតខំរិះរកឧបាយកលគ្រប់បែបយ៉ាង ក្នុងការធ្វើសកម្មភាពញុះញុងបំបែកបំបាក់ជាតិ ក្នុងគោលបំណងប៉ុនប៉ងដណ្ដើមអំណាចតាមរយៈការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះដើម្បីចូលរួមពង្រឹងធានានូវស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គម ពិសេសការថែរក្សាការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍរីកចម្រើនប្រទេសជាតិ និងជីវភាពរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋយើងអោយបានកាន់តែថ្កុំថ្កើនបន្តទៅមុខថែមទៀតនោះ។
ឯកឧត្ដម ជាវ តាយ ក៏បានក្រើនរំលឹកណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចមន្ទីរ អង្គភាពជំនាញគ្រប់ផ្នែក និងកងកម្លាំងឯកភាពគ្រប់ថ្នាក់ត្រូវតែរួមសហការគ្នា ដាក់ចេញនូវផែនការសកម្មភាពជាក់ស្ដែងដើម្បីជាវិធានការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅបណ្ដាភូមិសាស្ត្រក្នុងខេត្ត និងបង្កាទប់ស្កាត់នូវរាល់សភាពការណ៍ពាក់ព័ន្ធដល់ផែនការឧបាយកលពួកឧទ្ទាមដែលកំពុងបង្កអស្ថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងនាំអោយអន្តរាយដល់ប្រទេសជាតិ ដែលរំខានដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញវិនិយោគិននិងការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាយើងផងដែរ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសមាជិកអង្គប្រជុំពាក់ព័ន្ធសភាពការណ៍រួមទូទៅពីបញ្ហាការងារសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសបញ្ហាបទល្មើស និងជំលោះដីធ្លីក្នុងមូលដ្ឋាន ឯកឧត្ដម ជាវ តាយអភិបាលខេត្ត ក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាខិតខំរកវិធីដោះស្រាយដោយភាពទន់ភ្លន់តាមគោលការណ៍ឈ្នះឈ្នះជូនគ្រប់ភាគីជំលោះ ហើយបើដោះស្រាយមិនបានសម្រេចទេត្រូវតែចាត់វិធានការណ៍តាមនីតិវិធីច្បាប់អោយបានម៉ឺងម៉ាត់៕
អត្ថបទៈ លោក សាយ យាវ