ចាស់ជរា​ទុរគតជន​និង​ពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩​ចំនួន​១០៦​ទទួល​អំណោយ​កាកបាទក្រហម​

​ចាស់ជរា ទុរគតជន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ចំនួន ១០៦​គ្រួសារ​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត ទទួលបាន​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដើម្បី​សម្រួល​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​។

​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្តម​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​ចុះទៅ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១០៦​គ្រួសារ មកពី​ឃុំ​ចំនួន​៧ ក្នុងស្រុក​ទឹកឈូ ពិធី​នេះ​រៀបចំ​ធ្វើឡើង​នៅ​សាលាស្រុក​ទឹកឈូ​ខេត្តកំពត​។

នាឱកាស​នោះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​អំណោយ​ទាំងអស់​ដោយ​ក្តី​នឹករឭក​បំផុត ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ពោលគឺ ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។

​ឯកឧត្តម​ប្រធាន​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រកាន់យក​អនាម័យ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ខិតខំ​ប្រឹងប្រែង​ប្រកបមុខរបរ​បង្ក​រប​ង្កើ​ន​ផល​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យបាន​ប្រសើរឡើង និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ទឹកឈូ ទាំងអស់ ទោះ​បាន​ចាក់​វាក់​សាំង​រួចរាល់​ទាំងអស់គ្នា​ហើយក៏​ដោយ ក៏ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពិសេស​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​គោរព​តាម​វិធាន​នានា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ។ អំណោយ​ផ្តល់ជូន​ពលរដ្ឋ​ម្នាក់ៗ​រួមមាន អង្ករ​២៥​គីឡូក្រាម ត្រីខ​១០​កំប៉ុង ទឹកត្រី​១​យួរ មី​១​កេស ម៉ាស់​១​ប្រអប់ និង​ថវិកា​មួយចំនួន​ផងដែរ​៕

អត្ថបទ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​