ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​

​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែកញ្ញា​ឆ្នាំ​២០២១ នៅ​សាលសន្និសិត​ខេត្តកំពត ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងក​ម្លាំ​ង​ទាំងបី លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។

​តាម​ប្រកាស​ត្រូវបានតែងតាំង​លោក អេង ប៉ូ​ឡូ ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត ជំនួស លោក ស៊ុយ ធា ដែល​ត្រូវ​ផ្លាស់​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា ប្រធាន​នាយកដ្ឋាន​អភិរក្ស​សមុទ្រ​និង​ឆ្នេរ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។

មានប្រសាសន៍​ស្វាគមន៍​នៅក្នុង​ពិធី​នោះ ឯកឧត្ដម ជាវ តា​យ បាន​ចូលរួម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក អេង ពន្លក ដែល​ត្រូវបាន​ក្រសួងបរិស្ថាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​នាពេលនេះ ឯកឧត្ដម​សង្ឃឹម​ទុកជាមុន​ថា ប្រធាន​មន្ទីរ​ថ្មី​នេះ​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​តាម​រយៈ​ចំណេះដឹង​សមត្ថភាព និង​បទពិសោធ​ដែលមាន​ពីមុនមក​ដើម្បី​បន្ត​ចូលរួម​ក្នុង​ការងារ​ដឹកនាំ គ្រប់គ្រង​មន្ទីរ​បរិស្ថាន​ខេត្តកំពត​ឲ្យ​មានការ​រីកចម្រើន​ថ្មីៗ​បន្ថែមទៀត​។ ឯកឧត្ដម​អភិបាលខេត្ត ក៌​បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ និង​អនុប្រធាន​មន្ទីរ អស់លោក លោកស្រី មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​សូម​យកចិត្តទុកដាក់​ពិនិត្យ និង​អនុវត្ត​នូវ​តួនាទី​របស់​ខ្លន ក្នុងន័យ​ធានា​បង្កើន​ប្រសិទ្ធភាព និង​លទ្ធផល​ការងារ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ជាង​បណ្ដា​ឆ្នាំមុនៗ ហើយ​ដើម្បី​ធ្វើបែបនេះ​បានទាមទារ​ឲ្យ​មាន​ឆន្ទៈ​ច្បាស់លាស់​ម៉ឺងម៉ាត់ និង​មានការ​ចូលរួម​ទាំងអស់​គ្នា​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នាឱកាស​នោះ ឯកឧត្តម នេ​ត ភ​ត្ត្រា ក្នុងនាម​ក្រសួងបរិស្ថាន សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម អភិបាលខេត្ត ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ដែល​តែង​គាំទ្រ ចំពោះ​ការអនុវត្ត​វិធានការ​នានា ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ថ្មីៗ​នេះ​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ក្រសួង​ម​រិ​ស្ថាន ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ ឲ្យ​បញ្ឈប់​ការចុះហត្ថលេខា​បញ្ជាក់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យសុំ​កាន់កាប់​ដី ឬ​ប្រើប្រាស់​ដី លិខិត​ទិញ​លក់​ដី​ឬ​លិខិត​ប្លង់​បង្ហាញ​ទីតាំង​ដី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​ចាត់វិធានការ​តាមច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ជា​លទ្ធផល​មេឃុំ ចៅសង្កាត់​បាន​អនុវត្តតាម​ការណែនាំ​នេះ​។​

ឯកឧត្តម បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី សូម​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ឲ្យ​កាន់តែ​ប្រសើរឡើង ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ សុ​ច្ចរិតភាព សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ការផ្តល់​សេវាសាធារណ ដោយ​តម្កល់​ខ្ពស់​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ប្រជាជន ត្រូវមាន​កិច្ចសហការ​ល្អជា​មួ​យគ​ណៈ​បញ្ជា​ការឯកភាពរ​ដ្ឋ​បាល​ខេត្ត ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​លើ​វិធានការ​ទប់ស្កាត់​បទល្មើស​ដែលមាន​សភាព​ក្តៅគគុក​ក្នុងពេល​បច្ចុប្បន្ន ដោះស្រាយ​ជាបន្ទាន់​នូវ​បញ្ហា​សំណល់​រឹង សំណល់​រាវ លើ​បរិស្ថាន​ក្នុង​ខេត្ត ការងារ​គ្រប់គ្រង​អភិ​ក្ស​ឧទ្យាន​ជាតិ ពិសេស​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន និង​គិតគូរ​ពី​សុខទុក្ខ​របស់​មន្ត្រី​ឧទ្យាន​នុ​រក្ស​នៅ​ចំណុះ​មន្ទីរ​បរិស្ថាន និង​មាន​ទំនាក់ទំនង​ល្អ ប្រកបដោយ​កិច្ចសហការ​ជិតស្និត​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល​ខេត្ត​។​

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​