ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ឆ្នាំសិក្សា២០១៨-២០១៩នេះ នៅខេត្តកំពតសង្កេតឃើញថាមានលក្ខណៈកាន់តែល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ។ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ដូចនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមបើកវិញ្ញាសារថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជានាឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងនិងបានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៃការប្រឡងនៅមណ្ឌលប្រឡងអនុវិទ្យាល័យឌីប៉ុកមហាសាមគ្គីក្រុងកំពតខេត្តកំពតផងដែរ។
ឯឧត្តម ជាវ តាយ អភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះ បរិយាកាស នៃការប្រឡងសញ្ញាបត្តមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅដោយសង្កេតឃើញមានលក្ខណៈភាពរលូនកាន់តែល្អប្រសើរឡើងជាងបណ្ដាឆ្នាំកន្លងទៅ ស្របពេលដែលអាជ្ញាធរខេត្តកំពតបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយល្អទាំងមុនក៏ដូចក្នុងពេលដំណើរការប្រឡងព្រមទាំងមានអំណោយផលល្អពីធាតុអាកាសនៅខេត្តកំពតនាថ្ងៃប្រឡងដំបូងនេះមិនមានភ្លៀងដូចប៉ុន្មានថ្ងៃមុននៃការប្រឡងឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តបញ្ជាក់ថា៖ ការប្រសើរឡើងបែបនេះក៏បានឆ្លុះបញ្ចាំងអោយឃើញពីការយល់ដឹងរបស់ប្រជាពលរដ្ឋយើងក៏ដូចបេក្ខជនកាន់តែប្រសើរឡើងនិងចូលរួមគោរពព្រមទាំងអនុវត្តបានល្អ ពិសេសបេក្ខជននិងប្រជាពលរដ្ឋទូទៅ បានយល់កាន់តែច្បាស់អំពីការកំណែទម្រង់ លើវិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងអប់រំយុវជន និងកីឡា។
ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរ និងផ្ដាំផ្ញើដល់គណៈមេប្រយោគ ក៏ដូចបេក្ខជនប្រឡងសូមអោយមានការចូលរួមគោរពនិងអនុវត្តតាមបទបញ្ញត្តិដែលក្រសួងអប់រំយុវជន និងកីឡាបានកំណត់ណែនាំទាំងអស់គ្នា។ សំដៅរួមចំណែកធ្វើអោយវិស័យអប់រំនៅកម្ពុជាមានគុណភាពកាន់តែប្រសើរឡើងពោលអ្នកចេះគឺប្រឡងជាប់។
-សូមជំរាបថា៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវជ្ជាឆ្នាំសិក្សា២០១៨-២០១៩ មានរយៈពេល០២ថ្ងៃគឺសម័យប្រឡងពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ដែលបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងនោះរដ្ឋបាលខេត្តកំពតក៏មានការចូលរួមបើកវិញ្ញាសារពីថ្នាក់ដឹកខេត្តនៅតាមមណ្ឌលប្រឡងទាំង១០ក្នុងខេត្ត។
តាមរយៈមន្ទីរអប់រំយុវជននិងកីឡាខេត្ត អោយដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ មានបេក្ខជនចុះឈ្មោះដាក់ពាក្យប្រឡងចំនួន ៥,១៧៦នាក់ ក្នុងនោះស្រី ២,៦៤៨នាក់ មានមណ្ឌលប្រឡងចំនួន ១០ក្នុងនោះនៅក្នុងក្រុងកំពតចំនួន ០៨មណ្ឌល និងស្រុកទឹកឈូចំនួន ០២មណ្ឌលស្មើ ២០៨បន្ទប់៕
អត្ថបទៈ លោក សាយ យាវ