រដ្ឋបាល​ខេត្តកំពត​បំផុសស្មារតី​យុវជន​សិស្ស​និស្សិត​ឱ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ក្រុង​នាឱកាស​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៩

​ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​អំពី​បញ្ហា​អនាម័យ​បរិស្ថាន​ល្អ​ក្នុង​ទីក្រុង​នាឱកាស​អបអរ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ឆ្នាំ ២០១៩ នេះ​ឲ្យ​ស្របទៅនឹង​ប្រធានបទ «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» ។ នៅ​ព្រឹក​ថ្ងៃទី ១៩​ខែធ្នូ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្តកំពត​បា​ន​រៀបចំ​កម្មវិធី​ជួបជុំ​យុវជន​សិស្ស​និស្សិត កម្មករ ដែល​កម្មវិធី​នេះ ដឹកនាំ​ដោយ​លោកជំទាវ​ យូ សុគន្ធ​ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម​ ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​លោកគ្រូ អ្នកគ្រូ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ផ្សព្វផ្សាយ បំផុស​ចលនា​ស្មារតី​ផ្នត់គំនិត​ឲ្យ​ដល់​កម្លាំង​យុវជន​ទាំងនោះ​ក្នុងការ​ចូលរួម​នៃ​យុទ្ធនា​ការសំអាត​អនាម័យ​បរិស្ថាន​ទីក្រុង​កំពត​។ ពិសេស​ក្នុង​រយៈពេល​៣ ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​ខេត្តកំពត​ត្រូវ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ក្នុងឱកាស​នោះ​តាម​ការបញ្ជាក់​ឲ្យ​ដឹង​របស់លោក​ជំទាវ ​យូ សុគន្ធ​ អភិបាលរង​ខេត្ត គឺ​ផ្អែក​តាម​គម្រោង​ផែន​ការដែល​រដ្ឋបាលខេត្ត​បានដាក់ចុះ​គឺ​កម្លាំង​យុវជន​ដែល​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​ក្នុង​ទីក្រុង​កំពត​រយៈ​ពេល​​បី​ថ្ងៃ​ក៏​ដូច​ឱកាស​មុន​និង​ក្រោយ​នៃ​ពិធីបុណ្យ​សមុទ្រ ក្នុងនោះ​មាន​កម្លាំង​យុវជន​កាយ​រិ​ទ្ធ​ចំនួន ៥០​នាក់ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ចំនួន​៥០​នាក់ យុវជន​ស្រលាញ់​សន្តិភាព​ចំនួន​៥០ នាក់​យុវជន​កាកបាទក្រហម​ចំនួន​៥០​នាក់​ និង​កម្លាំង​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ខេត្ត​ចំនួន​១០០​នាក់ ​រួម​នឹង​សិស្សសាលា​ក្នុង​ក្រុង​កំពត​ផងដែរ​។

ហើយ​ពេលវេលា​នឹង​មុខសញ្ញា​ទីកន្លែង​ដែល​ត្រូវ​សំអាត​អនាម័យ​គឺត្រូវធ្វើ​ជាប្រចាំ​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ នៅតាម​ដងផ្លូវ សួន​សាធារណៈ​និង​មុខផ្ទះ​ប្រជាពលរដ្ឋ​កន្លែង​កម្សាន្ត​នានា​ក្នុង​ក្រុង​កំពត​។ ក្នុងឱកាស​នោះដែរ​លោក​ជំទាវ ​យូ សុគន្ធ ក៏បាន​ណែនាំ​ផ្ដាំផ្ញើ​ដល់​យុវជន​និង​សិស្ស​និស្សិត​រួម​និង​កម្មករ​ទាំងអស់​ដែលជា​កម្លាំង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ត្រូវធ្វើ​យ៉ាងណា​បញ្ចេញ​សកម្មភាព​អោយបាន​សកម្ម​ទាំងអស់គ្នា​និង​រួមចំណែក​ជួយ​បំផុស​ចលនា​ផ្សព្វ​ផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​មានការ​ចូលរួម​សំអាត នូវ​បញ្ហា​អនាម័យ​បរិស្ថាន​ទីក្រុង​ទាំងអស់គ្នា​ប្រយោជន៍​ធ្វើឱ្យ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តកំពត​កាន់តែ​ច្រើនឡើង​។ ពិសេស​ក្នុងឱកាស​នៃ​ពិធីបុណ្យ​សមុទ្រ​របស់​ខេត្តកំពត​មានការ​សរសើរ​ពី​សំណាក់​ភ្ញៀវទេសចរ​និង​ក៏​ដើម្បី​ជា​ប្រយោជន៍​សុខភាព​សាធារណៈ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​៕
​អត្ថ​ប​ទៈ លោក សាយ​យាវ​