ក្រោយពីមានការប្រកាសព័ត៌មានជាផ្លូវការអំពីការបើកវេទិការសាធារណៈ ជួបជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានឃុំ-សង្កាត់ទាំង៩៣ ក្នុងខេត្តកំពតកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត រួចមក។ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពតបានដំណើរការបើកអង្គវេទិការសាធារណៈជាលើកទី១ ឡើង ដើម្បីជួបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃសង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលវេទិកានេះធ្វើឡើងក្នុងមណ្ឌលកីឡដ្ឋានខេត្ត ដើម្បីស្វែងរកបញ្ហាផ្សេងៗ និងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ សំដៅធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងវេទិការនេះ ត្រូវបានដឹកនាំធ្វើឡើងដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកស្នងការរងគ្រប់ផែន នៃស្នងការដ្ឋាននគរបាលខេត្តនិងមេប៉ុស្តិ៍ រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលតែងមានជួបបញ្ហា ដែលតម្រូវទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់។
តាមរយៈអង្គវេទិការនេះ បានទទួលនូវសំណូមពរ និងសំណើរចំនួន ១៨ករណី ដែលភាគច្រើនជាការស្នើសុំពាក់ព័ន្ធនឹងការស្នើសុំធ្វើផ្លូវនៅក្នុងមូលដ្ឋាននៃសង្កាត់។ ជាការឆ្លើយតបក្នុងនៅក្នុងអង្កវេទិកានេះ លោកស្នងការនគរបាលខេត្តបានបញ្ជាក់ថា ចំពោះសំណើរដែលប្រជាពលរដ្ឋបានស្នើមកនោះក្នុងអង្កការនេះ ហើយមិនពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្ត លោកនឹងពាំនាំសំណើទាំងអស់នោះទៅជូនឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងនាមជាសេនាធិការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
ចំណែកឯបញ្ហាប្រជាពលរដ្ឋលើកជាសំណូមពរ ពាក់ព័ន្ធការធ្វើ អត្តសញ្ញាណប័ណ្ណនិងបញ្ហាផ្សេងៗដែលទាក់ទងនឹងដែនសមត្ថកិច្ចនគរបាល គឺស្នងការដ្ឋាននគរបាលខេត្តបានខិតខំយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋដោយស្រង់ឈ្មោះដើម្បីធ្វើជូនឱ្យបានទាន់ពេលវេលានិងការដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់។ ចំណែកឯបញ្ហាការអនុវត្តគោនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពតនារយៈពេលកន្លងមក គឺនៅក្នុងអង្កវេទិកានេះ ត្រូវបានទទួលការសារទរ និងលើកសរសើរពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នេះ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃសង្កាត់ក្រាំងអំពិល ក្រុងកំពតនេះ ក៏បានសាទរគាំទ្រ និងសំណូមពរចំពោះការបើកវេទិការសាធារណៈ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដូចពេលនេះឲ្យធ្វើឡើងបន្តបន្ទាប់លើកក្រោយៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់ លើកជាសំណើរ សំណូមពរបញ្ហាប្រឈមជូនដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋាន ជួយរកដំណោះស្រាយជូនពួកគាត់។
សូមបញ្ជាក់ថា ការធ្វើវេទកាសាធារណៈនេះឡើង គឺក្នុងគោលបំណង ដើម្បីស្វែងរកនូវសំណូមពរ បញ្ហាផ្សេងៗ នឹងដើម្បីរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសការជំរុញការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាននិមួយៗក្នុងខេត្តកំពត៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត