រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជំរុញ​ដល់​អាជ្ញាធរខេត្ត​មន្ត្រី​ជំនាញ​និង​អ្នកពាក់ព័ន្ធ​ឲ្យ​រៀបចំ​និង​អភិវឌ្ឍ​ក្រុង​កំពត​ជាទី​ក្រុង​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌

​ខេត្តកំពត​នាពេល​បច្ចុប្បន្ន បាន​នឹង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មក​កម្សាន្ត ហើយ​រៀងរាល់ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍ ឬថ្ងៃ​បុណ្យទាន​ផ្សេងៗ ក្រុង​កំពត​មាន​សេវា​ស្នាក់នៅ​សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​ពុំ​គ្រប់​គ្រាន់​​ល្អប្រសើរនៅឡើយ​ទេ​។ ក្រុង​កំពត​ទទួលបាន​ជ័យលាភី​ទីក្រុង​ទេ​ចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ ឆ្នាំ​២០២០​ខាងមុខនេះ បើទោះជា​យ៉ាងនេះ​ក្តី​រដ្ឋមន្ត្រីក្រសួង​ទេសចរ​ថា ទីក្រុង​កំពត​គួររៀបចំ​និង​អភិវឌ្ឍន៍​ជាទី​ក្រុង​ទេសចរណ៍​បេតិ​ក​ភណ្ឌ​វប្បធម៌​។

​ថ្លែង​ក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ក្រោម​ប្រធានបទ “​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​” អម​ជាមួយ​ពិធី​ប្រគល់​បណ្ណ និង​លិខិត​សរសើរ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​គំរូ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា នៅ​ព្រឹក​​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្តកំពត ឯកឧត្តម បណ្ឌិត ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ក្រុង​កំពត​បាន​ជាប់​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ានលើក​ទី​២ ដែល​ពានរង្វាន់​នេះ​នឹងត្រូវ​ប្រគល់​ឲ្យ​ក្នុង​វេទិ​ការ​​ទេសចរណ៍​អាស៊ាន​២០២០ ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​បាន​ដា​ស៊េរី​បេ​ហ្គា​វ៉ាន់ ប្រទេស​ព្រុយ​ណេ នៅ​ខែមករា ឆ្នាំ​២០២០​ខាងមុខនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រីបាន​បន្តថា បើទោះជា​ក្រុង​កំពត​ទទួលបាន​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​ស៊ាន​ក៏ពិតមែន ប៉ុន្តែ​អាជ្ញាធរខេត្ត ក្រុង មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធគួរ​ធ្វើយ៉ាងណា​រៀបចំ និង​អភិវឌ្ឍន៍​ទីក្រុង​កំពត ជាទី​ក្រុង​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ មិន​ធ្វើការ​អភិវឌ្ឍន៍​ដោយ​គ្មាន​ការអភិរក្ស​នោះទេ ការធ្វើ​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​បានកំណត់​ខេត្តកំពតជា “​គោលដៅ​ទីក្រុង​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ក​សិ​ទេសចរណ៍​តំបន់ឆ្នេរ​”​។

​នៅក្នុង​ឱកាស​នោះដែរ​ឯកឧត្តម​បណ្ឌិត ក៏បាន​បញ្ជាក់ដែរថា ប្រធានបទ​នៃ​បុណ្យ​សមុទ្រ “​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​” ក៏បាន​គូសបញ្ជាក់​កាន់តែច្បាស់ នូវ​តួនាទី​របស់​វិស័យ​ទេសចរណ៍ ដើម្បី​រក្សា​តុល្យភាព​រវាង​តម្រូវការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​តំបន់ឆ្នេរ និង​តម្រូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដោយ​ឈរលើ​ទស្សនទាន “​អភិរក្ស​ដើម្បី​អភិវឌ្ឍ អភិវឌ្ឍ​គាំពារ​ដល់​កិច្ច​អភិរក្ស​” ​ផងដែរ​។​

​ជាក់ស្តែង យោងតាម​លទ្ធផល​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​លើក​ទី​១ និង​លើក​ទី​២ សុទ្ធតែ​បាន​សបញ្ជាក់​រួចទៅហើយ​នូវ​ស្មារតី​ចូលរួម​យ៉ាងសកម្ម​រប​ស់​រដ្ឋបាល​ខេត្តកំពត ក្នុង​កិច្ចការងារ​អភិរក្ស អភិវឌ្ឍន៍ និង​ថែរក្សា​បរិស្ថាន​ជារួម​នៅក្នុង​ក្រុង​កំពត​។

នៅក្នុង​ឆ្នាំ​២០១៩​នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១៨០.៤៦៣​នាក់ កើនឡើង​៧,៥៩% ធៀប​នឹង​ឆ្នាំ​២០១៨​។ ភ្ញៀវទេសចរ​ជាតិប្រមាណ ១.៤៨៤.៥៣៩​នាក់ កើនឡើង​១,៥៦%​ធៀប​នឹង​ឆ្នាំ​២០១៨​។​
-​សូ​បញ្ជាក់ថា អង្គសិក្ខាសាលា​នេះ​ចូលរួម​ជា​អធិបតី​ផងដែរ​ពី​សំណាក់ ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​និង​សមាជិក​សមាជិកា ពី​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍​ជាច្រើន​រយ​នាក់​។​
​អត្ថ​ប​ទៈ លោក សាយ យាវ​