ក្រោយពីប្រជាពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្ទើគ្រប់ៗគ្នា ហើយបានយល់ដឹងច្បាស់ពីវិធានសុវត្តិភាព និងរៀនរស់តាមគន្លងថ្មី ភ្ញៀវទេសចរបានចេញដំណើរកំសាន្តទៅកាន់រមណីដ្ឋានទេសចរនានទូទាំងប្រទេសជាធម្មតា។ ដោយឡែកខេត្តកំពតកាលពីសប្តាហ៍កន្លងទៅ ភ្ញៀវទេសចរជាង ២ម៉ឺននាក់ បានមកកំសាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្ត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តកំពតទទួលបានភ្ញៀវទេសចរមកកំសាន្តតាមរមណីដ្ឋាននានាក្នុងខេត្តចំនួន ២២.៤៣៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ២២.៣២៩នាក់ ភ្ញៀវអន្តរជាតិចំនួន ១០៩នាក់។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ជាទូទៅនៅតាមរមណីដ្ឋាននានា គឺមានការអនុវត្តន៍តាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យភ្ញៀវទេសចរដែលមកកំសាន្តទាំងអស់ត្រូវវាស់កំដៅ លាងដៃនឹងសាប៊ូ ឬអាល់កុលមុនពេលចូលកំសាន្ត និងត្រូវរក្សាគម្លាតសុវត្តិភាពជាដើម។
លោកប្រធានមន្ទីរបានបន្ថែមថា ចំពោះភ្ញៀវទេសចរដែលបានមកសម្រាកកំសាន្តក្នុងខេត្តកំពត គឺមានការចូលរួមអនុវត្តន៍វិធានសុវត្តិភាពយ៉ាងភ្ជាប់ផ្ជួន ហើយពុំសូវមានការប្រមូលផ្តុំគ្នាច្រើន ដែលអាចបង្ករឱ្យមានហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ។ ជាមួយគ្នាននេះដែរ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានបែងចែកក្រុមការងារជា ៣ក្រុម ដើម្បីចុះត្រួតពិនិត្យនៅតាមគោលដៅទេសចរណ៍ និងកន្លែងកំសាន្តនានាក្នុងខេត្ត ដើម្បីសំដៅពង្រឹងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ឱ្យបានល្អប្រសើរ ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត