ពិធី​បើក​ការបោះ​ជំរំ​យុវជន​កាក​បាល​ក្រហម​នៅ​សហគមន៍​ត្រពាំង​សង្កែ​ខេត្តកំពត​

ក្រោម​កា​រៀបចំ​របស់​កាកបាទក្រហម​កម្ពុជា​និង​មាន​កិច្ចសហការ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​អាជ្ញាធរ​ខេត្តកំពត​។ កម្មវិធី​នៃ​ការបោះ​ជំរំ​យុវជន​កាកបាទក្រហម​ក្រោម​ប្រធានបទ “​យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបថ​ជា​វិជ្ជមាន​ដើម្បី​សុវត្ថិភាព​សហគមន៍​” ដែល​ធ្វើឡើង​នៅ​សហគមន៍​ត្រពាំង​សង្កែ​ ឃុំ​ត្រពាំង​សង្កែ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​ គឺមាន​រយៈពេល​បី​ថ្ងៃ ត្រូវបាន​ចាប់ផ្ដើម​ពី​ធី​បើក​កាលពី​វេលា​ល្ងាច​នា​ថ្ងៃទី​១៨ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​

​ពិធី​នេះ​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ផ្ដល់​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការរង​ទី​២​កាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​និង​លោកជំទាវ​ លាង ហៃ​ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត​ព្រមទាំង ប្រតិភូ​កាកបាទក្រហមកម្ពុជា​ម​ក​ពី​ថ្នាក់កណ្ដាល ​និង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្តកំពត​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​យុវជន​កាកបាទក្រហម​នាឱកាស​នោះ​ឯកឧត្តម​ ជាវ តា​យ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តកំពត​បាន​សំដែង​អំណរគុណ​និង​ការកោតសរសើរ​ដល់​កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុន សែន ​ដែល​បានរៀបចំ​ពិធី​ដ៏​មាន​សារៈប្រយោជន៍​នេះ​និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ប្រតិភូ​កាកបាទក្រហម និង​យុវជន​កាកបាទក្រហម​កម្ពុជា​មកពី​បណ្ដា​ខេត្ត​រាជធានី​និង​ខេត្ត​មួយចំនួន​នាឱកាស​នោះ​។ ដោយ​ក្នុងនោះ​រួមមាន​សាខា​កាកបាទក្រហម​ខេត្តកោះកុង​ខេត្ត​ព្រះសីហនុ​ខេត្តតាកែវ​ខេត្ត​កែប​ខេត្តកំពត​និង​រាជធានី​ភ្នំពេញ​ដែលមាន​យុវជន​សរុប​ចំនួន ​១០០​នាក់​។

ឯកឧត្តម ​ជាវ តា​យ ​បាន​រំលឹក​ឲ្យ​ដឹង​ពី​វឌ្ឍនភាព​រីកចម្រើន​នៃ​វិស័យ​ស្នូល​ទាំង ៤​របស់​កាកបាទក្រហម​កម្ពុជា ​ដែល​សាខា​កាកបាទក្រហម​ខេត្តកំពត​សម្រេចបាន​ក្នុង​ការជួយ​ជនរងគ្រោះ​ និង​ងាយ​រងគ្រោះ​នៅតាម​សហគមន៍​បាន​ទាន់​ពេល​វេលា ស្របតាម​ពាក្យស្លោក​(​កាកបាទក្រហម​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​មិន​ទុក​នរណាម្នាក់​ចោល​)​។​

ឯកឧត្តម យូ ឡា​ណា អគ្គលេខាធិការរង​ទី​២ កាកបាទក្រហមកម្ពុជា​ក៏បាន​មានប្រសាសន៍ សំដែង​ការកោតសរសើរ​ចំពោះ​សាខា​កាកបាទក្រហម​ខេត្តកំពត​និង​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​កិច្ចសហការ​យ៉ាង​យកចិត្ត​ក្នុង​បោះជំរុំ​របស់​យុវ​ជន​​កាកបាទក្រហម​កម្ពុជា​ពេលនេះ​។ ឯកឧត្ដម ក៏បាន​លើក​បញ្ជាក់​អោយដឹងថា​៖ តាម​មិ​យម​ន័យ​ជំរុំ​គឺជា​ជម្រក​បណ្ដោះអាសន្ន​មួយ​សម្រាប់​ស្នាក់នៅ​រយៈពេល​ខ្លី មធ្យម វែង​ ទៅតាម​កាលៈទេសៈ​និង​ទីកន្លែង​។ ​ការបោះ​ជំរុំ​គឺជា​វិធី​អប់រំ​មួយ​បែប​ដែល​ធ្វើអោយ​យុវជន​យុវនារី​ដែល​មកពី​កន្លែង​ផ្សេងៗ​គ្នា​អាច​រួម​រស់នៅ​ជាមួយគ្នា សាមគ្គី​ចេះ​ជួយ​គ្នា ផ្លាស់ប្ដូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។

