ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះសាលាខេត្តកំពត ដែលកម្មវិធីនេះធ្វើឡើងនាសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកផងដែរ។
នៅក្នុងឱកាសនោះលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តបានអោយដឹងអំពីស្ថានភាពមន្ត្រីរាជការស៊ីវិល នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ និងមន្ត្រីជាប់កិច្ចសន្យាចំណុះសាលាខេត្តកំពតទាំងមូលបច្ចុប្បន្នមានចំនួនសរុប ១៩១នាក់ស្រី ៦៩នាក់ក្នុងនោះមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តមានចំនួនសរុប ១៣៨នាក់ និងមន្ត្រីជាប់កិច្ចសន្យាមានចំនួនសរុប ៥៣នាក់។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលនាឱកាសនោះដោយបញ្ជាក់ថា៖ ជាការពិតកន្លងមកក្នុងមួយឆ្នាំរដ្ឋបាលខេត្តកំពតតែងតែធ្វើនូវកម្មវិធីជួបជុំមន្ត្រីរាជការចំណុះសាលាខេត្តនាមុនឱកាសបុណ្យប្រពៃណីជាតិខ្មែរម្ដងៗ។
ពិសេសបុណ្យភ្ជំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរ គឺជាគោលបំណងដើម្បីផ្សារភ្ជាប់ការស្រឡាញ់រាប់អានក្នុងមនោសញ្ចេតនាការងារ និងការលើកទឹកចិត្តរវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទ ពោលគឺដើម្បីពង្រឹងសាមគ្គីភាពរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវដោះស្រាយបញ្ហាប្រឈមសេសសល់នានាពីច្រើនមកតិច និងពីតិចទៅអត់សំដៅធ្វើយ៉ាងណាអោយការអនុវត្តការងារបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពថែមទៀតលើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការរួមគ្នាជំរុញកិច្ចអភិវឌ្ឍន៍ក្នុងខេត្តកំពតអោយបានកាន់តែរីកចម្រើនបន្តទៅមុខទៀត។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ក៏បានឧបត្ថម្ភថវិកាជូនដល់មន្ត្រីរាជការក្នុងក្របខ័ណចំណុះសាលាខេត្តកំពតទាំងមូល សរុបចំនួន១៣១នាក់ ក្នុងម្នាក់ថវិកាចំនួន ៤០ម៉ឺនរៀល នឹងបន្តឧបត្ថម្ភដល់សមាជិក្រុមប្រឹក្សាខេត្តចំនួន២៥នាក់ ក្នុងម្នាក់៥០ម៉ឺនរៀលសរុបមានចំនួន៦៤លាន៩សែនរៀល មន្ដ្រីជាប់កិច្ចសន្យាចំនួន៥៣នាក់ និងនគរបាលចំនួន៦នាក់ម្នាក់២០ម៉ឺនរៀលសរុបថវិកាចំនួន៧៦លាន៧សែនរៀលផងដែរ៕
អត្ថបទៈ លោក សាយ យាយ