រដ្ឋបាល​ខេត្តកំពត​រៀ​ប​ចំ​គម្រោង​អភិវឌ្ឍ​ឆ្នេរ​ព្រែក​កំពត​ថ្មី​មួយកន្លែង​បន្ថែមទៀត​ដើម្បី បម្រើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​

​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ប្រកបដោយ​ភាព ស្រស់ស្អាត​សំដៅ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ការរៀបចំ​ក​ន្លែ​ង​លំហែ​កម្សាន្ត មាន​ខ្យល់អាកាស​បរិសុទ្ធ មាន​អនាម័យ​បរិស្ថាន​ធានា​ដល់​គុណភាព សុខភាព សាធារណៈ និង​សោភ័ណភាព​ក្នុង​ក្រុង ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅពេល​ខាងមុខនេះ រដ្ឋបាល​ខេត្តកំពត នឹងមាន​ការអភិវឌ្ឍ​ន៍​ទៅលើ​គម្រោង​ថ្មី​មួយ​បន្ថែមទៀត ដែល​គម្រោង​នេះ​ស្ថិតនៅ តាម​ដង​ឆ្នេរ​ព្រែក​កំពត ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​។​

នៅ​រសៀល ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី មន្ទីរជំនាញ​និង អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​សិក្សា​វាយតម្លៃ​ទៅដល់​ទីតាំង​ជាក់ស្ដែង​ដើម្បី​រៀបចំ​អភិវឌ្ឍន៍​គម្រោង​ថ្មី​មួយ​បន្ថែមទៀត ឲ្យ​បានសម្រេច​នៅពេល​ខាងមុខ​ឆាប់​នេះ ។​
​គម្រោង​នេះ នៅតាម​ដង​ឆ្នេរ​ព្រែក​កំពត ជា​គម្រោង​វិនិយោគ ពី​វិស័យ​ឯកជន​ក្នុង​ជំហាន​ដំបូង​តម្រូវ​ឲ្យ​ធ្វើការ​បូម​ខ្សាច់​ចាក់​បំពេញ​តាម​ឆ្នេរ​ដងព្រែក និង​រៀបចំ​ប្រព័ន្ធ​លូទឹក​នឹង​រៀបចំ​ខឿន​ទប់​ខ្សាច់ ដែលមាន​ប្រវែង​ជិត ៣០០ ម៉ែត្រ ចាប់ពី​ចំណុច មណ្ឌលកីឡា​លើទឹក រហូតដល់ ផែ​ទូក​នេសាទ ខាងត្បូង​ជាប់​ទីលាន​សួន​សាធារណៈ​ព្រះបាទ​អង្គឌួង​។

គម្រោង​នេះ ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត នូវ​ភាពស្រស់ស្អាត​តាម​ដង​ឆ្នេរ​ព្រែក ក៏ដូចជា​ការរៀបចំ​ក​ន្លែ​ង​លំហែ​កម្សាន្ត មាន​ខ្យល់អាកាស​បរិសុទ្ធ មាន​អនាម័យ​បរិស្ថាន​ធានា​ដល់​គុណភាព សុខភាព​សាធារណៈ និង​សោភ័ណភាព ក្នុង​គោលដៅ​បម្រើ​សេវាកម្ម​មួយចំនួន​ក្នុង​វិស័យ​ទេសចរណ៍​។​ ​ឯកឧត្តម​ជាវ តា​យ អភិបាលខេត្ត ​ក្នុងឱកាស​នោះ បាន​មានប្រសាសន៍​បញ្ជាក់ថា ដើម្បី​អភិវឌ្ឍ​នូវ​គម្រោង​មួយ​ឲ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ ធានាបាន​នូវ​គុណភាព​និរន្តរភាព បញ្ចៀស​បាន​នូវ​ផលប៉ះពាល់ គឺ​ចាំបាច់​ត្រូវមាន​ការចូលរួម​ពី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​ផ្ដល់នូវ​មតិយោបល់​ល្អៗ ក្នុង​ដំណើរការ​កសាង​នៃ​គម្រោង​ទាំងអស់នោះ​។​

​ជាក់ស្ដែង​ការចុះ​មក​ពិនិត្យ​ដល់ ទីតាំង​គម្រោង​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី សិក្សា​វាយតម្លៃ​និង​ទាមទារ​ឲ្យ​មានការ​ចូលរួម​មតិយោបល់ ពី​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​សំដៅ​ធ្វើយ៉ាងណា ធ្វើឱ្យ​ដំណើរការ​អភិវឌ្ឍ​ន៍គ​ម្រោ​ង ប្រកបដោយ​គុណភាព និរន្តរភាព​បញ្ចៀស​បាន​នូវ​ផលប៉ះពាល់​ឲ្យ​នៅមានកម្រិត​តិច​បំផុត និង​បម្រើ​ដល់​ផលប្រយោជន៍​សាធារណជន​ឲ្យ​បាន​ច្រើន​បំផុត​។ ឧ​ត្ត​ម​អភិបាលខេត្ត​ក៏បាន​គាំទ្រ​គម្រោង​មួយ​នេះ​និង ផ្ដាំផ្ញើ​ដល់​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ខេត្ត ត្រូវធ្វើ​យ៉ាងណា​សហការ​គ្នា​ជាមួយនឹង​អ្នកវិនិយោគ សិក្សា​រៀបចំ​គម្រោង​ប្លង់​មេ​ឲ្យ​បានច្បាស់លាស់ នឹង​លឿន​រហ័ស​នៅពេល​ខាងមុខនេះ​។ ឯកឧត្តម​អភិបាលខេត្ត​សង្ឃឹមថា ខេត្តកំពត​ពិសេស​ទីក្រុង​កំពត នៅពេល​ខាងមុខ នេះ​ក្រោយពី​បង្កើតបាន​នូវ​គម្រោង​ថ្មី​មួយ​នេះ​បន្ថែមទៀត នឹង​អាច​មាននូវ​ហេ​ដ្ឋា​រចនាសម្ព័ន​បំរើ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើតបាន​ភាព​ទាក់ទាញ​ព្រមទាំង​បាន​ផ្ដល់នូវ​មុខរបរ​អាជីវកម្ម​ការងារ​រួម​និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត​។​

​អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​