​ការរស់នៅ​ក្នុង​ជំរំ​គឺ​អប់រំ​យុវជន​ឲ្យ​រៀន​រស់នៅ​ដោយ​ឯករាជ្យ ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ​បង្កើត​គំនិត​ច្នៃប្រឌិត​ស្វែងរក​ចំណេះដឹង​ថ្មីៗ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​។ ដោយឡែក​ជំរំ​យុវជន​កាកបាទ​ប្រ​ហម​កម្ពុ​ជានា​ថ្ងៃនេះ ​គឺជា​ការ​បើក​ឱកាស​​ឲ្យ​ក្មួយៗ​យុវជន​យើង ​បាន​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ធ្វើ​សកម្មភាព​រួមគ្នា​ ដើម្បី​បណ្ដុះ​ផ្នត់គំនិត​ស្មារតី​ស្រឡាញ់​វប្ប​ធ​ម៌​នៃ​ការចែករំលែក​ ស្រឡាញ់​ការងារ​សង្គម ​រួមចំណែក​កសាង ​និង​អភិវឌ្ឍ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​លើ​ឆាក​ជាតិ​និង​អន្តរជាតិ និង​លើសពីនេះទៅទៀត​ជំរំ​យុវជន​អាច​ផ្ដល់​ចំណេះដឹង​ថ្មីៗ ​និង​បទពិសោធន៍​ជាច្រើន​ក្នុងការ​កែប្រែ​ឥរិយាបថ​ប្រកបដោយ​ភាព​វិជ្ជមាន​ ដើម្បី​យុវជន​យើង​ក្លាយជា​កូន​ល្អ​ មិត្ត​ល្អ ​និង​ពលរដ្ឋ​ល្អ​នៅក្នុង​សង្គម​តាម​រយៈ​​វគ្គ​បណ្ដុះ​បណ្ដាល​​យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របៀប​ធ្វើការ​ងារ​ជា​ក្រុម​ការសហការ​គ្នា​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ជាដើម​។​

ជាមួយ​ឱកាស​នោះ​ឯកឧត្តម យូ ឡា​ណា បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​យុវជន​ត្រូវខិតខំ​រៀនសូត្រ​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​កម្ម​ភាព​ការងារ​សង្គម ​តាមរយៈ​កាកបាទក្រហមកម្ពុជា​ឲ្យ​កាន់តែ​ផុលផុស​បន្ថែមទៀត​។​ ​ដោយឡែក​កម្មវិធី​បោះជំរំ​នេះ​ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ប្រកបដោយ​ភាពជោគជ័យ​ និង​សំណូមពរ​ឱ្យ​ក្មួយៗ​មេត្តា​យកចិត្តទុកដាក់​នៅ​ចំណុច​មួយចំនួន ​រួមមាន​ការគោរព​ច្បាប់​ទំនៀមទម្លាប់​ប្រពៃណី​ និង​មាន​ក្រមសីលធម៌​ថ្លៃថ្នូរ​ក្នុងនាម​ជា​យុវជន​គំរូ ថែរក្សា​អនាម័យ​ចំពោះ​សុខភាព​ហូប​ស្អាត ផឹក​ស្អាត​ និង​រស់នៅ​ស្អាត​ និង​យកចិត្តទុកដាក់​គោរព​វិន័យ​បទបញ្ជាផ្ទៃក្នុង​ និង​គោលការណ៍​ណែនាំ​របស់​មន្ត្រី​ទីស្នាក់ការ​កណ្ដាល​ និង​ក្រុមការងារ​គ្រប់គ្រង​ជំរំ​ទាំងមូល​ និង​សូមឱ្យ​សមាជិកទាំងអស់ ​ចេះ​ជួយ​ថែរក្សា​នូវ​សុវត្ថិភាព​ក្នុងពេល​ស្នាក់នៅ ​ព្រមទាំង​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួលបាន​ចំណេះដឹង​ដែល​កម្មវិធីផ្ដល់ឱ្យ​នឹង​បន្ត​ចែករំលែក​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​