ខេត្តកំពត​ប្រារព្វ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក ០៥​មិថុនា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការបំពុល​ខ្យល់​»

ឯកឧត្ដម សូត យា អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ ការងារ​បរិស្ថាន​ជា​កិច្ច​ការដែល​ត្រូវបាន​ពិភពលោក​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ហើយ​ការងារ​នេះ​ក៏​តម្រូវអោយ​គ្រប់​អ្នកពាក់ព័ន្ធទាំងអស់ក្នុង​ក្រប​​ខណ្ឌសហគមន៍ សង្គមជាតិ ​តំបន់ និង​ពិភពលោក ត្រូវបាន​បន្ត​ចូលរួមពង្រឹងប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធនធានធម្មជាតិ ដោយ​ខិតខំ​រិះរក​វិធានការ​និង​ដំណោះស្រាយអោយបាន​សមស្របដើម្បី​រក្សា​អោយបាន​នូវ​សុវត្ថិ​ភាព​​នៃ​ភពផែនដី វឌ្ឍនភាពសង្គម និង​ការរស់នៅ​ដោយ​ចីរភាព​។


ឯកឧត្ដម សូត យា បានលើកឡើង​អោយដឹង​ដូចនេះ នៅក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិ​ធិ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក ០៥​មិថុនា​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ការបំពុល​ខ្យល់​» ដែល​រដ្ឋបាលខេត្ត​ក្រោម​ការរៀបចំ​ដោយ​មន្ទីរ បរិ​ស្ថាន​ខេត្តកំពត​ កាល​ព្រឹក​ថ្ងៃទី​២០ ​ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​ក្រុង​កំពត​ ខេត្តកំពត ​ដែលមាន​មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ​លោកគ្រូ អ្នកគ្រូ សិស្ស​និស្សិត និង​ប្រជា​ម​ពលរដ្ឋ​ចូលរួម សរុប​ចំនួន ១២០០​នាក់​។


ឯកឧត្ដម សូត យា បាន​បន្តទៀតថាៈ ជាការ​ជាក់ស្ដែង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ បរិស្ថាន​ពិភពលោក ០៥​មិថុនា​នៅពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​អោយឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​យើង​និង​បណ្ដា​ប្រជាជាតិ​លើ​ពិភពលោក​តែង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង ផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​អំពី​ភាពចាំបាច់​និង​សារប្រយោជន៍​នៃ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស ជីវៈ ចម្រុះ​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​អោយបាន​សមស្រប សំដៅ​កែប្រែ​ផ្នត់គំនិត​និង​ឥរិយាបថ​មហាជន​គ្រប់​មជ្ឈដ្ឋាន​អោយទៅជា​កំលាំងចលករ ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ​នៅលើ​ភពផែនដី​ស្របទៅតាម​ទស្សនាទាន​«​ការអភិវឌ្ឍ​ដោយ​ចីរ​ភាព​​»​។

ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បាន​បន្តទៀតថា​៖​សព្វថ្ងៃនេះ យើង​កំពុង​ប្រឈម​បញ្ហា​បរិស្ថាន​ចំបងៗ​នៅ​គ្រប់​តំបន់ និង​ក្នុង​ពិភពលោក​មាន​ជាអាទិ៍​៖ ការកើនឡើង​កំដៅ​ផែនដី​-​គ្រោះរាំងស្ងួត​និង​ទឹកជំនន់​-​ការបាត់បង់​ព្រៃឈើ​និង​ជីវៈ​ចម្រុះ​ កង្វះ​ទឹកស្អាត​ និង​ថាមពល​ ​ជម្ងឺឆ្លង​និង​សន្តិសុខ​ស្បៀង​ជាដើម​។ ដូចនេះ​នៅ​ចំពោះមុខ​នេះ រាជរដ្ឋាភិបាល កម្ពុជា​យើង​មិនបាន​ព្រងើយកន្តើយ​ដោយបាន​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ថែរក្សា​ការពារ​បរិស្ថាន​និង​អ ភិ​វឌ្ឍន៍​ដោយ​ចីរភាព ឆ្លើយតបបាន​ទៅនឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា​២០១៤-២០២៣ ដោយមាន​ចក្ខុវិស័យ​គាំទ្រ​កម្ពុជា​អភិវឌ្ឍ​ឆ្ពោះទៅ​សង្គម​មួយ​បៃតង​ដែល​បញ្ចេញ​កាបូ​និក​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​សមធម៌ ចីរភាព និង​ដោយ​ពឹង​ផ្អែកលើ​ចំណេះដឹង​ជា​គោល ដើម្បី​ជា​ត្រីវិស័យ​តម្រង់ទិស​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អា​ធាតុ​នៅ​កម្ពុជា​។


ជាមួយ​ឱកាស​នោះដែរ​លោក ស៊ឹម វុ​ទ្ធា អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត ក៏បាន​អំពាវនាវ និង​ដាក់​គោលការណ៍​ណែនាំ​សូមអោយ​មានការ​ចូលរួម​ទាំងអស់គ្នា​នូវ​កិច្ច​គាំពារ​បរិស្ថាន​និង​ជីវៈចម្រុះ ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន ជុំវិញខ្លួន​អោយមាន​សភាព​ស្រស់ស្អាត​សមជា​ខេត្ត​ទេសចរណ៍​ទំនើប​មួយ​ពិសេស​ក្នុង​ក្រុង​កំពត​ត្រូវតែ​ស្អាត​អោយ​សមជា​ទីក្រុង​គំរូ​។ ក្នុងឱកាស​នោះ​គណៈអធិបតី​ក៏បាន​ប្រគល់​កូនឈើ​ប្រភេទ​ឈើប្រណិត​និង​បាន​ចូល​រួន​ដាំ​កូនឈើ​នៅក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​ឌី​ប៉ុក​មហា​សាមគ្គី​ដែលជា​សាលា​គំរូ​មេត្រី​បរិស្ថាន​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​