​វិថី​ម្ហូបអាហារ​និង​សមិទ្ធផល​ទេសចរណ៍​ថ្មី​ចំនួន​បី​ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មុន​ថ្ងៃបុណ្យ​សមុទ្រ​មកដល់​

​នៅមុន​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត ចាប់ផ្តើម​ដំណើរការ​មកដល់​។ ដើម្បី​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​ទេសចរណ៍​ដ៏​ធំ​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​និង​ប្លែង​អារម្មណ៍ និង​មាន​ភាពសប្បាយ​រីករាយ​បន្ថែមទៀត​នោះ​ វិថី​ម្ហូបអាហារ​និង​សមិទ្ធផល​ទេសចរណ៍​ថ្មី​ចំនួន​បី​ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​បរិយាកាស​សប្បាយរីករាយ​។​


​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រោម​វត្តមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ចូលរួម​ជា​អធិបតី​។​ ​ថ្លែង​នៅក្នុង​ពិធី​នោះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក ​សយ ស៊ី​ណុល បាន​លើកឡើងថា មន្ទីរ​ទេសចរណ៍​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ក្រុង​កំពត ក្រោម​ការ​ឧបត្ថម​គាំទ្រ​ពី ក្រសួងទេសចរណ៍ ​និងរដ្ឋបាលខេត្ត ព្រមទាំង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​បានរៀបចំ​ពិធី​ដាក់​ឲ្យ​ដំ​ណើរ​ការ​នូវ​វិថី​ម្ហូបអាហារ​ខេត្តកំពត អមដោយ​ការបើក​ឲ្យ​ប្រើប្រាស់​ផលិតផល​ទេសចរណ៍​ចំនួន​បី​ប្រភេទ​រួមមាន ទី​១. កញ្ចប់​ខ្សែ​ទស្សនកិច្ច​ខេត្តកំពត​, ២.​សេវា​រ៉ឺម៉ក​កង់​ទេសចរណ៍ និង​ទី​៣. ម្ហូបអាហារ​ប្រចាំខេត្ត​ពីរ​ប្រភេទ (​សម្លការី​ត្នោត​រស់​ជាតិ​ទុរេន និង​ញ៉ាំ​សា​រ៉ា​យ​សមុទ្រ​ម្រេច​ខ្ចី​)​។​


​លោក​ប្រធាន​បាន​បន្តថា សម្រាប់​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ ភ្ញៀវទេសចរ អាច​ទៅ​ទ​ស្សាន តាម​រមណីយដ្ឋាន និង​ដោល​ដៅ​ទេសចរណ៍​ចំនួន ១៧​ក​នែ្ល​ង សហគមន៍​ទេសចរណ៍​៤​ក​នែ្ល​ង និង​ផលិតផល​ថ្មីៗ​មួយចំនួនទៀត ។ ទេសចរ​ក៏​អាច​រក សេវាកម្ម​ផ្សេងៗ​ដែល​សរុប​ទាំងអស់​មាន​ចំនួន ៥៤៧​កន្លែង ក្នុងនោះ សេវា​ស្នាក់​នៅមាន​ចំនួន ២៦៤​កន្លែង ស​ណ្ឋោ​គារ​ចំនួន​១៥​កន្លែង​ស្មើនឹង ៩៦៩​បន្ទប់ ផ្ទះសំណាក់​ចំនួន ២៤៩​កន្លែង​ស្មើនឹង ២៦០១​បន្ទប់។ សេវា​ម្ហូបអាហារ​ចំនួន ១៩៣​កន្លែង និង​កន្លែង​កម្ស​ន្ត​សម្រាប់​មនុស្សពេញវ័យ ចំនួន ៤៤​កន្លែង ម៉ាស្សា​សុខភាព​ចំនួន ២៦​កន្លែង សេវា​ទូក​ដឹក​ភ្ញៀវទេសចរ​ចុំ​នួន ១៦​កន្លែង ការី​ទេសចរណ៍​ចំនួន ៤​កន្លែង ម​គ្គុ​ទ្ទេស​ទេសចរណ៍​ចំនួន ១៣៩​នាក់ ក្នុងនោះ​ម​គ្គុ​ទ្ទេស​សហគមន៍​ចំនួន ៤២​នាក់​។​


​ពិសេស​ជាងនេះទៅទៀត សម្រាប់​ពិធីបុណ្យ​សមុទ្រ​មានកម្ម​វិធី​សប្បាយ​ជាច្រើន​ទៀត ដូចជា ទស្សនាការ​សម្តែង​សិ​ល្បះ និង​របាំ​ប្រពៃណី​ល្បីៗ ល្ខោនបាសាក់ របស់​ម្ចាស់​ស្រុក និង​ការសម្តែង​សិ​ល្បះ​របស់​ភ្ញៀវ​អន្តរជាតិ ការ​រាំលេង​កម្សាន្ត​ជុំគ្នា ការដើរ​ទស្សនា និង​ទិញ​របស់របរ​ប្រើប្រាស់​ផ្សេងៗ ទទួលទាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​របស់​អ្នកស្រុក​កំពត​នៅ​វិថី​ម្ហូបអាហារ មើល​ការបាញ់​កាំ​ជ្រូក​ដ៏​អ​ច្ចា​រ្យ ដែលមាន​តម្លៃ​ដល់​ជាង​មួយ​ម៉ឺន​ដុល្លា ការប្រណាំង​កង់ ប្រណាំង​ម៉ូតូ​ទឹក រត់​ប្រ​ណាំង ការប្រកួត​លើក​ទម្ងន់​ស្វែងរក​បុរស​ខ្លាំង ពិសេស​ការប្រកួត​ប្រដាល់​ជើង​ឯង ដែលមាន​កីឡាករ​មេដាយមាស​ល្បីៗ របស់​កម្ពុជា និង​កីឡាករ​អន្តរជាតិ មកពី ថៃ ឥណ្ឌា អ៊ីរ៉ង ចិន បារាំង អូស្ត្រាលី ដែល​ការ​ប្រ​គួ​ត​ប្រដាល់​ធ្វើឡើង​រៀងរាល់​ល្ងាច នៅតាម​ដងព្រែក​ក្បែរ​សាលាខេត្ត​កំពត​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​